យូណេស្កូនិងកម្ពុជាបន្តជួសជុលអង្គវត្តក្នុងជំហានទី២
រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការ ជួសជុល និងអភិរក្សប្រាសាទអង្គរវត្តជំហានទី២នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គម្រោងជួសជុលនិងអភិរក្សនេះត្រូវបានឧបត្ថម្ភរួមគ្នាដោយរដ្ឋាភិបាលអ៊ីតាលី និងរដ្ឋាភិបាលកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប២សែន៥ម៉ឺនដុល្លារ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូបានព្រមព្រៀងបន្តការដ្ឋានជួសជុល និងអភិរក្សប្រាសាទអង្គរវត្តទៀតក្នុងជំហានទី២។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន និងលោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជានៅព្រឹកថ្ងៃទី៦កញ្ញានេះ។
គម្រោងជួសជុល និងអភិរក្សប្រាសាទអង្គរវត្តជំហានទី២ដែលមានរយៈពេល២ឆ្នាំនេះ នឹងតំណើរការដោយការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលប្រទេសអ៊ីតាលី ចំនួន២សែនដុល្លារ និងការឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជាចំនួន៥ម៉ឺនដុល្លារថែមទៀត។ គួរបញ្ជាក់ថា គម្រោងជួសជុលជំហ៊ានទី២នេះ គឺជាការងារបន្តពីគម្រោងទីមួយដែលមានរយៈពេល៧ឆ្នាំ ពោលគឺពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១ ដែលជំហ៊ានទីមួយនោះ រដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៥៦០០០ដុល្លារ រីឯរដ្ឋាភិបាលអ៊ីតាលីបានផ្តល់ថវិកាចំនួន៥៦៥០០០ដុល្លារ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អានបានថ្លែងនៅក្នុងពិធីចុះហត្ថលេខាព្រឹកមិញនេះថា ការចុះហត្ថលេខានេះមានអត្ថន័យយ៉ាងខ្លាំង ដោយសារវាបានប្រព្រឹត្តិទៅនៅក្នុងឆ្នាំដែលកម្ពុជា និងអង្គការយូណេស្កូនឹងរៀបចំខួបឆ្នាំទី២០នៃការចុះឈ្មោះប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងខែធ្នូខាងមុខនេះ។
ប្រាសាទអង្គរវត្តត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ ហើយបន្ទាប់មកគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការអភិរក្ស និងការអភិវឌ្ឍឧទ្យានអង្គរក៏ត្រូវបានបង្កើតឡើងដែរ។ ចាប់តាំងពីពេលនោះមក ការដ្ឋានជួសជុលប្រាសាទបុរាណខ្មែរនានាក៏បានចាប់ផ្តើមជាបន្តបន្ទាប់ដោយដឹកនាំដោយអ្នកជំនាញបរទេស។ រហូតដល់ឆ្នាំ២០១២នេះ ការជួសជុលប្រាសាទក្នុងឧទ្យានអង្គរមានរយៈ២០ឆ្នាំហើយ។
លោកលីម ប៊ុនហុក មន្ត្រីការិយាល័យវប្បធម៌នៃអង្គការយូណេស្កូ បានប្រាប់អោយដឹងថា ព្រឹត្តិការណ៍ជាច្រើន រួមមានការតាំងពិព័រណ៌ ការសំដែងសិល្បៈនានាផង ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានអង្គរនឹងត្រូវរៀបចំនៅក្នុងខេត្តសៀមរាបផង និងនៅភ្នំពេញផង ដើម្បីរំលឹកខួប២០ឆ្នាំនៃការចុះឈ្មោះប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌរបស់មនុស្សជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ