កូរ៉េខាងជើង

គីម ជុងអ៊ីល សន្យា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​តាមរយៈ​ការ​ចរចា

លោក​គីម ជុងអ៊ីល (ឆ្វេង) ពេលជួបជាមួយ​លោក​ហ៊ូ ជីនតាវ
លោក​គីម ជុងអ៊ីល (ឆ្វេង) ពេលជួបជាមួយ​លោក​ហ៊ូ ជីនតាវ ©Reuters

ប្រមុខដឹកនាំ​កូរ៉េខាងជើង គឺ​លោក គីម ជុងអ៊ីល បាន​ប្រកាស នៅថ្ងៃ​សៅរ៍​នេះ​ថា កូរ៉េខាងជើង​គាំទ្រ​ឲ្យ​មាន​ការចរចា ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ។ ការប្រកាស​បែបនេះ​បាន​ធ្វើ​ឡើង ក្រោយ​ពេល​​ដែល​លោក​គីម ជុង​អ៊ីល ទើបតែបាន​បញ្ចប់​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ សេង ឌីណា

រហូត​ដល់​​ពេល ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម ជុងអ៊ីល ត្រូវបាន​បញ្ចប់ ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន និង​រូបភាព ស្តីពី​ដំណើរ​ទស្សនកិច្ច​នេះ។

នៅ​ក្នុង​​ពេល​ជួបជាមួយ​លោក​ហ៊ូ ជីនតាវ ប្រធានាធិបតីចិន លោក​គីម ជុងអ៊ីល បាន​សន្យាថា​នឹង​សហការ​ជាមួយ​ចិន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការចរចា​លើ​សំណុំរឿងនុយក្លេអ៊ែរ​អាច​ចាប់​ផ្តើម​ឡើងវិញ។

គួររំឭកថា ចិន​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចា ៦ភាគី ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ កាលពីខែមេសា ឆ្នាំ​២០០៩ ក្រោយ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដាក់ទណ្ឌកម្ម​រឿង​សាកល្បង​មីស៊ីល កូរ៉េខាងជើង​បាន​ដកខ្លួន​ចេញ​ពី​ការចរចា ៦ភាគី។

អ្នកវិភាគ​ជាច្រើន​នៅតែ​ជឿថា កូរ៉េខាងជើង​មិន​មាន​ចេតនា​វិលត្រឡប់​ទៅរក​តុចរចា ៦ភាគីវិញ​ដោយ​សុទ្ធចិត្ត​នោះទេ។ ការសន្យា​របស់​លោក​គីម ជុងអ៊ីល ទំនង​ជាធ្វើ​ឡើង គ្រាន់តែ​ដើម្បី​យកចិត្ត​ចិនតែ​ប៉ុណ្ណោះ ព្រោះចិន​គឺ​ជា​បង្អែក​តែមួយ​គត់​របស់​កូរ៉េ​ខាង​ជើង។ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​គីម ជុង​អ៊ីល លោក​វេន ជាប៉ាវ នាយករដ្ឋមន្រ្តីចិន បាន​សន្យា​ថា ចិន​នឹង​នៅតែ​បន្ត​ជួយ​កូរ៉េខាងជើង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍។

យោងតាម​រូបភាព​ដែល​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍ចិន លោក​គីម ជុងអ៊ីល មើលទៅ​ហាក់​​មាន​រូបរាង​ស្គមស្គាំង និង​ទន់ខ្សោយ។ គេជឿថា លោក​​គីម ជុងអ៊ីល មាន​បញ្ហា​គាំងបេះដូង កាល​ពីឆ្នាំ ២០០៨ ដែល​បង្កើតជា​ពាក្យចចាមអារ៉ាម​ស្តីពី​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​កូរ៉េ​ខាងជើង។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅចិន លោក​គីម ជុងអ៊ីល បាន​ប្រាប់​​លោក​ហ៊ូ ជីនតាវថា ការផ្លាស់ប្តូរ​​អ្នកដឹកនាំ ពី​ជំនាន់​នេះ ទៅជំនាន់ក្រោយៗទៀត ក៏​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​ចិន មិនមាន​ការប្រែប្រួល​នោះដែរ។

ការថ្លែងបែបនេះ ធ្វើ​ឡើង នៅក្នុងពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ​​កំពុង​គិត​ថា កូនប្រុស​ទី៣​របស់​លោក​គីម ជុងអ៊ីល ឈ្មោះ​គីម ជុងអ៊ុន ទំនង​ជា​អ្នក​ដែល​នឹង​ឡើង​មក​ស្នងតំណែង​ឳពុក ​ជា​អគ្គមគ្គុទេសក៍​កូរ៉េខាងជើង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI