ម៉ូស្គូចង់រៀបចំឲ្យមានសន្និសីទអន្តរជាតិស្តីពីស៊ីរីដោយមានការចូលរួមពីអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសរុស្ស៊ីចង់រៀបចំឲ្យមានសន្និសីទអន្តរជាតិមួយស្តីពីប្រទេសស៊ីរីឲ្យបានឆាប់រហ័សដើម្បីអនុវត្តផែនការរបស់បេសកជនពិសេសនៃអ.ស.ប. លោកកូហ្វីអាណាន។ នេះជាការប្រកាសឲ្យដឹងដោយនាប្រមុខការទូតរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ ឱកាសសន្និសីទកាសែតមួយនៅទីក្រុងម៉ូស្គូនៅថ្ងៃសៅរ៍ទី៩មិថុនាឆ្នាំ២០១២។
នាឱកាសសន្និសីទកាសែតមួយនៅទីក្រុងម៉ូស្គូ ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានប្រកាសរំលឹកថា ប្រទេសរុស្ស៊ីពុំយល់ព្រមទទួលយកឡើយនូវ “សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ” ស្តីពីអន្តរាគមន៍យោធាបរទេសនៅប្រទេសស៊ីរី។ ហើយម្យ៉ាងទៀត លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានសង្កត់បញ្ជាក់ឲ្យដឹងថា ទីក្រុងម៉ូស្គូចង់ឲ្យប្រទេសអ៊ីរ៉ង់ចូលរួមក្នុងសន្និសីទអន្តរជាតិនេះ។ ក៏ប៉ុន្តែ ទាំងនេះបានត្រូវទទួលការប្រឆាំងយ៉ាងដាច់ខាតពីសំណាក់ប្រទេសលោកខាងលិចមួយចំនួន។
ដូច្នេះ វាពិតជាការមួយដ៏លំបាកសម្រាប់អ្នកការទូតរុស្ស៊ីរៀបចំឲ្យមានសន្និសីទអន្តរជាតិដែលមានការចួលរួមពីសំណាក់ប្រទេសអ៊ីរ៉ង់ផង ពីសំណាក់សហរដ្ឋអាមេរិកផង ពីសំណាក់ប្រទេសអង់គ្លេសនិងប្រទេសបារាំងផង។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងអ៊ីស្តង់ប៊ូល ទីក្រុងវ៉ាស៊ីនតោន ប៉ារីស និងទីក្រុងឡុងដ្រឹ៍ធ្លាប់បានបដិសេធម្តងរួចទៅហើយ ពុំយល់ព្រមឲ្យទីក្រុងតេហេរ៉ង់ចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីប្រទេសស៊ីរី។ ដោយសហរដ្ឋអាមេរិកនិងក្រុមប្រឹក្សាជាតិស៊ីរី CNS ដែលជាបក្សសម្ព័ន្ធប្រឆាំងស៊ីរីដ៏សំខាន់ បានចោទប្រទេសអ៊ីរ៉ង់ថា ជាអ្នកបានផ្តល់ជំនួយយោធាឲ្យរបបគ្រប់គ្រងស៊ីរីផ្តាច់ការបាស្ហារអាល-អាស្សាដ។
ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានថ្លែងបញ្ជាក់ទៀតថា អន្តរាគមន៍យោធាជាយថាហេតុនៅប្រទេសស៊ីរី អាចបង្កឲ្យមាន “តំបន់អស្ថិរភាព” នៅឈូងសមុទ្រពែរស៍និងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដែលទាំងនេះនឹងអាចជួយបញ្ឆេះឲ្យមានការប្រយុទ្ធគ្នារវាងអ្នកកាន់សាសនាអ៊ីស្លាមនិន្នាការនិកាយស៊ុន្នីតហើយនិងអ្នកកាន់សាសនាអ៊ីស្លាមនិន្នាការនិកាយស្ហ៊ីអ៊ីតនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានថ្លែងឲ្យដឹងទៀតថា ទីក្រុងម៉ូស្គូគាំទ្រដោយ “រីករាយ” នូវការចាកចេញពីរដ្ឋអំណាចដោយបាស្ហារអាល-អាស្សាដ “បើប្រសិនជាមានឆន្ទៈរបស់ប្រជាជនស៊ីរី”។ ទស្សនវិស័យនេះជាការទាមទារចង់បានជាយូរយារណាស់មកហើយ ដោយប្រទេសលោកខាងលិច។ លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានទាំងបង្ហាញឲ្យឃើញនូវការសាងផ្ទេរអំណាចរវាងអ្នកក្នុងប្រទេសនៅយេម៉ែនប្រកបដោយជោគជ័យដោយគ្មានអន្តរាគមន៍បរទេសផងទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ