អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​ត្រូវ​កសាង​ជំនឿ​លើ​ខ្លួនឯង​និង​លុបបំបាត់​វប្បធម៌​ពឹង​លើ​បរទេស!

សំឡេង ០៥:១០
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ Siv Channa/RFI
ដោយ៖ ប៉ែន បូណា
២៨ នាទី

វត្តមាន​របស់​លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី ​នៅលើ​ទឹកដី​កម្ពុជា​ពេល​នេះ​គឺជា​ភស្តុតាង​ថ្មី​ទៀត​ដែល​បង្ហាញ​ថា ​ខ្មែរ​កំពុង​បាត់បង់​ជំនឿ​លើ​ខ្លួនឯង​និង​នៅ​តែ​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ខ្លួន។​ នេះ​មិន​មែន​ជារឿង​ថ្មី​ទេ​ ប៉ុន្តែ ​វា​ជារឿង​ដែល​គួរតែ​ពិចារណា​ដើម្បី​រិះរក​មធ្យោបាយ​ពង្រឹង​ជំនឿ​មកលើ​ខ្លួនឯង​វិញ។​ នៅ​គ្រប់​ជំនាន់​ ពេលណា​ខ្មែរ​បែកបាក់​ខ្លាំង​និយាយ​គ្នា​ស្តាប់​លែង​បាន​ មានតែ​បរទេស​ទេ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហាខ្មែរ​បាន។​ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

ទាំង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ ​ទាំង​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​សហជីព ​សុទ្ធតែ​បាន​រត់​រក​អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​និង​បញ្ហា​របស់​ជាតិ​ទាំងមូល។ ​ដើម្បី​ផ្ញើសារ​ទៅ​បក្ស​ប្រឆាំង​វិញ​ រដ្ឋាភិបាល​ក៏បាន​សុំ​ឲ្យ​លោក ​សុរិយា​ ស៊ូប៊ែឌី​ ជួយ​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​ចូល​ក្នុង​សភា​ផង​ដែរ។

 
ការស្វែង​រក​អន្តរាគមន៍​ពី​លោក ​ស៊ូប៊ែឌី ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ពីព្រោះ​លោក​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​មាន​បេសកកម្ម​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​ ប៉ុន្តែ ​សំណួរ​ដែល​គួរ​ចោទ​សួរមិន​អាច​ខាន​បាន​នោះ​គឺ​តើ​ហេតុអ្វី​បាន​ជា​ខ្មែរ​គ្នាឯង​ដែល​និយាយ​ភាសា​ដូច​គ្នា ​អាច​យល់​គ្នាបាន​យ៉ាង​ងាយ​ម្តេច​មិន​និយាយ​គ្នា​ហើយ​បែរ​ទៅ​ពឹង​លើជន​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ទៅ​វិញ? ​ជាការពិត​ណាស់​ ការពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ជាតិសាសន៍​មួយ​ទៅ​មួយ​ក្នុង​ន័យ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ​គឺជា​រឿង​ដែល​មិនអាច​ចៀស​វាងបាន​។ ប៉ុន្តែ ​ការពឹងពាក់​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​គឺជា​រឿង​ដែល​គួរតែ​ដល់​ពេល​បញ្ចប់​ហើយ​ សម្រាប់​ប្រទេស​កម្ពុជា ​ពីព្រោះ​ខ្មែរ​គួរ​តែ​មាន​បទពិសោធន៍​គ្រប់គ្រាន់​អំពី​បញ្ហា​នេះ។

​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​នៅពេល​ខ្មែរ​ឈ្លោះគ្នា ​ពួកគេ​តែងរត់​ទៅ​ពឹង​បរទេស។​ ភាគី​ជម្លោះ​ម្ខាង​រត់​ទៅ​ពឹង​បរទេស​ខាងកើត​ ម្ខាង​ទៀត​រត់​ទៅពឹង​បរទេស​ខាង​លិច​ ទីបំផុត​ ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ជា​មហានគរ​ត្រូវ​បានបរទេស​ហែក​ចែក​គ្នា​មួយ​ចម្រៀក​ម្នាក់​នៅ​សល់តែ​ចំណុច​កណ្តាល​តូច​មួយ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាងនេះ​ក៏ដោយ ​ក៏វប្បធម៌​ពឹងពាក់​បរទេស​នៅ​តែ​មិន​ត្រូវ​បាន​បោះបង់​ចោល​ដែរ​ ហើយ​បាន​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ។​

មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ចូល​ចិត្ត​ពឹងពាក់​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន។ ​មូលហេតុ​សំខាន់​ជាងគេ​គឺភាគី​បដិបក្ខ​នយោបាយ​តែង​គិតគូរ​ផលប្រយោជន៍​បក្ស​របស់​ខ្លួន​ធំជាង​ប្រយោជន៍​ជាតិ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​មាន​ជម្លោះ​ដណ្តើម​អំណាច​ ភាគី​ម្ខាង​ត្រូ​វតែ​ប្រើគ្រប់​មធ្យោបាយ​ដើម្បី​រក្សា​អំណាច​មិន​ឲ្យ​បាត់បង់​ រីឯភា​គីម្ខាង​ទៀត​ប្រឹង​ដណ្តើម​អំណាច​ឲ្យ​បាន ​ទោះជា​ក្នុង​តម្លៃ​ណាក៏ដោយ។ ​នៅពេល​ដែល​ខ្លួន​គ្មានកម្លាំង​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ជាមួយ​គូប្រជែង ​ការពឹង​ពាក់​បរទេស​គឺជា​មធ្យោបាយ​ដែល​មិនអាច​ចៀស​វាងបាន។​

មូលហេតុ​សំខាន់​មួយ​ទៀត​គឺ ​ខ្មែរ​មិន​សូវ​ផ្តល់​តម្លៃ​ដល់​ជនជាតិ​ខ្មែរ​គ្នាឯង​ទេ ​ដោយ​ច្រើន​តែ​​មាន​គំនិត​បរទេស​និយម។ ​ផ្នត់គំនិត​បែប​នេះ​កើត​មាន​នៅ​គ្រប់​វិស័យ​មិនថា​ក្នុង​វិស័យ​នយោបាយ ​ឬ​ទំនិញ​ប្រើប្រាស់​សព្វ​សារពើ​នោះ​ឡើយ។ ​ឲ្យតែ​ជា​របស់​បរទេស​សុទ្ធតែ​មាន​តម្លៃ​ជាង​របស់​ខ្មែរ​ខ្លួន​ឯង។ ​ផ្នត់​គំនិត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​មោទនភាព​ជាតិ​ហើយចូល​ចិត្ត​ប្រើប្រាស់​វត្ថុ​ដែល​នាំចូល​ពី​បរទេស ​និង​មិន​សូវ​ប្រឹងប្រែង​ផលិត​អ្វី​ដែល​ជា​របស់​ខ្មែរ​ឡើយ។​

ងាក​ទៅមើល​វិស័យ​នយោបាយ​វិញ ​ចាប់​តាំង​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ ​១៩៩១​ រហូត​ដល់​ការបោះឆ្នោត​កាលពី​ឆ្នាំ ​១៩៩៣ ​សុទ្ធសឹង​ជា​លទ្ធផល​នៃ​កិច្ចអន្តរាគមន៍​ដោះស្រាយ​ទំនាស់​ផ្ទៃ​ក្នុង​របស់​បរទេស​ទាំងអស់។​ មាន​បញ្ហា​ធំៗ​ជាច្រើន​ទៀត​ក្រោយ​ឆ្នាំ ​១៩៩៣ ​ក៏ត្រូវ​បាន​ដោះស្រាយ​ក្រោម​សម្ពាធ​សហគមន៍​អន្តរជាតិ​ដែរ។ ​បច្ចុប្បន្ន ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​កើត​ឡើង​ជាថ្មី។ ​បើទោះបី​ជា​កម្ពុជា​មាន​ព្រះមហាក្សត្រ​ជានិមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​បើ​ទោះ​បី​ជា​អ្នក​នៅ​ក្រៅ​ឆាក​នយោបាយ​ជាច្រើន​ខិតខំ​ផ្តល់​មតិ​យោបល់​យ៉ាង​ណាក៏​ភាគី​ជម្លោះ​ហាក់​មិន​យក​ចិត្ត​ទុកដាក់​ប្រើ​យន្តការ​គ្នាឯង​ដើម្បី​ជជែក​គ្នា​រកដំណោះស្រាយ​នោះ​ដែរ​។

យ៉ាងណា​ក៏ដោយចុះ ​គ្រាន់តែ​ពឹង​ពាក់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ម្នាក់​ឲ្យ​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​គ្មាន​អ្វី​គួរឲ្យ​ខុស​ឆ្គង​ទេ។ ​អន្តរាគមន៍​របស់​លោក​ ស៊ូប៊ែឌី ​មាន​តម្លៃ​ប្រសិន​បើភាគី​ជម្លោះ​ចង់​បញ្ចប់​បញ្ហា​នៅ​ពេល​នេះ។ ​ប៉ុន្តែ ​អ្វីដែល​ត្រូវ​ចៀសវាង​នោះគឺ ​ការប្រើប្រាស់​ឥទ្ធិពល​មហា​អំណាច​នៅពី​ក្រោយខ្នង​រៀងៗ​ខ្លួន​ ដើម្បី​ជា​កម្លាំង​ប្រឈមមុខ​​ដាក់​គ្នា ​យក​ចាញ់​ឈ្នះ​ក្នុង​ការតស៊ូ​នយោបាយ។

សរុប​មក​វិញ ​ផ្លូវ​ដែល​ល្អបំ​ផុត​សម្រាប់​កម្ពុជា ​គឺ​ការកសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​គ្នាឯង ​តាម​រយៈការពង្រឹង​វប្បធម៌​ជជែក​ពិភាក្សា​គ្នា​ជំនួស​ឲ្យ​វប្បធម៌​ពឹង​លើ​បរទេស។ ​ធ្វើ​បែប​នេះ​បាន​ទើប​ខ្មែរ​អាច​ការពារ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន​ពិតប្រាកដ។ ​មិន​តែ​ប៉ុណ្ណោះ ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ខ្លាំង ​និង​គ្មាន​បរទេ​ស​ណាមើល​ស្រាល​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ