រុស្ស៊ី-ឡាវ

កិច្ច​ចរចា​កំពូល​រុស្ស៊ី-ឡាវ នៅ​ទីក្រុង​ម៉ូស្គូ

ទង់ជាតិ​រុស្ស៊ី និង​ឡាវ
ទង់ជាតិ​រុស្ស៊ី និង​ឡាវ ©RFI

ថ្ងៃ​ព្រហស្បតិ៍ ទី​១៣​តុលា​នេះ លោក​ប្រធានានាធិបតី​រុស្ស៊ី ឌ្មីទ្រី មេដវេដវ ទទួល​ជួប​ជាមួយ សមភាគី​ឡាវ គឺ​លោកប្រធានាធិបតី Choummaly Sayasone ដែលតាំង​ពី​ម្សិលមិញ​មក បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ៤ថ្ងៃ នៅ​រុស្ស៊ី។ សាច់រឿង​នៃ​កិច្ចចរចា គឺ ជុំវិញ​បញ្ហា​ពង្រីក ទំហំ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច​ទ្វេភាគី និង សហប្រតិបត្តិការ នៅតំបន់​អាស៊ី-ប៉ាស៊ិហ្វិក។

ផ្សាយពាណិជ្ជកម្ម

តាមដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យដឹង ជា​លទ្ធផល​នៃ​កិច្ចចរចា ថ្ងៃនេះ គូ​ភាគី ចេញ “សេចក្តី​ថ្លែងការណ៍​រួម ស្តី​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំងពីរ”។ ឯកសារ​ផ្សេងទៀត ដែល​ទទួល​ការចុះហត្ថលេខា គឺ ប៉ះ​លើ​វិស័យ​ទេសចរណ៍ សុខាភិបាល ព្រមទាំង ផ្នែក​សហការ​គ្នា​រវាង​ក្រសួងយុត្តិធម៌។

ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ថ្មី​ទ្វេភាគី នេះ​ជា​លើកទី១​ដែលមាន​ប្រធានាធិបតី​ឡាវ មក​បំពេញ ទស្សនកិច្ច នៅរុស្ស៊ី។ វិមាន​ក្រេមឡាំង​កត់សម្គាល់​ថា ទស្សនកិច្ច​នេះ តាំង​គោលដៅ ច្រាន​ឲ្យ​បាន ទៅមុខ​យ៉ាងបង្គួរ ចង្កោម​ទាំងមូល​នៃ​ទំនាក់ទំនង​ឡាវ-រុស្ស៊ី ដោយ​ឈរ​លើ “សន្ធិសញ្ញា​ចុះ ឆ្នាំ១៩៩៤ ស្តី​អំពី​គ្រឹះមូលដ្ឋាន នៃ​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ”។

គឺឆ្នាំ​ទៅមិញ ឆ្នាំ២០១០ ដែល​រុស្ស៊ី និងឡាវ បាន​ប្រារព្ធ​ខួប៥០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នឹង​គ្នា។

ខាងផ្នែក​ពាណិជ្ជកម្ម-សេដ្ឋកិច្ច ក្នុង​ឆ្នាំ២០១០ កន្លងទៅ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាងឡាវ និង​រុស្ស៊ី បាន​មាន​ទឹកប្រាក់ ៨លាន ៧សែនដុល្លារ​អាមេរិក ពី​ក្នុងនោះ ៨លាន ២សែន​ដុល្លារ គឺជា​ការនាំចេញ ពី​រុស្ស៊ី ទៅឡាវ។ រួចគ្រាន់តែ​ក្នុង ៧ខែ​ដំបូង​ឆ្នាំ២០១១ ទំហំ​ផ្តោះប្តូរ​នេះ បាន​ស្ទុះដល់ ៣៩លាន ៧សែន​ដុល្លារ ដែល​ក្នុងនោះ ៣៨​លាន ៥សែន​ដុល្លារ ជា​ការនាំចេញ​ពី​រុស្ស៊ី ទៅឡាវ។

ឡាវ និងរុស្ស៊ី កំពុង​សមិទ្ធិ​គម្រោងធំៗ​រួមគ្នា ក្នុង​វិស័យ​បែបយ៉ាង ទូរគមនាគមន៍ វារី​អគ្គិសនី និង​ការជីក​យក​ធនធាន​រ៉ែធម្មជាតិ នៅ​ប្រទេស​ឡាវ។

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច លោកប្រមុខ​រដ្ឋឡាវ ក៏នឹង​អញ្ជើញ​ទៅ​ទស្សនា មជ្ឈមណ្ឌល​ល្បង​ពិសោធន៍ នៃ​រោងចក្រ​ផលិត​យន្តហោះ​ស៊ីវិល​រុស្ស៊ី ធុន Sukhoi។

លោកប្រធានាធិបតី​រុស្ស៊ី មេដវេដេវ និងសមភាគី​ឡាវ លោក Choummaly Sayasone នា​កិច្ចចរចា​ថ្ងៃនេះ ក៏ផ្លាស់ប្តូរ​មតិ​គ្នា ជុំវិញ​បញ្ហា​អន្តរជាតិ​ដែលប្រកប​ដោយ​បច្ចុប្បន្នភាព ទាំង​សង្កត់​ទៅលើ​ការសហការគ្នា ក្នុង​ស្មារតី​នៃ​ភាពជាដៃគូ​នឹងគ្នា នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូច​ដែល​មាន​ចែង ក្នុង​សេចក្តីថ្លែងការណ៍​រួម ចុះ​ហត្ថលេខា នៅថ្ងៃនេះ។

ការសហការ​គ្នានេះ ប្រព្រឹត្ត​ទៅ ៖ ទាំងតាម​ខ្សែរយៈនៃ “វេទិកា​តំបន់ ស្តីអំពី​សន្តិសុខ និង ភាពជា​ដៃគូ​សំវាទ រវាង​រុស្ស៊ី និងអាស៊ាន” ទាំងតាម​ផ្លូវពង្រឹង​សហប្រតិបត្តិការ រវាង អាស៊ាន និង អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ ទាំង​ក្នុងក្របខ័ណ្ឌ​នៃ​ការសម្របសម្រួល​សកម្មភាព​គ្នា នៅអ.ស.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI