អានតួអត្ថបទ
កម្ពុជា

សកម្ម​ជន​ដីធ្លី​ប្ដឹង​អ្នក​បង្ក​ហិង្សា​នៅ​វត្ត​ភ្នំ​ ក្នុង​យប់​ថ្ងៃទី​២២​ កញ្ញា ​សាជាថ្មី

ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លី
ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លី RFI
ដោយ៖ សឿន វឌ្ឍនា
១៤ នាទី

ប្រជាជន​សហគមន៍ បឹងកក់ បុរី​កីឡា និង បឹង​ឈូក​ ជាច្រើន​នាក់ ប្រមូល​ផ្ដុំគ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ តុលា​នេះ ដើម្បី​ដាក់ពាក្យ​បណ្តឹង​វែកមុខ​ជនបង្ក​ហិង្សា​នៅ​រមណីយដ្ឋាន​វត្តភ្នំ យប់​ថ្ងៃទី ២២កញ្ញា កន្លងមក។ ក្រៅពី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​ក្រសួងមហាផ្ទៃ សកម្មជន​ដីធ្លី​ទាំងនោះ ក៏បាន​ដាក់​ញា​ត្តិ​ទៅកាន់​ស្ថានទូត​ជប៉ុន សា្ថ​ន​ទូត​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សកម្មជន​ដីធ្លី ជាង ១០០នាក់ មកពី​សហគមន៍ បឹងកក់ បុរី​កីឡា និង បឹង​ឈូក បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ តុលា នេះ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​វែកមុខ​ជនបង្ក​ហិង្សា​នៅ​រមណីយដ្ឋាន​​វត្តភ្នំ កាលពី​យប់​ថ្ងៃទី២២ កញ្ញា​កន្លងទៅ មក​ផ្តន្ទា​ទោស​តាមច្បាប់។

បន្ទាប់ពី​មន្ត្រី​ក្រសួងមហាផ្ទៃ ព្រម​ទទួលយក​ពាក្យបណ្តឹង អ្នកតំណាង​ក្រុម​សកម្មជន​ដីធ្លី​ចំនួន​៣នាក់ ក៏បាន​ចូល​ដា​ក់ញ​ត្តិ​​ក្នុង​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​ជប៉ុន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​យក​ដីធ្លី និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏​នឹងធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅតាម​បណ្ដា​ស្ថានទូត និង​អង្គ​ការដែល​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ដូចជា ស្ថានទូត​អូស្ត្រាលី និង​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​ប្រទេស​កម្ពុជា​ជាដើម។ នេះ​បើតាម​សម្ដី​របស់ អ្នកស្រី ទេព វ​ណ្ណី សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹងកក់។

យ៉ាងណាក៏ដោយ អ្នកស្រី ទេព វ​ណ្ណី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បើទោះបីជា​ពាក្យបណ្ដឹង​ត្រូវបាន​មន្ត្រី​ក្រសួងមហាផ្ទៃ​ទទួលយក​ហើយក៏​ដោយ ក៏​អ្នកស្រី​មិន​មានជំនឿថា ក្រសួងមហាផ្ទៃ​នឹង​ខិតខំ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែរ ដោយហេតុថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​ក្រសួងមហាផ្ទៃ​ទទួលយក​ពាក្យបណ្តឹង​ហើយ​មិន​ដោះស្រាយ។

សូមបញ្ជាក់ថា ហេតុការណ៍​ហិង្សា​នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ​កាលពី​យប់ ថ្ងៃទី ២២ កញ្ញា បាន​បង្ក​ឲ្យ​សកម្មជន​ដីធ្លី ១០ នាក់ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ម្នាក់ និង​អ្នកសារព័ត៌មាន​ក្នុងស្រុក២នាក់​ រងរបួស និង​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន។  អ្នកស្រី ទេព វ​ណ្ណី អះអាងថា ជន​ដែល​បង្ក​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង អ្នកសារព័ត៌មាន ដោយ​ប្រើ​ដំបង ដំបងឆក់ និង ជំ​ពាម​គ្រាប់ឃ្លី គឺជា​ក្រុម​សមត្ថកិច្ច និង​ក្រុម​កង​សណ្ដាប់ធ្នាប់ មូលដ្ឋាន​ដែល​ខ្លះ​បាន​បន្លំ​ខ្លួន ​ស្លៀកពាក់​ឯង​សណ្ឋាន​ស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ