ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​វាយប្រហារ​នៅ​គុនមីង​ជា​សញ្ញា​បង្ហាញ​ពី​ការ​វិវឌ្ឍ​នៃ​អំពើហិង្សា​នៅ​ស៊ីងជាំង

សំឡេង ០៣:៥៦
ទាហានចិន​ដើរ​ល្បាត​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​គុនមីង ក្រោយ​ការ​វាយប្រហារ​​ភេរវកម្ម កាលពីថ្ងៃ​សៅរ៍
ទាហានចិន​ដើរ​ល្បាត​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​គុនមីង ក្រោយ​ការ​វាយប្រហារ​​ភេរវកម្ម កាលពីថ្ងៃ​សៅរ៍ REUTERS/Wong Campion

កាលពីថ្ងៃ​សៅរ៍ មនុស្ស​មួយក្រុម មាន​គ្នា ៨នាក់ បាន​ចូល​ចាក់សម្លាប់​មនុស្ស​ដោយ​ឥតរើសមុខ នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង ក្នុង​ខេត្ត​គុនមីង ប្រទេស​ចិន។ មនុស្ស ២៩នាក់​ត្រូវ​បាត់បង់​ជីវិត និង​ជាង​មួយរយនាក់​ផ្សេងទៀត​ត្រូវ​រងរបួស នៅ​ក្នុង​ហេតុការណ៍ ដែល​អាជ្ញាធរ​ចិន​ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម ដោយ​ក្រុម​ផ្តាច់ទឹកដី​ស៊ីងជាំង។ ការវាយប្រហារ​នេះ ប្រសិនបើ​វា​ពិតជា​ទង្វើ​របស់​ក្រុម​អ៊ុយហ្គួ​មែន វា​គឺ​ជា​សញ្ញា​បង្ហាញ​​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​ឆ្លងរាលដាល​នៃ​អំពើ​ហិង្សា ចេញ​ពី​ស៊ីងជាំង ទៅ​កាន់តំបន់​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​នៅ​គុនមីង កាលពីថ្ងៃ​សៅរ៍ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាត់ទុក​ថា “ជា​អំពើ​ភេរវកម្ម”។

សហរដ្ឋ​អាមេរិក​ពីដំបូង​បាន​ចៀសវាង​​មិន​​ប្រើ​ពាក្យ​ “ភេរវកម្ម” ក៏​​ប៉ុន្តែ ក្រោយ​ពី​មាន​ការ​រិះគន់​​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ទទួលស្គាល់ កាល​ពីថ្ងៃ​ចន្ទ​ថា អំពើ​ហិង្សា​នៅ​គុនមីង “មាន​ទ្រង់ទ្រាយ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ ដែល​ធ្វើឡើង​ទៅលើ​សាធារណជន​​ជាទូទៅ​ដោយ​ឥតរើសមុខ”។

អ្នក​ជំនាញ​ខាង​ភេរវកម្ម នៅ​វិទ្យាស្ថានស្រាវជ្រាវ Griffith Asia ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ក៏​បាន​លើកឡើង​ស្រដៀងគ្នា​នេះដែរ​ថា គេ​មិន​អាច​បដិសេធ​បានទេ​ថា​ អ្វី​ដែល​បាន​កើតឡើង​នៅ​គុនមីង គឺ​ជា​អំពើ​ភេរវកម្ម ដែល​ធ្វើឡើង​ក្នុងគោលដៅ​បំភិតបំភ័យ​សាធារណជន​ចិន។

សម្រាប់​អាជ្ញាធរ​ចិន អំពើ​ភេរវកម្ម​នៅ​គុនមីង​នេះ គឺ​ជា​ស្នារដៃ​របស់​​ក្រុម​ទាមទារ​ផ្តាច់ទឹកដី​​នៅ​តំបន់​ស៊ីងជាំង។

គួររំឭកឡើងវិញ​ថា តំបន់​ស៊ីងជាំង​ គឺ​ជា​តំបន់​ស្វយ័ត​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ចិន ជាប់​នឹង​តំបន់​អាស៊ី​កណ្តាល​ ហើយ​មាន​ប្រជាជន​​ដើម​ភាគច្រើន​ជា​ជនជាតិ​អ៊ុយហ្គួ កាន់​សាសនា​អ៊ីស្លាម មាន​ភាសា វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ខុសពី​ជនជាតិ​ហាន​របស់​ចិន។

អំពើ​បះបោរ​របស់​ពួកអ៊ុយហ្គួ​នៅ​ស៊ីងជាំង​បាន​ចាប់ផ្ទុះឡើង កាល​ពី​ឆ្នាំ​២០០៩ ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​បាត់បង់ជីវិត។ អាជ្ញាធរ​ក្រុង​ប៉េកាំង​តែងតែ​ចោទប្រកាន់​ក្រុម​បះបោរ​អ៊ុយហ្គួ​ថា​ជា​ក្រុម​ទាមទារ​ផ្តាច់ទឹកដី ក៏ប៉ុន្តែ តាមការ​សង្កេតជាទូទៅ អំពើ​បះបោរ​របស់​ពួក​អ៊ុយហ្គួ​មិនមែន​ធ្វើឡើង​ក្នុងគោលដៅ​ផ្តាច់​ទឹកដី​នោះទេ តែ​​ជា​ការ​បះបោរ​ដោយ​មក​ពី​មូលហេតុ​សេដ្ឋកិច្ច និង​សង្គម។

ជាទូទៅ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក អំពើ​ហិង្សា​របស់​ពួក​អ៊ុយហ្គួ​កើតមាន​ឡើង​តែ​នៅ​ក្នុង​តំបន់​ស៊ីងជាំង​តែ​ប៉ុណ្ណោះ ហើយ​ការ​វាយប្រហារ​ច្រើន​តែ​កើតមាន​ឡើង ដោយ​សំដៅ​ទៅលើ​អាជ្ញាធរ​តំបន់​ស៊ីងជាំង ដូចជា ទីស្នាក់ការ​ប៉ូលិស​ ជាដើម។

ការវាយប្រហារ​នៅ​ស្ថានីយ៍រថភ្លើង​គុនមីង កាល​ពី​ថ្ងៃ​សៅរ៍ ​គឺ​ជា​ការ​វាយប្រហារ​ទៅលើ​ជនស៊ីវិល​ដោយ​ឥតរើសមុខ ធ្វើឡើង​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​ក្នុង​ទីប្រជុំជន​ដ៏ធំមួយ ស្ថិត​នៅ​ក្រៅ​តំបន់​ស៊ីងជាំង ហើយ​​​បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​២៩នាក់ និង​របួស​ជាង​មួយរយនាក់។ ទាំងនេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​វិវឌ្ឍ​ដ៏​សំខាន់​មួយ នៃ​អំពើ​ហិង្សា​របស់​ពួក​អ៊ុយហ្គួ ដែល​កំពុង​តែ​រាលដាល​ចេញ​ពី​តំបន់​ស៊ីងជាំង ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​ចិន។

គួររំឭកឡើងវិញ​ថា កាល​ពី​ខែ​តុលា​​ឆ្នាំ​២០១៣​កន្លងទៅនេះ ការវាយប្រហារ​អត្តឃាត​មួយ​ក៏​ធ្លាប់​បាន​កើតមាន​ឡើង​ម្តងរួច​មកហើយ​ដែរ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង ដែល​អាជ្ញាធរ​ចិន​ដាក់​ការ​ទទួលខុសត្រូវ​ទៅលើ​​ពួក​អ៊ុយហ្គួ។

ការវាយប្រហារ​នៅ​គុនមីង កាល​ពីថ្ងៃ​សៅរ៍ ក៏​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ភេរវកម្ម​ចាប់អារម្មណ៍​ផងដែរ នៅ​ត្រង់​ថា វា​ជា​ការ​វាយប្រហារ ដែលចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ផែនការ​ទុកជាមុន​យ៉ាង​ម៉ត់ចត់ ហើយ​​ការវាយប្រហារ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មនុស្ស​ច្រើននាក់ ដែលដឹងខ្លួន​ជាមុន​ថា​ពួកគេ​ផ្ទាល់​ក៏​​អាច​នឹង​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​ដែរ។ ទាំងនេះ សុទ្ធសឹង​ជា​លក្ខណៈ​សម្គាល់​នៃ​អំពើ​ភេរវកម្ម​​អ៊ីស្លាម​ជ្រុល​និយម តាមបែប​ជីហាដ (Jihad)។

សាស្រ្តាចារ្យ​ម្នាក់ នៅ​សកលវិទ្យា​សិង្ហបុរី ដែល​ធ្វើការ​សិក្សា​លើ​ចលនា​ភេរវកម្ម​នៅ​អាស៊ី បាន​លើកឡើង​ថា ការវាយប្រហារ​នៅ​គុនមីង​បង្ហាញ​ថា ចលនា​ភេរវកម្ម​នៅ​ចិន​កំពុង​តែ​ស្គាល់​នូវការ​វិវឌ្ឍ​ដ៏​សំខាន់​មួយ គឺ​ភេរវជន​ផ្តោត​ទៅលើ​ការ​វាយប្រហារ​ភេរវកម្ម ដែល​មិន​សូវ​ចំណាយ​លុយ​ច្រើន តែ​អាច​មាន​ឥទ្ធិពល​ច្រើន ក្នុងការ​ទាក់ទាញ​សាធារណមតិ​ឲ្យ​ចាប់អារម្មណ៍​ទៅនឹង​ការ​ទាមទារ​របស់​ពួកគេ។ ពួក​អ៊ុយហ្គួ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ពួកគេ​មាន​លទ្ធភាព ក្នុងការ​រៀបចំ​ការ​វាយប្រហារ​ នៅ​គ្រប់ទីកន្លែង ដោយ​រាប់ទាំង​ទីតាំង ដែល​នៅ​ក្រៅ​តំបន់​ស៊ីងជាំង ដែល​ជា​មូលដ្ឋាន​របស់​ពួកគេ។

នយោបាយ​តឹងរ៉ឹង​របស់​អាជ្ញាធរ​ចិន ដែល​បង្រ្កាប​ទៅលើ​ពួក​អ៊ុយហ្គួ​ នៅ​ក្នុង​តំបន់​ស៊ីងជាំង ដែល​កើតមាន​កាន់តែ​ខ្លាំង ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក អាច​ជា​មូលហេតុ​ចម្បងមួយ ដែល​ជំរុញ​ឲ្យ​មាន​ដំណើរវិវឌ្ឍ​នៃ​អំពើ​ភេរវកម្ម​របស់​ពួក​អ៊ុយហ្គួ​នៅពេលនេះ។ ពួកអ៊ុយហ្គួ​​ជាច្រើន​​បាន​រត់គេច​ពី​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ ហើយ​ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង ដែល​​ខ្លះ​បាន​រត់ភៀសខ្លួន​​រហូត​ទៅដល់​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន ដែល​ជា​សម្បុក​របស់​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម។ នៅទីនោះ ពួក​អ៊ុយហ្គួ​ខ្លះ​ចាប់ផ្តើម​ធ្លាក់ចូល​ទៅ​ក្នុង​គំនិត​ជ្រុលនិយម ហើយ​​​ចាប់ដៃ​សហការ​ជាមួយ​ក្រុម​តាលីបង់ ឬ​អាល់កៃដា ដើម្បី​ត្រឡប់​មក​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​ នៅ​ក្នុង​ប្រទេស​ចិនវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI