គណៈប្រតិភូខ្មែរត្រឡប់មកពីកិច្ចប្រជុំស្តីពីការគ្រប់គ្រងប្រាសាទព្រះវិហារនៅក្នុងប្រទេសប្រេស៊ីលវិញហើយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈប្រតិភូខ្មែរត្រឡប់មកពីកិច្ចប្រជុំស្ដីពីការគ្រប់គ្រង ប្រាសាទព្រះវិហារនៅក្នុងប្រទេសប្រេស៊ីលវិញហើយនៅថ្ងៃសៅរ៍នេះ។ បន្ទាប់ពីមកដល់ភ្លាម លោក សុខ អាន ប្រធានគណៈប្រតិភូខ្មែរនិងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសថា ប្រទេសកម្ពុជាទទួលបានជ័យជំនះនៅក្នុងបេសកកម្មផែនការគ្រប់គ្រង អភិវឌ្ឍនិងនិងអភិរក្សតំបន់ប្រាសាទព្រះវិហារ។
បទអន្តរាគមន៍របស់ គី សុខលីម
គណៈប្រតិភូខ្មែរដែលទៅចូលរួមកិច្ចប្រជុំលើកទី៣៤នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសប្រេស៊ីលស្ដីពីការគ្រប់គ្រងប្រាសាទព្រះវិហារ បានត្រលប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃសៅរ៍នេះ។ លោក សុខ អាន ប្រធានគណៈប្រតិភូខ្មែរនិងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ប្រទេសកម្ពុជាទទួលបានជ័យជំនះនៅក្នុងបេសកកម្មផែនការគ្រប់គ្រងអភិវឌ្ឍន៍និងអភិរក្សតំបន់ប្រាសាទព្រះវិហារ។
ពាក្យជ័យជំនះដែលលោក សុខ អាន ប្រកាសជាថ្មីម្តងទៀតនេះគឺដោយសារ ផែនការគ្រប់គ្រង អភិវឌ្ឍន៍និងអភិរក្សតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានទទួលយកដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក យូណេស្កូ ក្នុងកិច្ចប្រជុំក្នុងប្រទេសប្រេស៊ីលកាលពីពេលកន្លងមកនេះ។ លោក សុខ អាន បានបន្តទៀតថា អ្នកច្បាប់ម្នាក់បានប្រាប់រូបលោកថា កម្ពុជាមិនមែនគ្រាន់តែទទួលជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែនេះវាជាមហាជោគជ័យ។ លោក សុខ អាន បាននិយាយចំអកថា ភាគីថៃទទួលបរាជ័យហើយថៃកំពុងតែកុហកខ្លួនឯង។
លោក សុខ អាន រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានលម្អិតបញ្ជាក់ថា ផែនការសំខាន់ៗក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារជារួមមាន ៖ទី១ ការការពារនិងវាយតម្លៃអំពីប្រាសាទ។ ទី២ ៖ ការធ្វើអោយប្រាសាទចេញពីភាពឯកោនិងដាច់ស្រយាលតាមរយៈការរៀបចំតភ្ជាប់បណ្ដាញផ្លូវថ្នល់។ ទី៣ ៖ ការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច និងការកសាងជណ្ដើរអំពីឈើដែលស្ថិតនៅទិសខាងកើតប្រាសាទ។ ទី៤ ការរកឃើញបារាយណ៍ចំនួនបីដែលជាអាងស្តុកទឹកដ៏ធំកសាងក្នុងសម័យបុរាណ។ ទី៥៖ ការបង្កើតលំនៅឋានថ្មីដែលមានទស្សនទានបរិស្ថាននិងឆ្លើយតបទៅនឹងតម្រូវការសង្គមដូចជាការបង្កើតភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅចំងាយប្រមាណជា២០គ.ម.ភាគខាងត្បូងនៃប្រាសាទ។ ទី៦ ៖ ការកសាងសារមន្ទីរសំយោគដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិធម្មជាតិនេះ។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរធម្មជាតិសាកល។
ទាក់ទងទៅនឹងស្ថានភាពនៅតាមព្រំដែននៅថ្ងៃនេះ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃនេះថា ស្ថានភាពនៅតាមព្រំដែនគឺមានសភាពធម្មតាមិនមានអ្វីកើតឡើងទេ។ ប៉ុន្តែកងទ័ពរបស់កម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រុងជើងការជារៀងរហូត។
ចំពោះក្រុមអាវលឿងដែលមានបំណងចង់មកតវ៉ាក្នុងខេត្តស៊ីសាកេតក្បែរប្រាសាទព្រះវិហារនោះ លោក ទិត្យ សុធា បានបញ្ជាក់ថា ពួកនេះបានសម្រេចចិត្តប្ដូរទិសដៅក្នុងការដង្ហែក្បួនរបស់ពួកគេវិញហើយ ពីព្រោះអាជ្ញាធររបស់ថៃខ្លួនឯងបានទប់ស្កាត់សកម្មភាពក្រុមជ្រុលនិយមមួយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ