ការរឹបអូសដីធ្លីជាមូលហេតុចម្បងនៃការបះបោររបស់ប្រជាជនចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលអាជ្ញាធរ និងប្រជាជនចិន នៅភូមិមួយ ក្នុងខេត្តក្វាងទុង ប្រឈមមុខដាក់គ្នា ដោយសារតែជម្លោះដីធ្លី។ អ្នកភូមិបាននាំគ្នាចេញធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ដើម្បីតវ៉ាប្រឆាំងនឹងអាជ្ញាធរដែនដី ដែលពួកគេចោទថាជាមន្រ្តីពុករលួយ រឹបអូសយកដីអ្នកភូមិទៅលក់ឲ្យឈ្មួញ។ ក្នុងរយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅនេះ ជម្លោះដីធ្លី គឺជាមូលហេតុចម្បងបំផុត នៃការបះបោររបស់ប្រជាជនចិន។
ការបះបោររបស់អ្នកភូមិវូកាន នៅខេត្តក្វាងទុង បានផ្ទុះឡើង តាំងពីខែកញ្ញាមកម៉្លេះ។ រួចហើយក៏ស្ងប់ទៅវិញ។ ក៏ប៉ុន្តែ ការបះបោរបានចាប់ផ្តើមកក្រើកឡើងវិញ កាលពីដើមសប្តាហ៍នេះ ក្រោយពីតំណាងអ្នកភូមិម្នាក់បានស្លាប់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ អាជ្ញាធរអះអាងថា តំណាងអ្នកភូមិនេះស្លាប់ដោយជំងឺបេះដូង។ ក៏ប៉ុន្តែ អ្នកភូមិចោទថា ការស្លាប់នេះ គឺបណ្តាលមកពីការធ្វើទារុណកម្ម។
រហូតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់ប្រគល់សាកសពតំណាងអ្នកភូមិនេះទៅឲ្យក្រុមគ្រួសារវិញនៅឡើយទេ។
គួរបញ្ជាក់ថា អ្នកភូមិវូកានបាននាំគ្នាងើបឡើងបះបោរប្រឆាំងនឹងអាជ្ញាធរដែនដី ដែលពួកគេចោទថា ជាមន្រ្តីពុករលួយ ឃុបឃិតជាមួយឈ្មួញ ហើយរឹបអូសយកដីប្រជាជន ដោយមិនផ្តល់សំណងសមរម្យ។
ប្រឈមមុខនឹងអំពើបះបោរដ៏ខ្លាំងក្លាបែបនេះ អាជ្ញាធរចិនក៏បានសម្រេចផ្អាកគម្រោងអភិវឌ្ឍនៅវូកានវិញ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ក៏បានព្រមានផងដែរថានឹងដាក់ទោសអ្នកភូមិណា ដែលញុះញង់ឲ្យមានអំពើបះបោរប្រឆាំងនឹងអាជ្ញាធរ។
ចាប់តាំងពីឆ្នាំ២០០២មក ជម្លោះដីធ្លី គឺជាមូលហេតុធំជាងគេ ដែលនាំឲ្យមានការប៉ះទង្គិចគ្នា រវាងប្រជាជន និងអាជ្ញាធរចិន។ នេះបើតាមការស្ទាបស្ទង់មតិរៀបចំធ្វើដោយបណ្តាញសារព័ត៌មានស៊ីនហួ ហើយចុះផ្សាយ កាលពីខែតុលាកន្លងទៅ។
មន្រ្តីបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមចិនបានឲ្យដឹងថា នៅចិន ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ ដីធ្លីជិត ៧លានហិចតាត្រូវបានរដ្ឋរឹបអូសពីប្រជាជន ក្នុងហេតុផលថា យកទៅធ្វើការអភិវឌ្ឍ។ ក៏ប៉ុន្តែ សំណងដែលរដ្ឋ ឬឈ្មួញសងទៅអ្នកភូមិម្ចាស់ដី គឺមានតិចជាងតម្លៃនៅលើទីផ្សារ ដែលជាមូលហេតុនាំឲ្យកើតមានការប្រឈមមុខដាក់គ្នារវាងម្ចាស់ដី និងអាជ្ញាធរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ