កម្ពុជា

ការ​ស្វែងរក​ព្រះរាជ​អន្តរាគមន៍ និង​អន្តរាគមន៍​របស់​លោក​សម រង្ស៊ីពុំទាន់​មាន​ការ​ឆ្លើយតប

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី ©វណ្ណារ៉ា
១៩ នាទី

រដ្ឋាភិបាល​​កម្ពុជា​ក៏​​ដូច​ជា​ខាង​ព្រះ​បរម​រាជវាំង​ពុំ​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម ​សីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​សម រង្ស៊ី​បានដាក់​លិខិត​ទាំង​ពីរ​នេះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​ ២០១២។​

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​​មាន​ការ​ឆ្លើយ​តប​​ពី​រដ្ឋា​ភិបាល​​កម្ពុជា និង​ខាង​ព្រះបរមរាជវាំង​​នៅ​ឡើយ​ទេ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដាក់​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ថ្វាយ​ជូន​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះនរោត្តមសីហនុ​នៅ​ព្រះបរមរាជវាំង។ លោក​យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​អោយ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ រូប​លោក​សម​ រង្ស៊ី​ក៍​ដូច​ជា​មន្ត្រី​របស់​​គណបក្ស​សមរង្ស៊ី​ពុំ​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​រដ្ឋាភិបាល​ក៏​​ដូច​ជា​ខាង​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ​ទាក់ទិន​ទៅ​នឹង​ការ​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍ និង​សុំ​អន្តរាគមន៍​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបាទនរោត្តម​សីហនុ​នៅ​ឯ​ព្រះ​បរមរាជវាំង។

លោក យឹម សុវណ្ណ​បាន​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​​ដោយ ក៏​​រូប​លោក​សម រង្ស៊ី​នឹង​ព្យាយាម​វិល​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូល​រួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​សម្តេចឪ។ រីឯ​លោក អ៊ាង សុផល្លែត ជំនួយ​ការផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទិន​ទៅ​នឹង​ករណី​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ១៧ ខែតុលា​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​រស់​នៅ​ឯ​បរទេស​បាន​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា​ជូន​ព្រះ​មហាក្សត្រ និង​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​បាន​បាន​ទូលថ្វាយ​ព្រះ​បាទ​នរោត្តម សីហមុនី​ថា៖ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សូម​ព្រះ​រាជា​អនុញ្ញាត ព្រះ​ករុណា​​មេត្តា​ជួយ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ ដោយ​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​ទូលព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បាន​ឃើញ​ព្រះភក្រ្ត​ព្រះករុណា​ព្រះ​មហាវីរក្សត្រ​ ជា​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ។ ហើយ​នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ក៏​មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ផង​ដែរ ដោយ​លោក​បាន​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា ខ្ញុំ​សូម​សម្ដែង​នូវ​អំណរ​គុណ​ទុក​ជា​មុន ចំពោះ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេចតេជោ ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមសព និង​បាន​ឃើញ​ព្រះ​ភក្រ្ត​ព្រះអង្គ ជា​ចុង​ក្រោយ​នៅ​ព្រះ​បរម​រាជ​វាំង។

សូមរំលឹកជូន​ថា លោកសម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀត​ណាម​។ ​ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលា​ការ​​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI