ប្រទេសចិននឹងពន្លឿនកំណែទម្រង់សេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃពុធទី១៤មីនាឆ្នាំ២០១២នេះ លោកនាយករដ្ឋមន្ត្រីចិន វិនជាប៉ាវ បានប្រកាសឲ្យដឹងថា ប្រទេសចិននឹងពន្លឿនកំណែទម្រង់សេដ្ឋកិច្ចហើយនិងធ្វើឲ្យប្រាក់យ័នចិនមានដំណើរការដោយសេរី។ ទាំងនេះ ដើម្បីឈានទៅកាន់ការក្តោបក្តាប់សន្ទុះកំណើនសេដ្ឋកិច្ច ហើយនិងការពារប្រទេសចិនឲ្យចៀសផុតពីសម្ពាធមកពីក្រៅប្រទេស ព្រមទាំងហានិភ័យទីផ្សារអចលនទ្រព្យ។
“សេចក្តីសម្រេចចិត្តធ្វើឲ្យអត្រានៃកំណើនសេដ្ឋកិច្ចចិនធ្លាក់មកនៅ៧,៥%នៅឆ្នាំ២០១២ជាជាង៨%គឺពិតជាការចាំបាច់ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ធ្វើការចែកចាយសម្បត្តិទ្រព្យប្រទេសជាតិជូនប្រជាជនចិនឲ្យបានត្រឹមត្រូវ ហើយនិងធ្វើការក្តោបក្តាប់ទៅលើបញ្ហាទំនិញឡើងថ្លៃ” នេះជាការថ្លែងបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រីចិន វិនជាប៉ាវ នាឱកាសសន្និសីទកាសែត។
ដោយមូលហេតុវិបត្តិប្រាក់បំណុលអឺរ៉ុប ហើយនិងទីផ្សារក្រៅប្រទេសចេះតែខើចរួមតូច សម្ពាធមកពីក្រៅប្រទេសក៏ចេះតែមកធ្វើការគាបសង្កត់ឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ។ នៅក្នុងស្ថានភាពបែបនេះហើយដែលទីក្រុងប៉េកាំងត្រូវតែបន្ថយមហិច្ឆតារបស់ខ្លួនពាក់ព័ន្ធនឹងអត្រាកំណើនសេដ្ឋកិច្ច ហើយនិងធ្វើកំណែទម្រង់ទៅលើរចនាសម្ព័ន្ធរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីចិនក៏បានថ្លែងឲ្យដឹងទៀតថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសចិនមានតម្លៃខ្ពស់ហួសហេតុពេក ដូច្នេះគេត្រូវតែធ្វើការប្រយុទ្ធប្រឆាំងទល់នឹងការទិញលក់កេងយកចំណេញក្នុងវិស័យអចលនទ្រព្យ។ ការទិញលក់កេងយកចំណេញក្នុងវិស័យអចលនទ្រព្យដែលអាចបណ្តាលឲ្យកើតមានវិបត្តិធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៃប្រទេសចិន។
គួរកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រីចិន វិនជាប៉ាវ នឹងត្រូវចាកចេញពីមុខតំណែងនៅឆ្នាំក្រោយ ទន្ទឹមគ្នានឹងលោកប្រធានាធិបតីចិន ហ៊ូជិនតាវ។ បើយោងតាមតួលេខស្ថិតិចុងក្រោយ ឧបសគ្គដែលកើតមាននៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រទេសនិងក្រៅប្រទេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចនឹងធ្វើឲ្យមានការលំបាកដល់គណបក្សកុម្មុយនិស្តចិនដែលឲ្យអាទិភាពទៅលើបញ្ហាស្ថិរភាព។
គួរបញ្ជាក់ថា វិបត្តិប្រាក់បំណុលនិងការទិញដូរហូបចុកធ្លាក់ចុះពិតជាធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញទំនិញចិនពីសំណាក់ទីផ្សារធំៗពីរក្នុងលោកគឺសហរដ្ឋអាមេរិកនិងអឺរ៉ុប។ ស្ថិតិពាណិជ្ជកម្មដែលបានផ្សាយឲ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅបានឲ្យដឹងថា ជញ្ជីងពាណិជ្ជកម្មចិនបានស្គាល់ឧនភាព៣១,៥ពាន់លានដុល្លារនៅខែកុម្ភៈកន្លងទៅ ដែលជាឧនភាពមួយដ៏សែនធ្ងន់ធ្ងរពុំដែលកើតមាននារយៈពេលមួយទសវត្សរ៍ចុងក្រោយនេះសម្រាប់ប្រទេសចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ