រុស្ស៊ីជាម្ចាស់ផ្ទះទទួលជំនួបកំពូល APEC ឆ្នាំ២០១២
មុនដល់ជំនួបកំពូលផ្ទាល់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ និងទី ៩កញ្ញាខាងមុខក្នុងក្រុង Vladivostok ចុងបូព៌ាប្រទេសរុស្ស៊ី ម្សិលមិញ និង ថ្ងៃទី៦កញ្ញានេះ អស់២ថ្ងៃជាប់មានប្រព្រឹត្តទៅសម័យប្រជុំក្នុងថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស និង ក្រសួងពាណិជ្ជកម្មនៃ២១ប្រទេសសមាជិក“អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក”នេះ។ ជាតុល្យាការគេបានអនុម័តយក“សេចក្តីថ្លែងការណ៍រួម” សម្រាប់ទទួលការចុះហត្ថលេខាដោយជំនួបកំពូល APEC ក្នុងថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលតែម្តង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បូកសរុបលទ្ធផលនៃសម័យប្រជុំរយៈពេល២ថ្ងៃកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជាប្រទេសម្ចាស់ផ្ទះ គឺលោក Serguei Lavrov ដោយលាតត្រដាងសេចក្តីថ្លែងការណ៍រួមនោះបានលើកឡើងថា ៖-
-បណ្តាប្រទេស APEC បានបញ្ជាក់ពីភក្តីភាពខ្លួនចំពោះ “បន្ទាត់នៃសេរីកម្មពាណិជ្ជកម្មនិងវិនិយោគ” ក្នុងគោលដៅកែឲ្យប្រសើរឡើង ល័ក្ខខ័ណ្ឌ សម្រាប់ធ្វើពាណិជ្ជកម្មនិងវិនិយោគ ដោយមិនបណ្តោយ ឲ្យបង្កើតឡើងជារបងឧបត្ថម្ភនិយមជាសិប្បនិម្មិត។
-គ្រប់តែតំណាងនៃសេដ្ឋកិច្ចប្រទេស APEC ថ្លែងដើម្បីការស៊ីជម្រៅ សមាហរ័ណកម្មសេដ្ឋកិច្ចដែលជាមធ្យោបាយចម្បងនៃការចល័តឆ្ពោះទៅកសាង“ប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហ”។
-ប្រទេសAPEC គូសបញ្ជាក់ពីសារៈសំខាន់នៃការចាត់វិធានការតទៅទៀតឆ្ពោះទៅកែឲ្យល្អឡើងបណ្តាញនិងប្រព័ន្ធផ្លូវដឹកជញ្ជូនក្នុងលំហអាស៊ី-ប៉ាស៊ីហ្វិក។
-ប្រទេសAPEC គាំទ្រដល់សំណើរុស្ស៊ី ឲ្យចាត់វិធានការកាន់តែស្វាហាប់ឡើងសម្រាប់ធានានូវសន្តិសុខស្បៀងអាហារ។ សាច់រឿងគឺអំពីការទ្រទ្រង់ទីផ្សារគ្រឿងបរិភោគឲ្យមានស្ថិរភាព, ពង្រីកលទ្ធភាពរបស់បណ្តាជនក្រីក្រ ឲ្យទទួលបានស្បៀងអាហារ លើកយកបច្ចេកវិជ្ជាថ្មីៗ ទៅអនុវត្តក្នុងវិស័យកសិកម្ម, ប្រយុទ្ធទល់នឹងការនេសាទនិងការជួញជលផលដោយខុសច្បាប់។
ចំណែករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Andrei Beloousov ទាក់ទងនឹងវគ្គស្តីអំពី ពាណិជ្ជកម្មនៃសេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា ៖
រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ប្រទេសAPEC បានឯកភាពគ្នា ទៅលើរបស់ដែលហៅថា “បញ្ជីបៃតង” នៃទំនិញ ៥៤ប្រភេទ ពោលគឺ ទំនិញដែលពាក់ព័ន្ធទៅនឹងការថែរក្សាបរិស្ថាន, ការប្រមាណអំពីហានិភ័យគ្រោះធម្មជាតិ, ការត្រួតពិនិត្យលើគុណភាពទឹកសម្រាប់ហូប និងខ្យល់សម្រាប់ដកដង្ហើម។ ទំនិញអស់ទាំងនេះ នឹងត្រូវបន្ធូរមែនទែន ពីការហូតពន្ធគយ។ បានន័យថា បើប្រមុខរដ្ខ និងប្រមុខរដ្ឋាភិបាលAPEC អនុម័តទៅលើ”បញ្ជីបៃតង”ខាងលើ នោះទៅទល់ឆ្នាំ ២០១៥ គឺបន្ទាបពន្ធគយនេះ ដែលសព្វថ្ងៃនៅតាមប្រទេសខ្លះមានកម្រិតដល់ ៣០% ឲ្យធ្លាក់មកនៅត្រឹម ៥%ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ