អឺរ៉ុប-ហិរញ្ញវត្ថុ​

តំបន់​​អឺរ៉ូ​​​ពង្រឹង​​​មូលនិធិ​​​ដើម្បី​​​ស្ថិរភាព​​​ឲ្យកើន​​​ដល់​​៨០០​​​ពាន់លាន​​​អឺរ៉ូ​​​

លោក​Jean-Claude Junker  ​(កណ្តាល)​ ប្រធាន​​នៃ​​ក្រុម​​ប្រទេស​ ​Eurogroupe​
លោក​Jean-Claude Junker ​(កណ្តាល)​ ប្រធាន​​នៃ​​ក្រុម​​ប្រទេស​ ​Eurogroupe​ © Reuters/Yves Herman

ប្រទេស​នៃ​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃសុក្រ​ទី៣០​មីនា​ឆ្នាំ២០១២​ម្សិលមិញ​ ​ ពង្រឹង​មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ឲ្យមាន​ដល់​ប្រាំបីរយ​ពាន់លាន​អឺរ៉ូ​ ឬ​ប្រមាណ​មួយរយ​ម៉ឺនលាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​ក្នុងតំបន់​អឺរ៉ូ។

ផ្សាយពាណិជ្ជកម្ម

ជួប​ប្រជុំគ្នា​នៅទីក្រុង​ Copenhague ​នៃ​ប្រទេស​ដាណឺម៉ាក​ ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​អឺរ៉ូ​បាន​ប្រកាស​ឲ្យដឹង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយថា​ ​ “ក្រុម​ប្រទេស​តំបន់​អឺរ៉ូ​បាន​សម្រេច​ពង្រឹង​មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ឲ្យមាន​ដល់​ប្រាំបីរយ​ពាន់លាន​អឺរ៉ូ​ ឬ​ប្រមាណ​មួយរយ​ម៉ឺនលានដុល្លារ​ សម្រាប់​ជួយ​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុងតំបន់​អឺរ៉ូ”។​ ដូច្នេះ​ សន្តិសុខ​ហិរញ្ញវត្ថុ​បាន​ត្រូវ​គេ​ពង្រឹង​ឲ្យ​មាន​នៅ​ក្នុង​តំបន់​អឺរ៉ូ​នៅ​ថ្ងៃសុក្រ​ទី​៣០មីនា​ឆ្នាំ២០១២​ម្សិលមិញ​នៅ​ប្រទេស​ដាណឺម៉ាក។

 
គួរកត់​សម្គាល់ថា​ ​​ ​ “យន្តកម្ម​អឺរ៉ុប​ដើម្បី​ស្ថិរភាព”​ឬ​ mécanisme européen de stabilité ​ហៅកាត់ថា​ MES ​ដែលនឹង​ត្រូវ​ចាប់​ដំណើរការ​នៅ​រដូវក្តៅ​នេះ​ នឹង​មាន​សកម្មភាព​មួយឆ្នាំ​មុន​ពេល​កំណត់។​ មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ដែល​កាលដើម​ឡើយ​គ្រោងមាន​ទឹកប្រាក់​៥០០ពាន់លាន​អឺរ៉ូ​ ​ បាន​ត្រូវ​គេ​មើលឃើញថា​ ​ មាន​បរិមាណ​ពុំ​គ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​ទប់ទល់​ វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​ទន់ខ្សោយ​ក្នុងតំបន់​អឺរ៉ូ​ ​ ក៏បាន​ត្រូវគេ​ដំឡើង​ឲ្យមាន​ដល់​ ប្រាំបីរយ​ពាន់លាន​អឺរ៉ូ​ ឬ​ប្រមាណ​មួយរយ​ម៉ឺនលាន​ដុល្លារ។

សូមបញ្ជាក់ថា​ ​ ក្នុង​ចំនួន​ទឹកប្រាក់​៨០០ពាន់លាន​អឺរ៉ូ​នេះ​ ​ មាន​ប្រមាណ​២០០ពាន់លាន​អឺរ៉ូ​ហើយ​ដែលបាន​ត្រូវ​ចំណាយ​ទៅ​ជួយ​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អៀរឡង់​ ​ ហើយនិង​ប្រមាណ​១០២​ពាន់លាន​អឺរ៉ូ​សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក។​ ហើយ​ម្យ៉ាងទៀត​ ​ ប្រទេស​អាល្លឺម៉ង់​នៅតែ​មានការ​រួញរា​ក្នុងការ​រួមសាមគ្គី​ដើម្បី​ជួយ​ប្រទេស​នៃ​តំបន់​អឺរ៉ូ​​ទន់ខ្សោយ។

ចំណែកឯ​​ប្រទេស​បារាំង​ក៏​ដូចជា​គណៈកម្មការ​អឺរ៉ុប​ចង់ឲ្យ​​ “យន្តកម្ម​អឺរ៉ុប​ដើម្បី​ស្ថិរភាព”​មាន​ចំនួន​ទឹកប្រាក់​កើនឡើង​ដល់​១០០ម៉ឺនលាន​អឺរ៉ូ​ សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​វិបត្តិ​ប្រាក់បំណុល​នៃ​ប្រទេស​ក្នុងតំបន់​អឺរ៉ូ។​ ​ តែ​ដោយមាន​ការប្រឆាំង​ពី​សំណាក់​ប្រទេស​អឺរ៉ុប​ខ្លះ​ ​ ក៏​ពុំបាន​សម្រេច​ដូច​បំណង។​ ក៏​ប៉ុន្តែ ​ទឹកប្រាក់​ប្រាំបីរយ​ពាន់លាន​អឺរ៉ូ​ ឬ​ត្រូវជា​មួយរយ​ម៉ឺនលាន​ដុល្លារ​ ​ ក៏​ជា​តួលេខ​គ្រប់គ្រាន់​ណាស់​ទៅហើយ​ ​ សម្រាប់​កន្ត្រាក់​អារម្មណ៍​មជ្ឈដ្ឋាន​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI