កូរ៉េ​ខាង​ជើង

លោក​គីម ជុងអ៊ុន​នឹង​ត្រូវ​ចែក​រំលែក​អំណាច​ជាមួយ​មេដឹកនាំ​កងទ័ព

លោក​គីម ជុងអ៊ុន​ បាន​ចេញ​មុខ​បញ្ជា​ទ័ព​ជាលើក​ដំបូង កាលពីថ្ងៃ​ចន្ទ (ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង យុនហាប់)
លោក​គីម ជុងអ៊ុន​ បាន​ចេញ​មុខ​បញ្ជា​ទ័ព​ជាលើក​ដំបូង កាលពីថ្ងៃ​ចន្ទ (ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង យុនហាប់) REUTERS/Kyodo

លោក​គីម ជុងអ៊ុន កូនប្រុស​ពៅ​របស់​លោក​គីម ជុងអ៊ីល ដែល​ត្រូវ​ឡើង​មក​ស្នងតំណែង​​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ចែករំលែក​អំណាច​ជាមួយ​មេដឹកនាំ​កងទ័ព។ នេះ​បើ​យោងតាម​​​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ដែល​បាន​ដកស្រង់​ប្រភព​ស្និទ្ធ​នឹង​​រដ្ឋាភិបាល​ចិន និង​កូរ៉េ​ខាងជើង។ ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ធ្វើ​ការ​វាយតម្លៃ​ស្រដៀងគ្នា​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

ជម្លោះ​កើតចេញ​ពី​ការ​ដណ្តើម​អំណាចគ្នា ក្រោយ​ការ​ស្លាប់​របស់​លោក​គីម ជុងអ៊ីល គឺ​​ក្តី​បារម្ភ​​ដ៏​ធំមួយ​របស់​ប្រទេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ នៅថ្ងៃ​ពុធ​នេះ ប្រភព​ស្និទ្ធ​នឹង​​រដ្ឋាភិបាល​កូរ៉េ​ខាងជើង និង​​ចិន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា មេទ័ព​កូរ៉េ​ខាង​ជើង​ទាំងអស់​បាន​សម្តែង​ការ​គាំទ្រ​​​លោក​គីម ជុងអ៊ុន​ជាមេដឹកនាំ​ថ្មី។ ក៏ប៉ុន្តែ លោក​គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទពិសោធន៍​នេះ នឹង​មិន​អាច​ក្តោបក្តាប់​អំណាច​តែម្នាក់​ឯង ដូច​លោក​គីម ជុងអ៊ីល​នោះទេ។ ​អំណាច​ដឹកនាំ​ប្រទេស​​នឹង​ត្រូវ​ចែករំលែកគ្នា​រវាង​លោក​គីម ជុងអ៊ុន ឳពុកមា​របស់​គាត់ គឺ​លោក​ចាង​ សុងថែក និង​មេដឹកនាំ​យោធា​​កំពូលៗ​ផ្សេងទៀត។

រ៉យទ័រ​បាន​បញ្ជាក់ថា ប្រភព​ខាងលើ​នេះ​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏ប៉ុន្តែ ជា​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត ព្រោះ​កន្លងមក ​ធ្លាប់​បាន​​បញ្ចេញ​ព័ត៌មាន​ច្បាស់ៗ ​អំពី​សកម្មភាព​របស់​របបដឹកនាំ​​កូរ៉េ​ខាង​ជើង​​ ដូចជា ព័ត៌មាន​ស្តីពី​​គម្រោង​​​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ នៅ​ឆ្នាំ​២០០៦​ ជាដើម។

ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង (National Intelligence Service) ក៏​បាន​ធ្វើការ​វាយតម្លៃ​ស្រដៀង​គ្នា​នឹង​ប្រភព​ខាង​លើ​នេះ​ដែរ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់ (Yunhap)។ ក្នុង​របាយការណ៍​ផ្ញើ​ទៅ​សភា ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង​បាន​សរសេរ​ថា បក្សកុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​នឹង​បង្កើត​ជា​គណៈកម្មការ​មួយ ដើម្បី​ដឹកនាំ​ប្រទេស​ជា​បណ្តោះអាសន្ន​ ទម្រាំ​ដល់​ពេល​ដែល​លោក​គីម ជុងអ៊ុន អាច​គ្រប់គ្រង​ប្រទេស​ដោយ​ពេញលេញ។ គណៈកម្មការ​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក​គីម ជុងអ៊ុន​ផ្ទាល់។

ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់​ក៏​បាន​ផ្សាយ​ផងដែរ​ថា លោក​គីម ជុងអ៊ុន បាន​ចេញមុខ​បញ្ជា​ទ័ព​ជាលើក​ដំបូង តាំង​ពី​​ព្រឹកថ្ងៃ​ចន្ទ ពោលគឺ មុនពេល​​កូរ៉េ​ខាង​ជើង​ប្រកាស​អំពី​មរណភាព​របស់​លោក​គីម ជុងអ៊ីល។ លោក​គីម ជុងអ៊ុន​ បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​កូរ៉េ​ខាង​ជើង​ទាំងអស់​បញ្ឈប់​​រាល់ការ​ធ្វើ​សមយុទ្ធ ហើយ​នាំគ្នា​វិល​ចូល​បន្ទាយ​វិញ។ កងទ័ព​កូរ៉េ​ខាង​ជើង​​ក៏​បាន​​វិលចូល​បន្ទាយ​តាម​បទ​បញ្ជា​នេះ។ ការ​បាញ់​សាកល្បង​មីស៊ីល ដែល​បាន​​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ហើយ​ដែល​​​គ្រោង​​បន្ត​ធ្វើ​នៅពេល​រសៀល​ ​ក៏​ត្រូវ​លុបចោល​វិញ​ដែរ។

នេះ​អាច​ជា​ភស្តុតាង​បង្ហាញ​ថា លោក​គីម ជុងអ៊ុន គឺ​ពិតជា​មាន​អំណាច​បញ្ជា​ទ័ព​​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI