អ៊ុយក្រែន និងក្រុមផ្តាច់ខ្លួន ផ្លាស់ប្តូរ«អ្នកទោសនយោបាយ» ជាង៦០នាក់រៀងៗខ្លួន មុនពេលបុណ្យឆ្លងឆ្នាំថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃអាទិត្យទី២៩ធ្នូ ប្រទេសអ៊ុយក្រែន និងក្រុមអ្នកផ្តាច់ខ្លួនគាំទ្ររុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន បានសម្រេចយល់ព្រមផ្លាស់ប្តូរ«អ្នកទោសមនសិការ និងអ្នកទោសនយោបាយ» ចំនួនជាង៦០នាក់ ម្ខាងៗម្នាក់។ ការផ្លាស់ប្តូរនេះ គឺហាក់ដូចជាអំណោយសម្បទានផ្តល់ដល់គ្នាទៅវិញទៅមក នៅមុនពេលឱកាសបុណ្យឆ្នាំថ្មីដែលនឹងឈានចូលមកដល់ ដើម្បីឱ្យពួកគេទាំងនោះ បានជួបជុំគ្រួសារជាថ្មីឡើងវិញ នៅក្នុងឱកាសបុណ្យទាន។ សូមជ្រាបដែរថា នៅក្រោយការដោះលែងអ្នកទោសនេះ ប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងថ្នាក់ដឹកនាំអាល្លឺម៉ង លោកស្រី Anglela Merkel បានអបអរសាទរ ហើយបានចាត់ទុកថា នេះជាជំហានមួយដ៏វិជ្ជមាន។
ការដោះដូរអ្នកទោសមនសិការ គឺជាសេចក្តីប្រាថ្នាចង់បានជាខ្លាំង របស់ប្រធានាធិបតី អ៊ុយក្រែន ដែលបានបញ្ជាក់តាំងពីពេលប្រជុំដោះស្រាយវិបត្តិអ៊ុយក្រែន នៅទីក្រុងប៉ារីស ទី៩ធ្នូ នៅចំពោះមុខថ្នាក់ដឹកនាំបារាំង អាល្លឺម៉ង់ អ៊ុយក្រែន និងរុស្ស៊ី។ ការដោះដូរអ្នកទោសមនសិការនិងចំណាប់ខ្មាំងនេះ ស្ថិតនៅក្រោមការឃ្លាំមើលដោយផ្ទាល់នៃក្រសែផ្នែកអ្នកសង្កេតការណ៍អឺរ៉ុប និងអង្គការកាកបាទក្រហមផង។
ថ្ងៃអាទិត្យ ម៉ោង៤ល្ងាច ម៉ោងក្នុងស្រុកអ៊ុយក្រែន ប្រមុខរដ្ឋវ័យក្មេងអ៊ុយក្រែន Volodymyr Zelensky ប្រកាសថា ទទួលបានប្រជាជាតិ ចំនួន៦៧នាក់ មានសេរីភាព ត្រឡប់ចូលមាតុប្រទេសរបស់ខ្លួនវិញ។
ចំណែកក្រុមផ្តាច់ខ្លួននិយម គាំទ្ររុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន គឺទទួលបានចំណាប់ខ្មាំង ចំនួនពី៦១ ទៅ៦៣នាក់ ដែលភាគច្រើន ជាជនជាតិរុស្ស៊ី និងមានប្រេស៊ីលម្នាក់ផង។ ពួកក្រុមនេះត្រូវអ៊ុយក្រែន ចាត់ទុកថាជាក្រុមឧទ្ទាម។
ជាការបូកសរុប ចាប់តាំងពីមានការផ្ទុះអាវុធប្រយុទ្ធច្បាំងគ្នា គឺក្រោយពីកោះគ្រីមេត្រូវដាក់ចូលក្នុងឧបសម្ព័ន្ធដែនដីរុស្ស៊ី នៅឆ្នាំ២០១៤ គឺក្រុមផ្តាច់ខ្លួននិយមខាងកើតអ៊ុយក្រែន និងអ៊ុយក្រែន បានដោះដូរអ្នកទោសច្រើនដងដែរ ហើយច្រើនតែធ្វើនៅជិតចុងឆ្នាំ សរុបទាំងអស់ គឺបានដោះដូរ មនុស្សចំនួន ជាង២០០នាក់មកហើយ ទាំងសងខាង។
សម្រាប់លើកនេះ បើតាមកាសែតអ៊ុយក្រែន អ្នកទោសដែលអ៊ុយក្រែនដោះលែង គឺច្រើនជាកងកម្លាំងទ័ពរុស្ស៊ី ហើយក៏មានដែរ អ្នកកាសែតរុស្ស៊ី អ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានចាប់ខ្លួនកន្លងមក។ អត្តសញ្ញាណនៃអ្នកដែលត្រូវដោះលែងទាំងសងខាង មិនបានត្រូវបញ្ជាក់លម្អិតឱ្យដឹងនោះទេ។ តែទោះយ៉ាងណា អ្នកសែតបារាំងដែលឈរជើងនៅទីនោះ បានរុករាវរកឃើញឈ្មោះ អ្នកកាសែតអ៊ុនក្រែនម្នាក់ ឈ្មោះ Stanislav Aseiev ធ្វើការឱ្យវិទ្យុរបស់អាមេរិក នៅអ៊ុយក្រែន ដែលត្រូវចាប់ឃុំខ្លួន កាលពីឆ្នាំ២០១៧ ក៏ត្រូវបានដោះលែងមកវិញដែរ។
ទោះជាដំណឹងល្អអ៊ីចឹងក្តី តែក៏មានការទោមនស្សខ្លះដែរពីបណ្តាជនអ៊ុយក្រែនមួយចំនួន។ ពីព្រោះថា ក្នុងចំណោមអ្នកទោសដែលអ៊ុយក្រែនដោះលែងទៅនោះ គេសង្ស័យថា មានអ្នកខ្លះ ជាអ្នកទោសឧក្រិដ្ឋ ដៃប្រឡាក់ឈាម ធ្លាប់ធ្វើវាយប្រហារសម្លាប់ពលរដ្ឋអ៊ុយក្រែនជាច្រើនសិបនាក់។ ដូច្នេះ អ៊ុយក្រែនខ្លះ យល់ថា ការដោះលែងនេះ មិនយុត្តិធម៌សោះឡើយ សម្រាប់ជនរងគ្រោះដែលរលត់ជីវិតទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ