ធនាគារកណ្តាលអឺរ៉ុបត្រៀមលក្ខណៈជាស្រេចនឹងជួយប្រទេសក្នុងតំបន់អឺរ៉ូជួបនឹងការលំបាក
នៅថ្ងៃព្រហស្បតិ៍ទី៦កញ្ញាម្សិលមិញ ធនាគារកណ្តាលអឺរ៉ុប BCE បានប្រកាសប្រាប់ អ្នកដែលនៅសង្ស័យពី “ភាពឋិតថេរ” នៃតំបន៉អឺរ៉ូហើយនិងរូបិយបណ្ណអឺរ៉ូថា គេមានកម្មវិធីគ្មានកម្រិតក្នុងការទិញប្រាក់បំណុលនៃប្រទេសទន់ខ្សោយក្នុងតំបន់អឺរ៉ូ មានដូចជាប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលអឺរ៉ុបក្នុងការជួយទិញ ដោយមានលក្ខខណ្ឌ នូវប្រាក់បំណុលសាធារណៈនៃប្រទេសទន់ខ្សោយក្នុងតំបន់អឺរ៉ូ មានដូចជាប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលី បានបណ្តាលឲ្យទីផ្សារមូលប័ត្រស្ទុះឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ទី៦កញ្ញាឆ្នាំ២០១២ម្សិលមិញ។ នៅព្រឹកថ្ងៃសុក្រនេះទៀតទីផ្សារហិរញ្ញវត្ថុនៅអាស៊ីក៏បានស្ទុះកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ ចំណែកឯអត្រាការប្រាក់សម្រាប់រយៈកាល១០ឆ្នាំរបស់ប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលី ដែលជាប្រទេសទន់ខ្សោយក្នុងតំបន់ចាយប្រាក់អឺរ៉ូក៏បានស្រុតចុះទាបវិញខ្លាំងណាស់ដែរ។ រីឯមជ្ឈដ្ឋាននយោបាយឯណោះក៏មានប្រតិកម្មខុសប្លែកគ្នា។
នៅទីក្រុងឡុងដ្រឹ៍ លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ដែលទទួលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែងសរសើរគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលអឺរ៉ុបថា មានទស្សនៈត្រឹមត្រូវប្រហាក់ប្រហែលនឹងប្រទេសអង់គ្លេស។ ទីក្រុងឡុងដ្រឹ៍ចង់ឲ្យធនាគារកណ្តាលអឺរ៉ុបគាំទ្ររូបិយបណ្ណអឺរ៉ូរបស់ខ្លួនឲ្យបានមុតមាំ។
រីឯលោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់វិញបានថ្លែងថា ប្រទេសបារាំងគោរព “ឯករាជ្យរបស់ស្ថាប័នអឺរ៉ុបមួយនេះ” ដែលអនុវត្តសមស្របតាមសិទ្ធិនិងអំណាចរបស់ខ្លួន ហើយនិងតួនាទីរបស់ ធនាគារកណ្តាលអឺរ៉ុប ដែលត្រូវប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាទំនិញឡើងថ្លៃ និងធ្វើយ៉ាងណាឲ្យតំបន់អឺរ៉ូមានសន្ទុះកំណើនសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីយោ ម៉ុងទីវិញថ្លែងថា “នេះជាគំនិតផ្តួចផ្តើមនិងជាជំហានមួយដ៏វែងរបស់ធនាគារកណ្តាលអឺរ៉ុបដើម្បីឲ្យមានអភិបាលកិច្ចល្អប្រសើរនៅក្នុងតំបន់អឺរ៉ូ”។
ខុសពីគេ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា មែរគែល បានថ្លែងប្រកាសថា “ធនាគារកណ្តាលអឺរ៉ុបអនុវត្តសមស្របតាមក្របខណ្ឌឯករាជ្យនិងលក្ខន្តិកៈរបស់ខ្លួន”។ ក៏ប៉ុន្តែប្រទេសអាល្លឺម៉ង់នៅតែសម្ដែងឲ្យដឹងពីការប្រឆាំងរបស់គេនៅចំពោះមុខការទិញប្រាក់បំណុលសាធារណៈដោយធនាគារកណ្តាលអឺរ៉ុប។
លោក Jose Manuel Barroso ដែលជាប្រធាននៃគណៈកម្មការអឺរ៉ុបបានសម្តែងគាំទ្រផែនការរបស់ធនាគារកណ្តាលអឺរ៉ុបដែលបានប្រព្រឹត្តសមស្របតាមសិទ្ធិនិងអំណាចរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ