ទស្សនកិច្ចបេសកជនអង្គការសហប្រជាជាតិ Lakhdar Brahimi នៅស៊ីរី
លោក Lakhdar Brahimi បេសកជនអង្គការសហប្រជាជាតិ ទទួលបន្ទុកសំណុំរឿងស៊ីរី បានចុះទៅបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស ប្រទេសស៊ីរី នៅថ្ងៃចន្ទនេះ ក្នុងក្របខណ្ឌទស្សនកិច្ចក្នុងតំបន់ ដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិក្រុងហ្សឺណែវលើកទី២ ស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ស៊ីរី។ នេះជាលើកទីមួយហើយ ដែលបេសកជន ប្រាហ៊ីមី ចុះទៅប្រទេសស៊ីរី តាំងពីចុងឆ្នាំ២០១២មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទិសដៅនៃបេសកកម្មរបស់បេសកជនអង្គការសហប្រជាជាតិ ឡាក់ដារ ប្រាហ៊ីមី នៅក្រុងដាម៉ាស ប្រទេសស៊ីរី នៅថ្ងៃចន្ទនេះ គឺដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិក្រុងហ្សឺណែវលើកទី២ ស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ស៊ីរី។ លោកឡាក់ដារ ប្រាហ៊ីមី អាយុ ៧៩ឆ្នាំ ត្រូវបានអង្គការសហប្រជាជាតិតែងតាំងជាអ្នកទទួលខុសត្រូវកិច្ចការនៅស៊ីរី កាលពីខែកញ្ញាឆ្នាំ២០១២។ ក្រៅពីស៊ីរី លោកក៏ត្រូវទៅបំពេញទស្សនកិច្ចនៅតួកគី និងនៅអ៊ីរ៉ង់ផងដែរ ក្នុងក្របខណ្ឌនៃសន្និសីទក្រុងហ្សឺណែវនេះ។
លោកប្រាហ៊ីមី ធ្លាប់បានអំពាវនាវអោយមានការផ្លាស់ប្តូរពិតប្រាកដមួយនៅស៊ីរី ហើយក៏ធ្លាប់ចង់អោយមានរដ្ឋាភិបាលបណ្តោះអាសន្នប្រកបដោយអំណាចពេញលេញ នៅស៊ីរីផងដែរ។ កន្លងមក សារព័ត៌មានស៊ីរីឈ្មោះ al-Watan ដែលជិតដិតនឹងរដ្ឋាភិបាលលោកអាសាដ ធ្លាប់បានចុះផ្សាយថា ដោយសារតែលោកប្រាហ៊ីមីចង់ដឹងពីព័ត៌មានទាក់ទងបេក្ខភាពប្រធានាធិបតីស៊ីរីឆ្នាំ២០១៤ លោកអាសាដបានផ្តាច់ការចរចាជាមួយលោកប្រាហ៊ីមី។
នៅក្រុងដាម៉ាស នៅថ្ងៃចន្ទនេះ លោកប្រាហ៊ីមី មានបេសកកម្មជំរុញរដ្ឋាភិបាលលោកអាសាដ និងក្រុមឧទ្ទាមស៊ីរី អោយចូលរួមសន្និសីទក្រុងហ្សឺណែវ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ។ គួររំលឹកថា កន្លងមក ក្រុមឧទ្ទាមស៊ីរីដែលបានធ្វើការប្រយុទ្ធប្រឆាំងរដ្ឋាភិបាលលោកអាសាដ បានជំទាស់នឹងសន្និសីទនេះ។ សម្ព័ន្ធប្រឆាំងស៊ីរីដែលមានការជួយជ្រោមជ្រែងពីក្រុមឧទ្ទាមនោះ ធ្លាប់បានប្រាប់រួចមកហើយថាខ្លួនមិនចូលរួមសន្និសីទក្រុងហ្សឺណែវ នៅពេលខាងមុខនោះទេ។
កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមឧទ្ទាមស៊ីរីសំខាន់ៗចំនួន១៩ បានធ្វើការគំរាម រាល់បណ្តាជនដែលនឹងទៅចូលរួមសន្និសីទ។ ការចូលរួមសន្និសីទក្រុងហ្សឺណៃវ ជាបញ្ហាដែលធ្វើអោយក្រុមឧទ្ទាមស៊ីរីបែកបាក់គ្នា។ ក្រុមឧទ្ទាមស៊ីរីនឹងជួបជុំគ្នា នៅប្រទេសតួកគី នៅថ្ងៃ១៩វិច្ឆិកានេះ។ ពួកគេទាមទារអោយសន្និសីទក្រុងហ្សឺណែវនេះសំរេចចេញអោយបានថា ប្រធានាធិបតីអាសាដ ត្រូវតែចុះចេញពីតំណែង។
ការគំរាមអ្នកចូលរួមសន្និសីទក្រុងហ្សឺណែវពីសំណាក់ក្រុមឧទ្ទាម បានធ្វើអោយរុស្ស៊ីមានការព្រួយបារម្ភ។ ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បានបញ្ចេញប្រតិកម្មថា មិនអាចទទួលយកការគំរាមនេះបានឡើយ ហើយអ្នកដែលបានជួយឧបត្ថម្ភនិងផ្តល់អាវុធអោយក្រុមប្រឆាំងស៊ីរី គឺជាអ្នកដែលត្រូវទទួលខុសត្រូវក្នុងបញ្ហាគំរាមនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ