អានតួអត្ថបទ
ថៃ

ថៃ៖ អំពើហិង្សា​ជាថ្មី​រវាង​ក្រុម​បាតុករ និង​កម្លំាងប៉ូលីស​បាន​បណ្តាល​ឲ្យ​មាន​របួស​ និង​ស្លាប់

ថៃ៖ អំពើហិង្សា​ជាថ្មី​រវាង​ក្រុម​បាតុករ និង​កម្លំាងប៉ូលីស​បាន​បណ្តាល​ឲ្យ​មាន​របួស​ និង​ស្លាប់
ថៃ៖ អំពើហិង្សា​ជាថ្មី​រវាង​ក្រុម​បាតុករ និង​កម្លំាងប៉ូលីស​បាន​បណ្តាល​ឲ្យ​មាន​របួស​ និង​ស្លាប់
១៨ នាទី

នៅ​ក្នុង​ប្រទេស​ថៃ វិបត្តិ​នយោបាយ​បាន​ផ្ទុះ​ចេញ​នូវ​អំពើហិង្សា​ជាថ្មី​រវាង​កម្លំាង​ប៉ូលីស និង​ក្រុម​បាតុករ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ធ្នូ​នេះ ដោយ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ស្លាប់​ប៉ូលីស​ម្នាក់។ ក្រុមបាតុករ​ដែល​បាន​ព្យាយាម​រារំាង​បេក្ខជន​របស់​គណបក្ស​មិន​ឲ្យ​ចូល​ទៅ​ចុះ​ឈ្មោះ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​នា​ការ​បោះឆ្នោត​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ កម្លំាង​របស់​ក្រុមបាតុករ​ក៏​បាន​បង្ខំ​ឲ្យ​សមាជិក​នៃ​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​រត់​ចោល​កន្លែង​តាម​ឧទ្ធម្ភាគចក្រ ព្រម​ទំាង​ស្នើ​ឲ្យ​មាន​ការ​លើក​ថ្ងៃ​បោះឆ្នោត​​ដែរ។  

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត កម្លំាង​ប៉ូលីស​បាន​ប្រើ​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​បាញ់​ទៅ​លើ​ហ្វូង​បាតុករ​ដែល​បាន​ព្យាយាម​បុក​ទម្លាយ​ចូល​ទៅ​ក្នុង​ពហុកីឡាដ្ឋាន​មួយ​ក្នុង​ទីក្រុង​បាងកក។ គឺ​នៅ​ក្នុង​ពហុកីឡាដ្ឋាន​នោះ​ឯង​ដែល​តំាង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក ត្រូវ​បាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​យក​ធ្វើ​ជា​កន្លែង​សម្រាប់​ចុះ​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ដើមខែ​កុម្ភៈ​ខាង​មុខ។ តែ​នៅ​ថ្ងៃ​នេះ និង​​ប្រឈម​មុខ​នឹង​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ​របស់​ក្រុម​បាតុករ​អាវលឿង កម្លំាង​ប៉ូលីស​ក៏​បាន​សម្រេច​បើក​ប្រតិបត្តិ​វាយបង្រ្កាប​ដោយ​ប្រើ​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក។ ប្រតិបត្តិការ​វាយបង្រ្កាប​ដោយ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ប្រមាណ​ជា ៤០នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ក្នុង​នោះ​មាន​ម្នាក់​របួសធ្ងន់​ចំ​កណ្តាល​ក្បាល​ដោយ​ប្រហែល​ជា​ត្រូវ​គ្រាប់កំាភ្លើងពិត​ផង នេះ​បើ​យោង​តាម​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​ក្រសួង​សុខាភិបាល។

ក្រៅ​ពី​បាតុករ ក៏​មាន​ស្លាប់​ប៉ូលីស​ម្នាក់​ដោយ​ត្រូវ​គ្រាប់កំាភ្លើង និង​របួស​ចំនួន ៣នាក់​ផ្សេង​ទៀត។ នេះ​ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ក្រុមបាតុករ​បាន​ប្រើ​អាវុធសង្រ្គាម ពោល​មិនមែន​ជា​បាតុករ​សន្តិវិធី និង​គ្មាន​អាវុធ​ដូច​ដែល​ពួក​គេ​បាន​ប្រកាស​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​ក៏​បាន​ចោទ​ក្រុមបាតុករ​ពី​បទ​បាន​ព្យាយាម​សម្លុត​បំភ័យ​អ្នកទទួល​ខុសត្រូវ​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត រហូត​ធ្វើ​ឲ្យ​ពួក​គេ​នំា​គ្នា​រត់​ចេញ​ពី​ពហុកីឡាដ្ឋាន​តាម​ឧទ្ធម្ភាគចក្រ។ ជាមួយ​គ្នា​នេះ គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​ថ្ងៃ​បោះឆ្នោត​ដែរ។

សូម​រម្លឹក​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​ក្រុមបាតុករ​អាវលឿង​ដឹកនំា​ដោយ​លោក​អតីត​ឧបនាយករដ្ឋមន្រ្តី​ស៊ូទេព​បាន​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង។ តែ​លោកស្រី​យីងឡាក់​មិន​ព្រម ដោយ​សុខចិត្ត​រំលាយ​សភា និង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​វិញ។ ក៏​ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាប់ភីសិត​ដែល​ជា​បក្សប្រឆំាង​ដ៏​ធំ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម និង​ក៏​បាន​ព្យាយាម​រារំាង​មិន​ឲ្យ​គណបក្ស​ផ្សេង​ចូលរួម​ដែរ។

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ ស្ថានការណ៍​នយោបាយ​នៅ​ថៃ​កំពុង​ជាប់គំាង​គ្មាន​ច្រកចេញ។ កម្លំាងប៉ូលីស និង​ទាហាន​ហាក់​ដូច​ជា​ព្យាយាម​រក្សា​ភាព​អត់ធ្មត់​មិន​ប្រើ​ហិង្សា​ខ្លំាងក្លា រីឯ​រដ្ឋាភិបាល​ចំាផ្ទះ​របស់​លោកស្រី​យីងឡាក់​ក៏​បាន​ប្រកាស​ពន្យារ​ពេល​ការ​អនុវត្តន៍​ច្បាប់សន្តិសុខពិសេស​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា ដាក់​បំរ៉ាម​គោចរ ឬ​មួយ​ក៏​អនុញ្ញាត​ឲ្យ​ប៉ូលីស​ធ្វើ​ការ​ឆែកឆេរ​លើ​ជនសង្ស័យ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ