ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការចងចាំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ជា​មេរៀន​សម្រាប់​អ្នកនយោបាយ​ខ្មែរ

សំឡេង ០៤:២៨
ស្រ្តី​កម្ពុជា​ដែល​មាន​សាច់ញាតិ​ស្លាប់​នៅក្នុង​គុក​ទួលស្លែង
ស្រ្តី​កម្ពុជា​ដែល​មាន​សាច់ញាតិ​ស្លាប់​នៅក្នុង​គុក​ទួលស្លែង ©Reuters

កាលពី​ថ្ងៃ​ម្សិលមិញ ​ក្រសួង​វប្បធម៌​បាន​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​បណ្ណសារ​នៃ​ សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក។ ​រាល់​ឯកសារ​ស្តីពី​អំពើ​ទារុណកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ​មក​លើ​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​ពិភពលោក​កត់ត្រា​ទុក​ជា​ការចងចាំ​ដ៏​សោកសៅ​ក្នុង​ប្រវត្តិសាស្ត្រ ​មនុស្ស​ជាតិ។ ​ទួលស្លែង​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​មន្ទីរ​ឃុំឃាំង​ជាច្រើន​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​កាល​ពី ​សម័យ​ខ្មែរក្រហម។ ​តើ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ទាំងនេះ ​គួរ​ជា​ការ​ចងចាំ​អ្វី​ខ្លះ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ?

ផ្សាយពាណិជ្ជកម្ម

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ត្រូវ​បាន​អង្គការ​យូណេស្កូ ចុះ​​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក កាលពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០០៩។ ​បណ្ណសារ​ស្តីពី​អំពី​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ត្រូវ​បាន​គេ​ចារឹក​ទុក​ជា​ការចងចាំ​របស់​មនុស្សជាតិ អំពី​ការឈឺចាប់​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម។

 
ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ការដួល​រលំ​នៃ​របប​នេះ ស្លាកស្នាម​ប្រវត្តិសាស្ត្រ​កំពុង​ស្ថិត​នៅ​ជ្រងោៗ​ចំពោះ​មុខ​ជនរងគ្រោះ​ខ្មែរ។ ​អដ្ឋិធាតុ​អ្នក​ស្លាប់ និង​ទីកន្លែង​ទារុណកម្ម​នានា​នៅ​តែ​ជា​ភស្តុតាង​បញ្ជាក់​ពី​ការឈឺចាប់​មិន​ទាន់​បាត់​នៅ​ឡើយ។ ​រី​ឯ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​៤​នាក់​កំពុង​តែ​រង់ចាំ​ការ​កាត់ទោស​ក្នុង​សំណុំ​រឿង​០០២។ ​ទាំងនេះ​ជា​បច្ចុប្បន្នភាព​នៃ​របប​ខ្មែរក្រហម​ដែល​នៅ​តែ​លង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនងាយរលុប។ ​ទុក្ខសោក​របស់​ខ្មែរ​ត្រូវ​បាន​ចែករំលែក​ដោយ​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក។ ​ការ​ដាក់​បញ្ចូល​បណ្ណសារ​នៃ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ទៅ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក គឺ​ជា​តឹកតាង​មួយ។
 
ប៉ុន្តែ ​ខណៈ​ពេល​ដែល​ពលរដ្ឋខ្មែរ​ និង​មនុស្សជាតិ​ក្នុង​ពិភពលោក​កំពុង​ស្លុង​អារម្មណ៍ ទៅ​ក្នុង​អតីតកាល​ថ្មីៗ​ដ៏​ឈឺចាប់​របស់​កម្ពុជា ​អ្នក​នយោបាយ​ខ្មែរ​មួយចំនួន​ហាក់​ចង់​ភ្លេច​រឿង​នេះ​ទៅ​វិញ។ ​ពេល​ខ្លះ​ពួកគេ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រឺស្ញើប​ម្តងៗ ​ដោយសារ​តែ​ជម្លោះ​នយោបាយ​ដ៏​ស្រួចស្រាល់ ដែល​ងាយ​នឹង​រអិល​ធ្លាក់​ទៅ​ក្នុង​គន្លង​ចាស់​ម្តង​ទៀត។
 
ដោយ​រាប់​ចាប់ពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ​មាន​ព្រឹត្តិការណ៍​ព្រឺស្ញើប​មួយចំនួន​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ​ការ​ផ្ទុះ​អាវុធ​កណ្តាល​ទីក្រុង រវាង​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ កាលពី​ថ្ងៃ​ទី​៥ និង​៦​កក្កដា​ឆ្នាំ​១៩៩៧ ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ស្រក់​ទឹកភ្នែក​ដោយក្តី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ពីព្រោះ​តែ​ពួកគេ​ហាក់​មាន​អារម្មណ៍​ថា ​អ្នកនយោបាយ​ខ្មែរ​ប្រហែល​ជា​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​បាន​សុខស្ងប់​យូរ​អង្វែង​ឡើយ។​ ទោះបី​ជា ​សភាពការណ៍​អាក្រក់​នេះ​បាន​ផុត​រលត់​ទៅ​វិញ យ៉ាង​ឆាប់​រហ័ស​ ក៏ប៉ុន្តែ​ វា​ក៏​បាន​បន្សល់​ទុក​ស្លាកស្នាម​ឈឺចាប់​ថ្មី​ដល់​គ្រួសារ​ខ្មែរ​មួយចំនួន​ទៀត​បន្ថែម​ពី​លើ​របប​ខ្មែរក្រហម។
 
ភាព​វឹកវរ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៨​ ក៏​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ព្រឺខ្លាច​មួយ​ទៀត​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ដ៏​អភ័ព្វ​មួយ​នេះ។ ​បច្ចុប្បន្ន ​ជម្លោះ​នយោបាយ​កំពុង​ឡើង​កម្តៅ​ជាថ្មី​រវាង​គណបក្ស​កាន់អំណាច​ជាមួយ​គណបក្ស​ប្រឆាំង​សម រង្ស៊ី។ ​ជម្លោះ​ដែល​គ្មាន​ច្រក​ចេញ​នេះ​បាន​រុញច្រាន​ឲ្យ​ភាគី​នីមួយៗ​ដំឡើង​សរសៃ ក ដាក់​គ្នា​កាន់​តែ​ខ្លាំង។​ ពី​ក្រៅ​ប្រទេស​ លោក​សម រង្ស៊ី​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ចង់ផ្លាស់​ប្តូរ​រដ្ឋាភិបាល។ ចុង​ក្រោយ​នេះ​ មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ឈាន​រហូត ដល់​ការ​បំផុស​អំពី​លទ្ធភាព​នៃ​ចលនា​មហាជន​តាម​គំរូ«បដិវត្តន៍ផ្កាម្លិះ» ​ដូច​នៅ​ប្រទេស​ទុយនីស៊ី​ទៀត​ផង។
 
ការ​បំផុស​បែប​នេះ​បាន​ទទួល​តប​វិញ​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ទុក​ជា​មុន​ថា នឹង​ប្រើ​ប្រាស់​កម្លាំង​មហាជន​​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​តបត ​ក៏​ដូចជា​ប្រើប្រាស់​កម្លាំង​របស់​រដ្ឋាភិបាល ក្នុងការបង្ក្រាប​ក្រុម​អ្នក​បះបោរ​ណា​មួយ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ ​បញ្ហា​នេះ​ក៏​ស្តាប់​ទៅ​គួរ​ឲ្យ​ព្រឺស្ញើប​ណាស់​ដែរ ពី​ព្រោះ​ថា ការ​ឆ្លើយឆ្លង​គ្នា​អំពី​រឿង​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ស្រមៃ​ឃើញ​អំពី​ឈុតឆាក​នៃ​ការបង្ហូរ​ឈាម ដែល​គ្មាន​ពលរដ្ឋខ្មែរ​ណា​ម្នាក់​ប្រាថ្នា​ចង់​ឃើញ​ទៀត​ឡើយ។
 
សម្រាប់​ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា ​វិធី​ដ៏​សមស្រប​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ​នៅ​កម្ពុជា គឺការ​ប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី ពោល​គឺ​គ្មាន​អ្វី​ក្រៅពី​ការ​បោះឆ្នោត​ឡើយ។ ​ក្នុង​ន័យ​នេះ ​ការ​ផ្តោត​ទៅ​លើ​ភាព​សេរី និង​យុត្តិធម៌​នៃ​ដំណើរការ​បោះឆ្នោត​ប្រហែល​ជា​រឿង​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ​មាន​តែ​វិធី​នេះទេ​ដែល​អាច​បញ្ចៀស​មិន​ឲ្យ​ឈាម​ខ្មែរ​ហូរ​ជា​ថ្មី​ទៀត​បាន។ ​ម្យ៉ាងទៀត​ការ​រំលឹក​ការចងចាំ​ជារឿយៗ​នៃ​របប​ខ្មែរក្រហម​ជា​វិធី​ល្អ​បំផុត​សម្រាប់​ជួយ​តម្រែតម្រង់​ចិត្ត​អ្នកនយោបាយ​ខ្មែរ​ឲ្យ​ងាក​ចេញ​ពី​គន្លង​ចាស់ និង​ឲ្យ​ចេះ​ថ្នាក់ថ្មម​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ជួប​រឿង​ទុក្ខសោក​ជាថ្មី​ទោះ​ជា​ក្នុង​រូបភាព​ណា​ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI