៩ឆ្នាំក្រោយការឈ្លានពាន កងទ័ពអាមេរិកចុងក្រោយចាកចេញពីអ៊ីរ៉ាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី ១៨ ខែធ្នូ ឆ្នាំ ២០១១ កងទ័ពអាមេរិកចុងក្រោយបានចាកចេញពីទឹកដីអ៊ីរ៉ាក់។ ការចាកចេញចុងក្រោយរបស់ទាហានអាមេរិក ធ្វើឡើងនៅក្នុងផែនការដកកងទ័ពទាំងអស់របស់អាមេរិកចេញពីអ៊ីរ៉ាក់ ដែលប្រធានាធិបតីអាមេរិកធ្លាប់បានសន្យា។ កាលពីឆ្នាំ ២០០៣ អាមេរិកបានចូលលុកលុយ អ៊ីរ៉ាក់ និងផ្តួលរំលំរបបសាដាម ហ៊ូសេន។ ជិត៩ឆ្នាំក្រោយ កងទ័ពអាមេរិកបានដកខ្លួនចេញ ទៅវិញ និងទុកឲ្យប្រទេសធ្លាក់រងគ្រោះក្នុងវិបត្តិនយោបាយ និងអសន្តិសុខសង្គម។
នៅព្រឹកថ្ងៃនេះ ខ្សែរថពាសដែកអាមេរិកជាង ១០០គ្រឿង បើកចេញពីប្រទេសអ៊ីរ៉ាក់សំដៅទៅរកព្រំដែន និងឆ្លងចូលទៅក្នុងប្រទេសកូវ៉ែត។ វាជាដំណើរបញ្ច្រាសទិស ខុសពីឆ្នាំ២០០៣ ដែលកាលណោះ កងទ័ពអាមេរិកបើកចេញពីទឹកដីកូវ៉ែតដើម្បីចូលឈ្លានពានអ៊ីរ៉ាក់។ សម្រាប់អាមេរិក វត្តមានរបស់ខ្លួននៅលើទឹកដីអ៊ីរ៉ាក់ មិនមែនជាការឈ្លានពាន ប៉ុន្តែ ជាការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។ អាមេរិកបានបញ្ជូនទ័ព ជិត ២សែននាក់ទៅច្បាំងនៅអ៊ីរ៉ាក់ នៅក្រោមហេតុផលថា របបសាដាមហ៊ូសេនមានលាក់អាវុធគីមីបំផ្លាញលោក។
ក្នុងអាណត្តិរបស់ខ្លួន លោកប្រធានាធិបតីអូបាម៉ាមិនមានចេតនាបន្តធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ ដែលជាសង្រ្គាមប្រកបដោយចម្រូងចម្រាស់ និងគ្មានប្រជាប្រិយភាពនៅអាមេរិក។ សង្គ្រាមនេះបានធ្វើឲ្យអាមេរិកខាតបង់លុយជាង ៧០០ពាន់លានដុល្លារ និងជីវិតកងទ័ពអាមេរិកជាង ៤ពាន់នាក់។ នៅថ្ងៃអាទិត្យនេះ កងទ័ពអាមេរិក ដែលត្រូវដក ចុងក្រោយគេមានប្រមាណ ៥០០នាក់។ អាមេរិកបានបិទទំព័រសង្រ្គាមអ៊ីរ៉ាក់ ដោយបានបិទមូលដ្ឋានទ័ពជាង ៥០០ ដែលខ្លួនបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងចលនាបះបោរ និងជ្រុលនិយម នៅក្នុងទឹកដី អ៊ីរ៉ាក់។
ដោយពិតទៅ កងទ័ពអាមេរិកចុងក្រោយ នេះភាគច្រើនជាអ្នកដែលមានជំនាញខ្ពស់ដែលអាមេរិករក្សាត្រៀមសម្រាប់បណ្តុះបណ្តាលកងទ័ពអ៊ីរ៉ាក់ ទៅថ្ងៃអនាគត។ ប៉ុន្តែ ដោយសារការនិយាយមិនត្រូវគ្នា រវាងរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រសួងការពារជាតិអាមេរិក គឺអ៊ីរ៉ាក់មិនព្រមផ្តល់អភ័យឯកសិទ្ធិឲ្យទាហានអាមេរិកាំងរាប់ពាន់នាក់ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានប្រកាសកាលពីខែតុលា សម្រេចដកទ័ព និងសម្ភារៈយោធាអាមេរិក ពីទឹកដីអ៊ីរ៉ាក់ ឲ្យអស់ នៅចុងឆ្នាំ ២០១១។ កងទ័ពអាមេរិកត្រូវដកទាំងអស់ គឺទុកនៅប្រមាណតែជាង ១០០នាក់ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ីរ៉ាក់មួយចំនួន និងដើម្បីការពារសុវត្ថិភាពរបស់ស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាកដាដ។
អាមេរិកបានចូលលុកលុយក្នុងប្រទេសដែលសម្បូរដោយប្រេងកាត។ ៩ឆ្នាំ ក្រោយ អាមេរិកបានចាកចេញពីអ៊ីរ៉ាក់ និងណ្តោយទុកឲ្យប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ និងការបែកបាក់ផ្ទៃក្នុងស៊ីជម្រៅ។ អំណើះតទៅ គឺទាហានអ៊ីរ៉ាក់ជាង ៩សែននាក់ដែលនឹងទទួលភារកិច្ច រក្សាសន្តិសុខ បន្តពីទាហានអាមេរិក។ ជាមួយនឹងសមត្ថភាពមានខ្សោយ និងខ្វះសម្ភារៈទំនើប ពួកគេត្រូវប្រឈមមុខទប់ទល់នឹងការវាយប្រហារពីពួកបះបោរ ពួកភេរវជនដែលជាបណ្តាញរបស់ក្រុមអាល់កៃដា និងពួកនិកាយជ្រុលនិយមដែលកំពុងទាមទារចង់បានអំណាចគ្រប់គ្រងអ៊ីរ៉ាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ