អង្គការសមាគមខ្មែរកម្ពុជាក្រោម ជួបជុំរម្លឹកទិវាតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងជួបជុំរម្លឹកខួបទី ៣៧ឆ្នាំ ថ្ងៃ១៦វិច្ឆិកា ឆ្នាំ១៩៧៦ ដែលជាថ្ងៃតស៊ូទាមទារសិទ្ធិសេរីភាពពីវៀតណាម ដើម្បីសម្រេចវាសនាខ្លួនឯង លើទឹកដីកម្ពុជាក្រោម។ ពិធីជួបជុំនោះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៦វិច្ឆិកា នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជា ក្នុងនាមជាអង្គការសមាគមចំនួន ១២ នឹងជួបជុំប្រារព្ធពិធីរំឭកខួបទី៣៧ឆ្នាំ ទិវាតស៊ូរបស់ខ្មែរកម្ពុជាក្រោម ក្នុងការទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ១៩៧៦-ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១៣។
ពិធីជួបជុំនេះនឹងធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ទី១៦វិច្ឆិកា នៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាស ក្នុងពិធីជួបជុំនោះ ជនរងគ្រោះនឹងរៀបរាប់រម្លឹកពីព្រឹត្តិការណ៍ប៉ះទង្គិច រវាងក្រុមអ្នកតស៊ូខ្មែរក្រោម និងកងកម្លាំងនៃរដ្ឋអំណាចវៀតណាម នៅឆ្នាំ១៩៧៦ ដែលនាំឲ្យមានការចាប់ខ្លួន និងសម្លាប់ពលរដ្ឋខ្មែរក្រោមជាច្រើន រួមទាំងអាចារ្យ ហែម ជៀវ ជាដើម។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ពិធីរម្លឹកដល់ថ្ងៃតស៊ូរបស់ខ្មែរកម្ពុជាក្រោម ក្នុងការទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចវៀតណាម នៅថ្ងៃ១៦វិច្ឆិកា នៅឆ្នាំនេះ ប្រារព្ធឡើងធំជាងឆ្នាំមុន។ គោលបំណង ដើម្បីរម្លឹកពីគុណូបក្ការៈរបស់បុព្វបុរសខ្មែរ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម។
រហូតដល់សព្វថ្ងៃនេះ ព្រះតេជគុណ សៀង សុវណ្ណារ៉ា បានលើកឡើងថា ស្ថានភាពពលរដ្ឋខ្មែរ រស់លើទឹកដីកម្ពុជាក្រោម មិនមានសិទ្ធិពេញលេញទេ ដូចជា ការសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបានលុបបំបាត់ ការគោរពជំនឿសាសនា វប្បធម៌ ប្រពៃណី ក៏ត្រូវរឹតត្បិត។ ថ្មីៗនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមួយចំនួន ក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងកាត់ទោសដាក់ពន្ធនាគារថែមទៀត។
ទឹកដីកម្ពុជាក្រោម ត្រូវបានអាណានិគមបារាំង កាត់ឲ្យវៀតណាម នៅថ្ងៃទី៤មិថុនា ឆ្នាំ១៩៤៩ ដែលឥឡូវនេះ ជាទឹកដីភាគខាងត្បូងរបស់ប្រទេសវៀតណាម។ វៀតណាម បានចាត់ទុកពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិភាគតិច ដែលរស់នៅលើទឹកដីវៀតណាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ