អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តំបន់​ស្វយ័ត គៀរឌីស្តង់​ឆ្លៀត​ចង់​ផ្តាច់ទឹកដី​ពី​អ៊ីរ៉ាក់

សំឡេង ០៨:០៤
ប្រមុខការបរទេស​អាមេរិក​ជួប​ជាមួយ​មេដឹកនាំ​គៀរឌីស្តង់ នៅថ្ងៃ​អង្គារ​ទី២៤​មិថុនា ២០១៤
ប្រមុខការបរទេស​អាមេរិក​ជួប​ជាមួយ​មេដឹកនាំ​គៀរឌីស្តង់ នៅថ្ងៃ​អង្គារ​ទី២៤​មិថុនា ២០១៤ ©REUTERS/Stringer
ដោយ៖ ឈាង បុប្ផា
៤១ នាទី

ប្រមុខ​ការបរទេស​អាមេរិក លោក​ចន ឃែរី កំពុង​ធ្វើ​ទស្សនកិច្ច នៅ​តំបន់​ស្វយ័ត គៀរឌីស្តង់ ក្នុង​ទឹកដី​អ៊ីរ៉ាក់ ក្នុងបំណង​ស្វះស្វែង​រក​ការបង្រួបបង្រួម​គ្រប់​ចលនា​នយោបាយ នៅអ៊ីរ៉ាក់ ដើម្បី​ទប់ទល់​នឹង​ក្រុមជីហាត។ នៅថ្ងៃ​អង្គារ​នេះ លោកបាន​ជួប​និយាយ​ជាមួយ មេដឹកនាំ​តំបន់​គៀរឌីស្តង់ ដែល​ជា​តំបន់​ស្វយ័ត មួយ​នៅអ៊ីរ៉ាក់។ នៅ​មួយថ្ងៃ មុន​​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដាក់ជើង​នៅ​តំបន់​គៀរឌីស្តង់ មេដឹកនាំ​គៀរឌីស្តង់​ទើប​នឹង​បាន​ប្រកាស​ប្រាប់​ទូរទស្សន៍​អាមេរិកាំង CNN កាលពី​ថ្ងៃចន្ទ ពី​គម្រោង​ចង់​ប្រកាស​ទាមទារ​ឯករាជ្យ ផ្តាច់​តំបន់​គៀរឌីស្តង់​ចេញពី​ទឹកដី​អ៊ីរ៉ាក់។  

ផ្សាយពាណិជ្ជកម្ម

តំបន់​គៀរឌីស្តង់​ស្ថិតនៅ​ភាគឦសាន​អ៊ីរ៉ាក់ មាន​សំបូរ​រស់នៅ​ដោយ​ជនជាតិ គៀរឌីស្តង់ គឺ​មិនមែន​ប្រជាជន​អ៊ីរ៉ាក់​ទេ។ ជនជាតិ​គៀរឌីស្តង់ ជា​ជនជាតិ​មួយ​ដែល​រស់នៅ​បែកខ្ញែក នៅក្នុង​ប្រទេស​ចំនួន​៤ គឺ​ស៊ីរី តួកគី អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ នៅ​ទឹកដី​អ៊ីរ៉ាក់ ប្រជាជន​គៀរឌីស្តង់​មានចំនួន​ប្រមាណ ៧លាន​នាក់។ តំបន់​គៀរឌីស្តង់​នេះ បាន​ក្លាយ​ជា​តំបន់​ស្វយ័ត នៅ​ឆ្នាំ ២០០៥ និង​មាន​ការទទួល​ស្គាល់​ពី​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ាក់។ តំបន់​គៀរឌីស្តង់​មាន​រចនាសម្ព័ន្ធ នយោបាយ សេដ្ឋកិច្ច មាន​កងទ័ព ជាតិមួយ និង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ ដូច​ប្រទេស​ធម្មតាមួយ។ តំបន់​នេះ​មាន​រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួងជាង​១០ ពោល គឺគ្រប់​ដំណើរការ នៅ​គៀរឌីស្តង់ ​មាន​លក្ខណៈ​ដូចជា​ប្រទេស​មួយ ប៉ុន្តែ ជា​ផ្លូវការ វាគ្រាន់តែ តំបន់​ស្វយ័ត​មួយ​របស់​អ៊ីរ៉ាក់។ នោះ​បើ​ទោះបី​ជា​តំបន់គៀរឌីស្តង់​មិន​ពឹងអាស្រ័យ ទៅលើ​ថ្នាក់ដឹកនាំ​​អ៊ីរ៉ាក់ ​ទាំងនៅ​ក្នុង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។

 
ការវាយលុកលុយ​របស់​ក្រុមជីហាត នៅក្នុង​ទឹកដី​អ៊ីរ៉ាក់​បាន​ផ្តល់​ឱកាស​ច្រើន​ដល់​តំបន់​ស្វយ័ត គៀរឌីស្តង់ ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន។ នៅពេល​ឃើញ​រដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុង​ជួប​ការបែកបាក់ និង​ចុះខ្សោយ​នៅ​ចំពោះ​មុខ ក្រុម​អ៊ីស្លាម​ជ្រុលនិយម មេដឹកនាំ​តំបន់​ស្វយ័ត គៀរឌីស្តង់​ឯណោះ​វិញ ​ក៏​បាន​និយាយ​ជាន់​បន្ថែម ដោយ​ថា “រដ្ឋាភិបាល​អ៊ីរ៉ាក់ ​កំពុង​ធ្លាក់ចុះ និង​បែកបាក់គ្នា​ជាបំណែក។ អ្វីៗ​បាន​ដួលរលំៗ តាំងពី​កងទ័ព ពលទាហាន និង​ប៉ូលិស”។ តាម​មេដឹកនាំ គៀរឌីស្តង់ លោក​ម៉ាស៊ូដ បារហ្សានី អ៊ីរ៉ាក់​បាន​ឈាន​ចូល​ដល់​សករាជថ្មី ដូច្នេះ វា​ដល់​ពេល​ហើយ ដែល​ប្រជាជន​គៀរឌីស្តង់​ត្រូវ​សម្រេច​លើ​ជោគវាសនា​ខ្លួនឯង

កន្លងមក បើទោះបី​ជា​តំបន់ស្វយ័ត គៀរឌីស្តង់ មិន​ដែល​ធ្លាប់​ធ្លោយមាត់​ទាមទារ​ឯករាជ្យ​ពី​រដ្ឋអំណាច​អ៊ីរ៉ាក់ ប៉ុន្តែ តំបន់​គៀរឌីស្តង់​ធ្លាប់​បាន​បាន​បង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន ដើម្បី​ទាមទារ​យក​ខេត្ត ឬ​ទីក្រុង​ផ្សេងទៀត​របស់​អ៊ីរ៉ាក់ ដែល​មាន​ប្រជាជន​គៀរឌីស្តង់ យក​មក​បញ្ចូល ភ្ជាប់​ជាមួយ​តំបន់​ស្វយ័ត​របស់ខ្លួន។ ជាក់ស្តែង នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កងទ័ព​របស់​គៀរឌីស្តង់​ដែល​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្លាំងជាង​ក្រុម​ជីហាត បាន​វាយ​ពួកនេះ បណ្តេញ​ចេញ​ពី​ទីក្រុង​Kirkuk​ក្នុងទឹកដី​អ៊ីរ៉ាក់។ តំបន់​គៀរឌីស្តង់​ស្រមៃ​ចង់​បាន​ទីក្រុង​នេះ មក​បញ្ចូល​ទៅក្នុងតំបន់​របស់ខ្លួន តាំងពី​យូរណាស់​មកហើយ ប៉ុន្តែ មិន​ហ៊ាន ដោយសារ​ការជំទាស់​របស់​រដ្ឋាភិបាល​ទីក្រុង​បាកដាត។ ប៉ុន្តែ ឆ្លៀត​ឱកាស​ដែល​កងទ័ព​អ៊ីរ៉ាក់​ចាញ់ដៃ​របស់​ក្រុម​ជីហាត នៅ​ទីក្រុង​គៀរគុក​នេះ ទាហាន​គៀរឌីស្តង់​ក៏​បាន​ដៃ វាយដណ្តើម​យក​ទីក្រុង​នេះ ពី​ដៃ​ជីហាត និង​បញ្ចូល​ទៅក្នុង​តំបន់​របស់ខ្លួន​តែម្តង។

តំបន់​គៀរឌីស្តង់ គ្របដណ្តប់​កំណប់​ប្រេងជាច្រើន​របស់អ៊ីរ៉ាក់ ដូច្នេះ បើសិន​ជា​តំបន់​គៀរឌីស្តង់​អាច​ផ្តាច់​ចេញពី​អ៊ីរ៉ាក់ នោះ តំបន់​នេះ នឹង​គ្រប់គ្រង ធ្វើ​ជា​ម្ចាស់​លើ​អណ្តូងប្រេង​រាប់សិប ដែល​រហូត​មកដល់​ពេលនេះ កំពុង​ជួយ​ឲ្យ​តំបន់​គៀរឌីស្តង់​នៅ​អ៊ីរ៉ាក់ ជួប​ការសំបូរសប្បាយ។ ប្រជាជនដែល​រស់នៅក្នុង​តំបន់​​គៀរឌីស្តង់ មាន​ជីវភាព​ខ្ពស់​ជាង​ប្រជាជន​អ៊ីរ៉ាក់​ជាទូទៅ។ តំបន់​នេះ​ជួប​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដោយសារ​តែ​កងទ័ព​របស់​តំបន់​នេះ មាន​សមត្ថភាព​ខ្ពស់ និង​ជំនាញ អាច​ទប់ទល់​នឹង​ក្រុម​ភេរវជន ឬ​ក្រុមជីហាត។

រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែល​កំពុង​ឃើញ​ខ្លួន​បាត់បង់​ទឹកដី និង​អណ្តូងប្រេង ពិតជា​មិន​សប្បាយចិត្ត ព្រោះខ្លួន​អាច​បាត់តបង់​អណ្តូងប្រេង និងប្រាក់​ចំណេញ​ដែល​បាន​ពីប្រេង បើសិន​ជា​គៀរឌីស្តង់​ប្រកាស​ឯករាជ្យ។

មួយវិញទៀត នៅមានប្រទេស​មួយចំនួន​ដែល​មិនសប្បាយចិត្ត គាំទ្រ​ចង់​ឲ្យ​ប្រជាជន​គៀរឌីស្តង់ នៅ​អ៊ីរ៉ាក់​ទាមទារ​ឯករាជ្យ។ ប្រទេស​ទាំងនោះ មាន​ដូចជា​ស៊ីរី អ៊ីរ៉ង់ ជាពិសេស តួកគី​តែម្តង ដែល​មិន​ចង់​ឃើញ ប្រជាជន​គៀរឌីស្តង់ នៅក្នុង​ទឹកដី​តួកគី ចង់​យក​គំរូ​ដើរតាម តំបន់​ស្វយ័ត គៀរឌីស្តង់ នៅ​អ៊ីរ៉ាក់។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ តួកគី​បាន​ខិតខំ​ខិតចូលចិត្ត​អាជ្ញាធរ​គៀរឌីស្តង់ នៅ​អ៊ីរ៉ាក់ ក្នុង​បំណង​ជះឥទ្ធិពល​របស់ខ្លួន​ទៅលើ​ក្រុមនេះ។ សម្រាប់​គៀរឌីស្តង់​នៅ​អ៊ីរ៉ាក់ តួកគី​មិនមែន​ជា​សត្រូវ ប៉ុន្តែ ជា​អតិថិជន​ដែល​ទិញប្រេង​របស់​តំបន់​ស្វយ័ត គៀរឌីស្តង់ សម្រាប់​យក​ទៅលក់​នៅ អឺរ៉ុប។ បើ​តួកគី​អាច​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​របស់​គៀរឌីស្តង់ នៅ​អ៊ីរ៉ាក់ នោះ តួកគី​មិន​បារម្ភទេថា ក្រុមគៀរឌីស្តង់​នៅ​អ៊ីរ៉ាក់ នឹង​អាច​ញុះញង់​ឲ្យ​ជនជាតិ​គៀរឌីស្តង់ នៅ​តួកគី​ធ្វើ​ចលនា​ទាមទារ​ផ្តាច់​ទឹកដី​ពី​រដ្ឋាភិបាល​តួកគី។

អាមេរិក​ចង់​ឲ្យ​គៀរឌីស្តង់​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​នៅ​អ៊ីរ៉ាក់

នៅ​អ៊ីរ៉ាក់ អាមេរិក​មានឥទ្ធិពល​ទាំង​ទៅលើ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ទៅលើ​តំបន់​ស្វយ័ត គៀរឌីស្តង់។ តំបន់​ស្វយ័ត គៀរឌីស្តង់​នេះ​ជាសម្ព័ន្ធ​មិត្ត​របស់​អាមេរិក បន្ទាប់ពី​អាមេរិក​បាន​ជួយ​តំបន់​នេះ ឲ្យ​រួចផុត​ពី​ការកាប់​សម្លាប់​រង្គាល​របស់​សាដាម ហ៊ូសេន ក្នុង​ទសវត្សរ៍ ២០០០។ គឺ​អាមេរិក​ដែល​ធ្លាប់​បណ្តុះបណ្តាល​ទាហាន​គៀរឌីស្តង់ និង​បង្កើត​តំបន់​គ្មានការហោះហើរ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ទាហាន​ស៊ុននីត​របស់​សាដាម។

នៅពេល​ដែល​ក្រុមជីហាត វាយលុក​ដណ្តើម​កាន់កាប់​ទីក្រុង​នៅ​អ៊ីរ៉ាក់ អាមេរិក​មិន​មែន មើល​មិនឃើញ​ពី​ជំហរ​របស់​ តំបន់​ស្វយ័ត គៀរឌីស្តង់ទេ។ នៅក្នុង​ជំនួប​ថ្ងៃនេះ ជាមួយ​មេដឹកនាំ​គៀរឌីស្តង់​នៅ​អ៊ីរ៉ាក់ ប្រមុខការបរទេស​អាមេរិក​ធ្លាប់​ទាំងថ្លែងថា ភាពព្រងើយ​កន្តើយ​របស់​ទាហាន​គៀរឌីស្តង់​មាន​លក្ខណៈ​អាក្រក់មើល​ណាស់ ព្រោះ​វាបាន​ជំរុញ​ឲ្យ​ក្រុមជីហាត​វាយយក​ទីតាំង​កាន់តែច្រើន​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ អាមេរិក​ដឹងថា ទឹកដី​ដែល​តំបន់​គៀរឌីស្តង់​វាយយក​បាន​មកគ្រប់គ្រង​ពេលនេះ គឺ​ពិបាក​នឹង​ត្រលប់​ក្លាយ​ជាទឹកដី​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​វិញណាស់។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុមគៀរឌីស្តង់​ចូលរួម នៅក្នុង​ការបង្រួបបង្រួម​គ្រប់​និន្នាការ​នយោបាយ ដើម្បី​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ឲ្យ​បាន​ដាច់ខែ​មិថុនានេះ។ មើលទៅ គឺ​អាមេរិក​ដែល​មិន​ចង់​ឲ្យ​អ៊ីរ៉ាក់​បែកបាក់​តទៅទៀត​នោះ ប្រហែល​ជា​មិនគាំទ្រ​គំនិត​សុំ​ឯករាជ្យ ទាមទារ​ផ្តាច់​ទឹកដី​របស់​គៀរឌីស្តង់​នៅ​អ៊ីរ៉ាក់​បានទេ។

សម្រាប់​អាមេរិក ជនជាតិ​គៀរឌីស្តង់​ដើរតួយ៉ាងសំខាន់ សម្រាប់​ដោះស្រាយ​វិបត្តិដែល​អ៊ីរ៉ាក់​កំពុង​ជួប​សព្វថ្ងៃនេះ។ នៅក្នុង​ប្រពៃណី សម្របសម្រួល​អំណាច​នៅ​អ៊ីរ៉ាក់ ប្រធានាធិបតី​របស់​អ៊ីរ៉ាក់​គឺ​ជា​ជនជាតិ​គៀរឌីស្តង់ ចំណែក​នាយករដ្ឋមន្រ្តី​មកពី​និកាយ​ស្ហីអ៊ីត និង​តំណែង​ប្រធាន​រដ្ឋសភា ត្រូវ​ប្រគល់​ទៅ​ឲ្យ​មនុស្ស​មក​ពី​និកាយ​ស៊ុននីត។ ក្រុមគៀរឌីស្តង់​មាន​អំណាច និង​កងទ័ព​ដែលមាន​ជំនាញ និង​ដែល​អាច​វាយយក​ឈ្នះ​លើ​ក្រុមជីហាត។ អ្នកជំនាញ​វាយតម្លៃថា បើសិន​ជា​ជនជាតិ​គៀរឌីស្តង់​លូកដៃ ចូល​ក្នុង​រដ្ឋាភិបាល​បង្រួបបង្រួម​នៅពេលនេះ នោះ​ជនជាតិ​គៀរឌីស្តង់ នឹង​មាន​អំណាច និង​ឥទ្ធិពល​ខ្លាំង​នៅក្នុង​រដ្ឋាភិបាល ពោលគឺ​ជា​អ្នកគ្រប់គ្រង​ប្រទេស អ៊ីរ៉ាក់ នោះ​គឺ​សំខាន់​ជាង​ការបង្កើត​រដ្ឋឯករាជ្យ​គៀរឌីស្តង់ទៅទៀត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ