រដ្ឋាភិបាលកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រដ៍ធំ ក្នុងរយៈពេល១០ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យដ៍គគ្រឹកកគ្រែងមួយ នៅថ្ងៃទី២៩ខែតុលាខាងមុខនេះ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ នេះគឺជាពិធីបុណ្យដ៍ធំមួយ ក្នុងរយៈពេល១០ឆ្នាំមកនេះ។
បើតាមគម្រោង នៅថ្ងៃទី២៨ តុលា ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យ ពេលព្រឹក ព្រះរាជពិធីបុណ្យនឹងធ្វើឡើងនៅក្នុងព្រះបរមរាជវាំង ដោយមានកិច្ចពិធីតាមគន្លងព្រះពុទ្ធសាសនា ដោយមានឥស្សរជនជាន់ខ្ពស់ចូលរួមផងដែរ។ ហើយនៅពេលរសៀល មន្ត្រីអង្គទូតនានាប្រមាណជា ៤០ និងចូលថ្វាយព្រះពរជ័យបវរថ្វាយព្រះមហាកក្សត្រ។ បន្ទាប់មក គឺឥស្សរជនថ្នាក់ដឹកនាំតាមស្ថាបន័រដ្ឋ ក្រសួងមន្ទីរ ដែលដឹកនាំដោយក្រសួង និងប្រធានស្ថាប័ននីមួយៗ ក្នុងឯកសណ្ឋានជាផ្លូវរដ្ឋ សញ្ញាសក្តិ និងមានពាក់រឿងឥស្សសិរិយយសចូលក្រាបបង្គំគាល់។ បន្ទាប់មកគឺថ្នាក់ដឹកនាំ រាជធានី ខេត្តទាំង ២៥ ដែលមានគណៈអភិបាល និង ប្រធានក្រុមប្រឹក្សា រាជធានីខេត្តផងដែរ។
ចំណែកនៅព្រឹកថ្ងៃទី២៩តុលា ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ ត្រូវនឹងថ្ងៃពុធ ៧កើត ខែកត្តិក នឹងមានរៀបចំមិទ្ទិញមហាជនដ៍ធំមួយ នៅខាងមុខព្រះបរមរាជវាំង។ មិទ្ទិញមហាជននេះ នឹងមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ ជារួម មានមហាជនពីគ្រប់ខណ្ឌ, កងកម្លាំងប្រដាប់អាវុធទាំង៣, កងនគរបាល, កងរាជអាវុធហត្ថ, យុវជនកាកបាទក្រហម, កាយរិទ្ធ និង ឥស្សរជនថ្នាក់ដឹកនាំរដ្ឋ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និងតំណាងរាជធានី ខេត្តទាំង ២៥ចូលរួម។
ក្នុងរយៈពេលពីរថ្ងៃនៃព្រះរាជពិធីបុណ្យខួបគម្រប់១០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ( ២៩តុលា២០០៤-២៩តុលា២០១៤)នេះ រាជរដ្ឋាភិបាលកម្ពុជាហាក់បានត្រៀមរៀបចំអធិក អធម ជាងបណ្តាឆ្នាំមុនៗ ពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលប្រទេសកម្ពុជាបានជួបរឿងដ៍សោកសៅផ្ទួនៗគ្នា នោះគឺការយាងសោយទីវង្គត់របស់សម្តេចឳនរោត្តម សីហនុ និងគ្រោះទឹកជំនន់ ដែលសូម្បីតែព្រះរាជពិធីបុណ្យអុំទូកក៍ត្រូវបានលុបចោលផងដែរ។
លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានសរសេរនៅលើទំព័រ Facebookរបស់លោកនៅថ្ងៃទី១៩តុលានេះថា ទូរទស្សន៍ជាតិកម្ពុជាក៍នឹងធ្វើការផ្សាយផ្ទាល់នូវអង្គមិទ្ទិញមហាជន ដែលប្រារព្ធធ្វើឡើងនៅខាងមុខព្រះបរមរាជវាំងនាថ្ងៃទី២៩តុលានោះ។
សូមបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីបុណ្យខួប១០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៍នឹងរៀបចំធ្វើឡើង នៅតាមខេត្តក្រុងនានានៅទូទាំងប្រទេសផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ