តំណាងដើមបណ្តឹងរដ្ឋប្បវេណីដាក់សំណើបន្ទាន់សុំសិទ្ធិថ្លែងបើកសវនាការ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហមេធាវីនាំមុខដែលជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហមបានដាក់សំណើបន្ទាន់មួយកាលពីល្ងាចថ្ងៃពុធទី០៨តុលាទៅកាន់អង្គជំនុំជម្រះសាលាដំបូងដើម្បីទាមទារសិទ្ធិថ្លែងដោយសង្ខេបនៅពេលបើកសវនាការ។ សំណើនេះបានធ្វើឡើងខណៈដែលសាលាក្តីគ្រោងបើកសវនាការលើអង្គសេចក្តីសំណុំរឿង ០០២ វគ្គទី២ ដែលគ្រោងបើកធ្វើនៅថ្ងៃទី ១៧ តុលានេះ។
សហមេធាវីនាំមុខដែលតំណាងដោយលោកមេធាវី ពេជ្រ អង្គ និងលោកស្រី Marie GUIRAUD បានដាក់សំណើបន្ទាន់នេះទៅកាន់អង្គជំនុះជម្រះសាលាដំបូងដោយពួកគេយល់ថា តំណាងដើមបណ្តឹងរដ្ឋប្បវេណីគួរតែមានសិទ្ធិថ្លែងក្នុងពេលបើកសវនាការដូចសហព្រះរាជអាជ្ញាដែរ។
លោកមេធាវី ពេជ្រ អង្គ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការបិទសិទ្ធិដើមបណ្តឹងរដ្ឋប្បវេណីមិនឲ្យថ្លែងការណ៍នៅពេលបើកសវនាការមានន័យថាដើមបណ្តឹងរដ្ឋប្បវេណីគ្មានសិទ្ធិពេញលេញក្នុងសវនាការនេះទេ។ នេះមិនមែនជាលើកដំបូងទេដែលតំណាងដើមបណ្តឹងរដ្ឋប្បវេណីទាមទារសិទ្ធិថ្លែងដោយសង្ខេបក្នុងពេលបើកសវនាការ ប៉ុន្តែ រាល់លើក សំណើរបស់ពួកគេត្រូវបានបដិសេធ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានពន្យល់ថា វិធានផ្ទៃក្នុងរបស់សាលាក្តីនេះបានតម្រូវឲ្យភាគីសហព្រះរាជអាជ្ញាជាអ្នកធ្វើសេចក្តីសន្និដ្ឋានពីបទចោទប្រកាន់នៅពេលបើកសវនាការ។ យ៉ាងណាក៏ដោយ លោកអះអាងថា ភាគីនីមួយៗមានពេលវេលាស្មើគ្នាក្នុងការជជែកដេញដោលក្នុងអំឡុងពេលនៃសវនាការ។
នៅមិនទាន់មានសេចក្តីសម្រេចយ៉ាងណាអំពីសំណើរបស់ក្រុមតំណាងដើម្បបណ្តឹងរដ្ឋប្បវេណីនេះនៅឡើយទេ។ លោក ពេជ្រ អង្គ អះអាងថា លោកមិនសូវមានសុទិដ្ឋនិយមទេថានឹងមានចម្លើយជាវិជ្ជមានចំពោះសំណើនេះ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ភាគីដើមបណ្តឹងរដ្ឋប្បវេណីនឹងនៅតែចូលរួមក្នុងដំណើរការសវនាការនេះ។
សវនាការសំណុំរឿង ០០២ វគ្គទី២ គ្រោងបើកធ្វើនៅថ្ងៃទី១៧តុលានេះដោយមានជនជាប់ចោទពីររូបគឺអតីតបងធំទី២ នួន ជា និង អតីតប្រមុខរដ្ឋ ខៀវ សំផន។ ជនជាប់ចោទទាំងពីរត្រូវបានសាលាក្តីផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងហើយក្នុងសំណុំរឿង ០០២ វគ្គទី១ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងការជម្លៀសប្រជាជនដោយបង្ខំចេញពីភ្នំពេញនិងទីប្រជុំជន និងការសម្លាប់អតីតទាហាម លន់ នល់ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់។
សវនាការសំណុំរឿង ០០២ វគ្គទី២ នឹងផ្តោតលើបទឧក្រិដ្ឋកម្មប្រល័យពីជសាសន៍ទៅលើជនជាតិចាម និងជនជាតិវៀតណាម ព្រមទាំងការងារដោយបង្ខំក្នុងសហករណ៍នៃរបបខ្មែរក្រហម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ