លោកគីម ជុងអ៊ុនបានរៀបចំពិធីជប់លៀងឲ្យក្រុមកីឡាករ កីឡាការនីដែលទទួលបានមេដាយមាស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺជាទម្លាប់មួយដែលគេកម្រឃើញមាននៅកូរ៉េខាងជើង។ លោកប្រមុខដឹកនំាគីម ជុនអ៊ុន និងភរិយាបានរៀបចំពិធីជប់លៀងយ៉ាងអធិកអធមមួយជូនក្រុមកីឡាករ កីឡាការនីដែលទទួលបានមេដាយមាសនាឱកាសការប្រកួតកីឡាអាស៊ីថ្មីៗនេះនៅក្នុងទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។ វត្តមានលោកគីម ជុនអ៊ុននៅក្នុងពិធីជប់លៀងនៅថ្ងៃសៅរ៍ ទី១៨ តុលាម្សិលមិញ គឺជាការបង្ហាញខ្លួនលើកទី៣ ក្នុងរយៈពេល ១សប្តាហ៍ បន្ទាប់ពីលោកបានបាត់មុខជាសាធារណៈអស់រយៈពេលជាង ៤០ថ្ងៃ។
សម្រាប់លោកគីម ជុនអ៊ុនដែលគេស្គាល់ថា ជាអ្នកស្នេហា និងចូលចិត្តកីឡា ការចូលរួមលើកទឹកចិត្តក្រុមកីឡាករ កីឡាការនីដែលទទួលបានមេដាយមាស គឺជារឿងមិនអាចខ្វះបានទេ ព្រោះគឺពួកនេះហើយដែលបានធ្វើឲ្យល្បីល្បាញកាន់តែខ្លំាងនូវសុពលភាព និងកម្លំាងក្លៀវក្លាដល់គម្រោងរបស់គណបក្សកុម្មុយនិស្តក្នុងការស្ថាបនាម៉ាស៊ីនកីឡាមួយនៅកូរ៉េខាងជើង។ គួរជម្រាបជូនថា ថ្វីដ្បិតតែជាប្រទេសឯកោនៅលើលោកមែន តែកូរ៉េខាងជើងទទួលបានមេដាយគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតកីឡាអាស៊ីរៀបចំនៅក្នុងទីក្រុងអ៊ីនឈុន កូរ៉េខាងត្បូងពីថ្ងៃទី១៩ កញ្ញាដល់ថ្ងៃទី៤ តុលាកន្លងទៅថ្មីៗនេះ ដោយទទួលបានមេដាយសរុបចំនួន ៣៦ ក្នុងនោះ មានមាសចំនួន ១១ ប្រាក់ចំនួន ១១ និងមេដាយសំរិទ្ធិចំនួន ១៤។ គឺជាលទ្ធផលដ៏ប្រសើរមួយដែលកូរ៉េខាងជើងមិនធ្លាប់ទទួលបានទេគិតតំាងពីឆ្នំា ១៩៩០ មក។
អ៊ីចឹងហើយបានជានៅក្នុងពិធីជប់លៀងដែលចូលរួមដោយភរិយារបស់លោកគីម ជុនអ៊ុន សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនំាជើងចាស់របស់គណបក្សកុម្មុយនិស្ត និងមន្រ្តីជាន់ខ្ពស់កងទ័ព លោកគីម ជុនអ៊ុនមិនញញើតនឹងផ្តល់រង្វាន់ជាឡានទំនើបៗ ឬមួយក៏ផ្ទះសម្បែងឲ្យកីឡាករ កីឡាការនីជើងឯករបស់ខ្លួនទេ។ ដោយឡែក កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្នុងទឹកប្រាក់ចំណាយសរុបជាង ៥០ម៉ឺនអឺរ៉ូសម្រាប់ការចូលរួមរបស់ក្រុមកីឡាករ កីឡាការនីកូរ៉េខាងជើងនោះ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានជួយចេញជាង ៧០%។ គួរបញ្ជាក់ថាតាមទម្លាប់មកដល់ពេលនេះ កូរ៉េខាងត្បូងបានធានាចេញ ១០០% ចំពោះការស្នាក់នៅ ហូបចុករបស់ក្រុមកីឡាករ កីឡាការនីកូរ៉េខាងជើងក្នុងទឹកដីរបស់ខ្លួន។
មិនខុសពីការបង្ហាញមុខជាថ្មីចំនួន ២ដងបន្តបន្ទាប់គ្នាកន្លងមកទេ វត្តមានលោកគីម ជុនអ៊ុននៅលើកទី៣ នេះក៏មាននំាមកជាមួយនូវឈើច្រត់ដែរ។ តែអ្វីដែលសំខាន់ និងដែលរបបក្រុងព្យុងយ៉ាងចង់បង្ហាញប្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះគឺថា មនុស្សខ្លំាងកូរ៉េខាងជើងរូបនេះកំពុងស្ថិតក្នុងប្រទេស និងក៏កំពុងដឹកនំាប្រទេសដែរ ពោលគឺមិនដូចពាក្យចចាមអារ៉ាមកន្លងមកដែលថា ប្រហែលជាលោកត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់បាត់ទៅហើយ ឬមួយក៏កំពុងឈឺធ្ងន់ងើបពីគ្រែមិនរួចនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ