សាលាក្តីខ្មែរក្រហមព្រមានមេធាវីអន្តរជាតិរបស់ នួន ជា ពីកំហុសវិជ្ជាជីវៈ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាលាក្តីខ្មែរក្រហមបានចេញសេចក្តីសម្រេចមួយនៅចុងសប្តាហ៍នេះស្តីពីកំហុសវិជ្ជាជីវៈរបស់មេធាវីអន្តរជាតិ២នាក់ដែលការពារក្តីឲ្យនួនជា គឺលោកមេធាវី Michiel PESTMAN និងលោកAndrew IANUZZI។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩មិថុនាម្សិលមិញដោយលើកឡើងពីកំហុសវិជ្ជាជីវៈជាច្រើនរបស់មេធាវីទាំងពីរ និងចាត់ទុកជាការព្រមានជាសាធារណៈចំពោះពួកគេ។
បន្ទាប់ពីបានទទួលការព្រមានដោយផ្ទាល់មាត់នៅក្នុងតុលាការ កាលពីថ្ងៃទី២១ ខែមិថុនា រួចមក មេធាវីអន្តរជាតិពីររូបដែលការពារក្តីឲ្យ នួន ជា គឺលោក Michiel PESTMAN និងលោក Andrew IANUZZI ត្រូវបានសាលាក្តីខ្មែរក្រហមសម្រេច កាលពីថ្ងៃទី២៩មិថុនាម្សិលមិញផ្សព្វផ្សាយការព្រមានជាសាធារណៈអំពីកំហុសវិជ្ជាជីវៈរបស់ពួកគេ។ កំហុសវិជ្ជាជីវៈទាំងនោះរួមមាន ការនិយាយស្តី និងការប្រព្រឹត្តិដោយគ្មានការគោរពចំពោះតុលាការ និងការបង្អាក់កិច្ចដំណើរការនីតិវិធីសវនាការ នៅក្នុងសំណុំរឿង០០២, ការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានសម្ងាត់នានាដោយគ្មានការអនុញ្ញាតិ រួមទាំងការផ្សាយក្នុងសារព័ត៌មានផងដែរ។ ក្រៅពីនោះ ការមិនគោរពបទបញ្ញត្តិនានា នៃក្របខ័ណ្ឌគតិយុត្តិរបស់សាលាក្តី និងសេចក្តីបង្គាប់នានារបស់អង្គជំនុំជម្រះសាលាដំបូង ដែលធ្វើឡើងដើម្បីការពារសិទ្ធិរបស់ជនជាប់ចោទ នួន ជា។
សាលាក្តីបានចាត់ទុកការប្រព្រឹត្តិទាំងនោះថា មានកម្រិតទាបជាងបទដ្ឋានវិជ្ជាជីវៈ និងមិនស្របជាមួយនឹងបទដ្ឋានដែលមានការទទួលស្គាល់ ក៏ដូចជាមិនស្របនឹងក្រមសីលធម៌វិជ្ជាជីវៈផ្នែកច្បាប់របស់មេធាវីទៀតផង។ បទដ្ឋានទាំងនោះ រួមមាន ការគោរពយ៉ាងត្រឹមត្រូវចំពោះស្ថាប័នយុត្តិធម៌ ក៏ដូចជា ការគោរពចំពោះជនរងគ្រោះ ដោយសារឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរជាដើម។ សាលាក្តីខ្មែរក្រហមបាន សម្តែងការសោកស្តាយថា មេធាវីអន្តរជាតិ ដែលត្រូវបានផ្តល់ថវិកាដោយអង្គការសហប្រជាជាតិ ហើយដែលត្រូវគេរំពឹងថា នឹងបង្ហាញឲ្យឃើញនូវបទដ្ឋានអន្តរជាតិកម្រិតខ្ពស់បំផុតមួយ ក្នុងការរួមចំណែកដល់ការកសាងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៅក្នុងសម័យខ្មែរក្រហមនោះបែរជាប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈទៅវិញ។
កំហុសវិជ្ជាជីវៈដែលកើតមានញឹកញាប់ជាងគេ គឺពាក់ព័ន្ធនឹងការផ្សាយឯកសារសម្ងាត់របស់តុលាការឲ្យទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅមុនពេលដាក់ឯកសារនោះ ទៅមុខតុលាការទៅទៀត។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងផ្សព្វផ្សាយឯកសារផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតិ ឬដែលមិនសមស្របសម្រាប់ចេញផ្សាយជាសាធារណៈទៀតផង។ នេះបើយោងតាមការលើកឡើងរបស់សាលាក្តីខ្មែរក្រហម។ មេធាវីទាំងពីរត្រូវគេព្រមានថា អាចទទួលទណ្ឌកម្ម ឬមិនឲ្យចូលរួមសវនាការប្រសិនបើពួកគេមិនយកចិត្តទុកដាក់ចំពោះការព្រមាននេះ។
ការព្រមាននេះក៏ត្រូវបានជូនដំណឹងផងដែរទៅគណៈមេធាវីទីក្រុង Amsterdam និងគណៈមេធាវីទីក្រុង New York ដែលលោក Michiel PESTMAN និងលោក Andrew IANUZZI ជាសមាជិកផងដែរ ដើម្បីឲ្យគណៈមេធាវីទាំងពីរនោះដឹងពីកំហុសវិជ្ជាជីវៈនេះ និងចាត់វិធានការសមស្របចំពោះសមាជិករបស់ខ្លួនទាំងពីរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានគេជូនដំណឹងពីអង្គហេតុនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ