លោកគង់ គាំ ត្រូវបានអង្គសមាជជ្រើសតាំងជាប្រធានគណបក្សសមរង្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃនេះ គណបក្សសមរង្ស៊ី ដែលជាបក្សប្រឆាំងដំបូងគេនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងអស់រយៈពេល១៧ឆ្នាំ មកហើយនោះ បានធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មី បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីតំណែង ទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នា រវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ នៅក្នុងសាមាជនោះ លោក គង់ គាំ ត្រូវបានអង្គសមាជជ្រើសតាំងជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី។
សមាជវិសាមញ្ញរបស់គណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅអតីតទីស្នាក់ការកណ្តាល បានអនុម័តជ្រើសតាំងលោក គង់ គាំ ជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី តែមិនអនុញ្ញាតឲ្យមានការប្តូរឈ្មោះ និងស្លាកសញ្ញាភ្លើងទៀន របស់គណបក្សឡើយ។
នៅក្នុងអង្គសមាជវិសាមញ្ញនេះ មានអ្នកចូលរួម ប្រមាណជា២០០០នាក់ ក្នុងនោះ ក៏មានតំណាងអង្គទូតប្រទេសមហាអំណាច អង្គការក្រៅរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ដែលជាសម្ព័ន្ធភាពរបស់គណបក្ស សម រង្ស៊ីផងដែរ។ ចំណែកលោកសម រង្ស៊ី បានចូលរួម តាមវីដេអូ ខនហ្វឺរេន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែងឲ្យដឹងថា ក្រៅពីការជ្រើសរើសលោកគង់ គាំ ជាប្រធាន អង្គសមាជបានជ្រើសតាំងលោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ឲ្យធ្វើជាអនុប្រធានគណបក្សសម រង្ស៊ី ជំនួសលោក គង់ គាំ។ រីឯលោក សម រង្ស៊ី ត្រូវបានគេជ្រើសតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស សម រង្ស៊ី។ លោកថា អង្គសមាជបានបើកផ្លូវឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកដឹកនាំគណបក្សប្រឆាំងសម រង្ស៊ី នៅពេលណាក៏បាន។ អង្គសមាជក៏បានកំណត់ផងដែរ នូវផែនការនិងយុទ្ធសាស្ត្រនយោបាយថ្មី សម្រាប់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ។
គណបក្សសមរង្ស៊ីនៅមិនទាន់ប្រាកដទេថានឹងចុះឈ្មោះបោះឆ្នោត ប្រកួតប្រជែងនៅអាណត្តិបោះឆ្នោតឆ្នាំ ២០១៣ខាងនោះ ដោយសារនៅរងចាំមើលការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការវិលត្រឡប់មកប្រទេសវិញរបស់លោកសម រង្ស៊ី។ ការផ្លាស់ប្តូរប្រធានគណបក្សប្រឆាំង សម រង្ស៊ីនេះ ដោយសារនៅក្នុងខែកញ្ញា ឆ្នាំ២០១២ លោកសម រង្ស៊ីបានលាលែងតំណែងប្រធានបក្សប្រឆាំងមួយនេះ ទៅកាន់តំណែងជាប្រធានជាគណបក្សសង្គ្រោះជាតិ ដែលជាការរួបរួមរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
គណបក្សសម រង្ស៊ី គឺជាគណបក្សប្រឆាំងដំបូងគេបង្អស់ដែលបានបង្កើតនៅក្នុងឆ្នាំ១៩៩៥ ដោយមានឈ្មោះថា គណបក្សជាតិខ្មែរ ក្រោយពីលោកសម រង្ស៊ី ត្រូវបានទម្លាក់ពីតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងជួរគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោកសម រង្ស៊ី ដែលបច្ចុប្បន្ន កំពុងរស់នៅនិរទេសឯក្រៅប្រទេសគេចពីការជាប់ពន្ធនាគារ ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជា-វៀតណាម។ លោកក៏ត្រូវបានរដ្ឋសភា លុបឈ្មោះចេញពីបញ្ជីសមាជិកសភាមណ្ឌលកំពង់ចាម នីតិកាលទី៤ ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ