កម្ពុជា

ប្រវត្តិ​របស់​ខៀវ សំផន ភាគទី២

ខៀវ សំផន​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវប្រឈម​នឹង​ការជំនុំជម្រះ​នៅ​​តុលាការ​ខ្មែរក្រហម​
ខៀវ សំផន​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវប្រឈម​នឹង​ការជំនុំជម្រះ​នៅ​​តុលាការ​ខ្មែរក្រហម​ ©ECCC

ដូចលោកអ្នកស្តាប់​បាន​ជ្រាប​រួចមកហើយ​ថា ខៀវ សំផន ពេល​ត្រឡប់ពី​ប្រទេស​បារាំង​វិញ មិនបាន​ទៅ​ធ្វើការ​ឲ្យ​ក្រុម​កុម្មុយនិស្ត ដូចជា សាឡុត ស និង អៀង សារី នោះទេ។ ខៀវ សំផន បាន​ចូល​ប្រឡុក​ក្នុង​នយោបាយ ហើយ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត និង​ត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ ខៀវ សំផន បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​ចូលរួម​ជាមួយ​ពួក​ខ្មែរក្រហម នៅក្រោយ​ព្រឹត្តិការណ៍​បះបោរ​នៅ​ស្រុកសំឡូត ខែមេសា ឆ្នាំ​១៩៦៧។ នៅថ្ងៃនេះ សេង ឌីណា នឹង​រៀបរាប់​ពី​ប្រវត្តិ​របស់ ខៀវ សំផន ក្នុង​ជួរថ្នាក់ដឹកនាំ​ខ្មែរក្រហម។

ផ្សាយពាណិជ្ជកម្ម

 

នៅខែ​មេសា ឆ្នាំ​១៩៧៦ មួយឆ្នាំ​ក្រោយ​ពី​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច ខៀវ សំផន ត្រូវបាន​តែងតាំង​ឲ្យធ្វើ​ជា​ប្រមុខរដ្ឋ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​សម្តេច នរោត្តម សីហនុ ដែល​បាន​សុំ​លាឈប់​ពី​តំណែង។ ក្នុងពេល​គ្នានោះ ខៀវ សំផន ក៏​ត្រូវបាន​តែងតាំង​ឲ្យ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា​ផងដែរ។
 
នៅក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ​ នៅ​ឆ្នាំ​១៩៧៩ ខៀវ សំផន បាន​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស ប៉ុល ពត។ ខៀវ សំផន បាន​ចេញមុខ​តំណាង​ភាគី​ខ្មែរក្រហម ក្នុង​ការ​ចរចា​ជាមួយ​សម្តេច នរោត្តម សីហនុ និង សឺន សាន ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​មាន​ខ្មែរក្រហម ហ្វ៊ុនស៊ីនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាជន​ខ្មែរ។ នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ សម្តេច នរោត្តម សីហនុ តំណាង​ហ្វ៊ុនស៊ីនប៉ិច គឺជា​ប្រមុខរដ្ឋ សឺន សាន តំណាង​រណសិរ្ស​រំដោះ​ប្រជាជន​ខ្មែរ ជា​នាយករដ្ឋមន្រ្តី ហើយ ខៀវ សំផន តំណាង​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស។
 
នៅក្នុង​កិច្ចចរចា​ស្វែងរក​សន្តិភាព ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ខៀវ សំផន បាន​ចូលរួម ក្នុង​ឋានៈ​ជា​មេដឹកនាំ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​ភាគី​រដ្ឋកម្ពុជា និង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​បាន​បើកធ្វើ​នៅ​ទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ កញ្ញា ឆ្នាំ១៩៩០ ក្រុមប្រឹក្សាជាតិ​ជាន់ខ្ពស់ ត្រូវបាន​បង្កើតឡើង ដោយមាន​សមាជិក​១២រូប។ ៦រូប​មកពី​ភាគី​រដ្ឋកម្ពុជា និង​៦រូប​ទៀត មកពី​ភាគី​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី។ ភាគីនីមួយៗ​នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី បញ្ជូន​តំណាង​២រូប​របស់​ខ្លួន​ឲ្យមក​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នេះ។ ខៀវ សំផន និង សុន សេន គឺ​ជា​តំណាង​របស់​ភាគី​ខ្មែរក្រហម។
 
ក្រោយពេល​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​ចុះ នៅ​ទីក្រុង​ប៉ារីស ខៀវ សំផន រួមជាមួយ សុន សេន បាន​ធ្វើដំណើរ​ចូលមក​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ដើម្បី​បំពេញ​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់។ ក៏ប៉ុន្តែ គ្រាន់តែ​មកដល់​ភ្នំពេញ​ភ្លាម បាតុកម្ម​ដ៏ធំ​មួយ​បាន​ផ្ទុះឡើង ប្រឆាំង​នឹង ខៀវ សំផន និង សុន សេន។ បាតុកម្ម​នេះ​បានរាលដាល​ជា​អំពើ​ហិង្សា រហូត​បាន​បណ្តាល​ឲ្យ​ ខៀវ សំផន ទទួល​រង​របួស​នៅត្រង់​ក្បាល។ ដោយមាន​អន្តរាគមន៍​ពី​សំណាក់​លោក ហ៊ុន សែន ដែល​ពេលនោះ​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋកម្ពុជា ខៀវ​ សំផន និង សុន សេន ត្រូវបាន​ជម្លៀស​តាម​រថពាសដែក ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ពោធិចិនតុង នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ឡើង​យន្តហោះ ចាកចេញ​ពីភ្នំពេញ ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។
 
ក្រោយពេល​ដែល​ក្រុម​ខ្មែរក្រហម​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ១៩៩៣ ខៀវ សំផន នៅតែ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជាធិបតេយ្យ​ដដែល។ ប៉ុន្តែ ពេលនោះ ក្រុម​ខ្មែរក្រហម​បាន​ក្លាយ​ទៅជា​ក្រុម​ឧទ្ទាម ដែល​នៅ​ក្រៅ​ច្បាប់។​
 
នៅឆ្នាំ១៩៩៨ ខៀវ សំផន បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ហើយ​បាន​រស់នៅ​ជា​ប្រជាជន​សាមញ្ញ​មួយរូប នៅ​ទីក្រុង​ប៉ៃលិន ដែលជា​អតីត​ទីតាំង​របស់​ខ្មែរក្រហម។ នៅ ក្រោយពេល​ដែល​សភា​កម្ពុជា​អនុម័ត​ច្បាប់​បង្កើត​តុលាការ​ពិសេស ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន បាន​ចេញផ្សាយ​នូវ​លិខិតចំហ​ចំនួន​ពីរច្បាប់ និង​បាន​សរសេរ​សៀវភៅ​ចំនួន​ពីរក្បាល ក្នុងគោលដៅ​ បញ្ជាក់​ពី​ការ​មិនជាប់​ពាក់ព័ន្ធ​ទៅនឹង​បទឧក្រិដ្ឋ​នានា ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅពេល​ដែល​ពួក​ខ្មែរក្រហម​កាន់អំណាច ហើយ​ព្យាយាម​ទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​ ប៉ុល ពត តែ​ម្នាក់ឯង។
 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ខៀវ សំផន បានអះអាង​ថា គាត់​​រត់​ទៅ​ចូលរួម​​តស៊ូ​ជាមួយ​ពួកខ្មែរក្រហម គឺ​ធ្វើ​ដោយ​បង្ខំចិត្ត​តែប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ជួរថ្នាក់ដឹកនាំ​របស់​ខ្មែរក្រហម គាត់​គ្មាន​តួនាទី​ដឹកនាំ​អ្វី​ទាំងអស់។
 
ប៉ុន្តែ ទោះជា​យ៉ាងណា ខៀវ សំផន ធ្លាប់បាន​អះអាង​ម្តងហើយ​ ម្តងទៀត​ថា គាត់​មិនខ្លាច​ការ​កាត់ទោស ពី​សំណាក់​តុលាការ​ខ្មែរក្រហម​ទេ។ ក៏ប៉ុន្តែ នៅ​ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ មួយថ្ងៃ​ក្រោយពី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីររូប គឺ អៀង សារី និង អៀង ធីរិទ្ធិ ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ចាប់ខ្លួន ខៀវ សំផន ត្រូវបាន​គេ​អះអាង​ថា​បាន​តក់ស្លុត​ រហូតដល់​ធ្លាក់ខ្លួន​ឈឺ​ ហើយ​ត្រូវបាន​រដ្ឋាភិបាល​ដឹកតាម​ឧទ្ធម្ភាគចក្រ​យក​មក​ព្យាបាល​ នៅ​ទីក្រុង​ភ្នំពេញ។
 
មួយសប្តាហ៍​ក្រោយមក ពោលគឺ នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ខៀវ សំផន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាមដីកា​របស់​តុលាការ​ខ្មែរក្រហម ហើយ​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។ ខៀវ សំផន បាន​ជ្រើសរើស​មេធាវី​ពីររូប​ឲ្យ​ការពារ​គាត់ គឺ បណ្ឌិត សាយ បូរី អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ជា​អតីត​ប្រធាន​គណៈមេធាវី​កម្ពុជា និង​មួយរូប​ទៀត គឺលោក Jacques Vergès មេធាវី​ជនជាតិ​បារាំង ដែល​ល្បីល្បាញ​ខាង​ការពារ​ឧក្រិដ្ឋជន​សង្រ្គាម និង​ភេរវជន។ មេធាវី​ទាំងពីរ​រូប​នេះ គឺ ខៀវ សំផន ខ្លួនឯង​ជា​អ្នកសម្រិតសម្រាំង​​ជ្រើសរើស​ដោយខ្លួនឯង តាំងពី​មុនពេល​ ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​ទៅទៀត។
 

នៅក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម ដែល​ត្រូវបាន​តុលាការ​ពិសេស ធ្វើការ​ចោទប្រកាន់ គេ​រំពឹង​ថា ការ​ជំនុំជម្រះ​លើ ខៀវ សំផន នឹងជា​ដំណើរការ​ស្វិតស្វាញ​ជាងគេ ព្រោះ​តែ​គាត់​មាន​មេធាវី​ជំនាញ​ខាង​ការពារ​ឧក្រិដ្ឋជន​សង្រ្គាម។ ប៉ុន្តែ នៅទីបំផុត ខៀវ សំផន ជា​មនុស្ស​មាន ឬ​គ្មានទោស គឺ​ជា​សេចក្តីសម្រេច​របស់​ចៅក្រម​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI