កម្ពុជា

លោកជូង ជូងី អាច​អស់​សិទ្ឋិ​ធ្វើ​ជា​មេធាវី ?

មេធាវី​ ជូង ជូងី មេធាវីនៃបក្សសមរង្ស៊ី ធ្វើសន្និសីទសាព័ត៌មាន​នៅថ្ងៃសុក្រ៣០ធ្នូនៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​ពាក់ព័ន្ធពីរឿងបាត់ខ្លួនលោកនាពេលកន្លងមក
មេធាវី​ ជូង ជូងី មេធាវីនៃបក្សសមរង្ស៊ី ធ្វើសន្និសីទសាព័ត៌មាន​នៅថ្ងៃសុក្រ៣០ធ្នូនៅទី​ស្នាក់ការកណ្តាល​របស់គណបក្ស​ពាក់ព័ន្ធពីរឿងបាត់ខ្លួនលោកនាពេលកន្លងមក RFI/Leang Delux

កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈមេធាវី​កម្ពុជា ​កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១២​ បាន​សម្រេច​ដាក់ការ​ចោទប្រកាន់ ​មេធាវី​ការពារ​ក្តី ​គណបក្ស​សមរង្ស៊ី ​លោក​ជូង ជូងី ​ថា​បាន​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​១​៥ នៃ​លក្ខន្តិកៈ​គណៈមេធាវីកម្ពុជា។​ លោកជូង​ ជូងី​មានរយៈ​ពេល១៥​ថ្ងៃ​ដើម្បី​ចូលខ្លួន​ទៅ​ឆ្លើយ​បំ​ភ្លឺ ចំពោះការចោទប្រកាន់នេះ នៅចំពោះ​មុខ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ​ដើម្បីដោះបន្ទុក​។ បើ​លោ​ក​ពិត​ជាមាន​កំហុស​ដូចការ​ចោទ​មែន គាត់​អាច​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​ធ្ងន់​ធ្ងរ​រហូត​ដល់​បញ្ឈប់​​អាជីព​ជា​មេធាវី​របស់​គាត់​តែ​ម្តង​។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ទោស​លើ​លោក​ ជូង​ ជូងី ​មាន​ការ​ស្តី​បន្ទោស​ ការ​ប្រមាណ ​ការផ្អាក​អាជីព​ជាមេធាវី​ ឬក៏​អា​ច​ដល់​ការបញ្ឈប់​របរ​ការពារក្តី​របស់​គាត់​តែម្តង​ ប្រសិន​បើ​ក្រុមប្រឹក្សា​គណៈមេធាវី ​រក​ឃើ​ញ​ថា​មេធាវី​ការពារ​ក្តី​ឲ្យ​គណបក្ស​សម រង្ស៊ី​រូបនេះ​មានកំហុស​មែន​នោះ។ សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី​កម្ពុជា២៧រូប​ បាន​ឯកភាព​គ្នា​ដាក់ការ​ចោទប្រកាន់ ​លោ​ក​ជូង​ ជូងី ​កា​លពី​ថ្ងៃសុក្រ​ម្សិលមិញនេះ ​ថា ​មេធាវី​ដែល​កំពុង​កោរសក់ ​ស្លៀកស ម្នាក់នេះ​បាន​ប្រព្រឹត្ត​ខុស​នឹងមា​ត្រា​១៥ ​នៃលក្ខន្តិកៈ​គណៈ​មេធាវី​កម្ពុជា​។ មាត្រា១៥​ដែល​និយាយ​អំពី​ក្រម​សីលធម៌​ វិជ្ជាជីវៈ​មេ​ធាវី​នៅ​កម្ពុជា។

សមាជិក​ក្រុមប្រឹក្សាគណៈ​មេធាវីម្នាក់​បាន​ប្រាប់​វិទ្យុបារំាង​អន្តរជាតិ​ នៅថ្ងៃ​សៅរ៍​​នេះ ​ក្នុង​លក្ខខណ្ឌ​​មិន​ឲ្យ​បញ្ចេញ​ឈ្មោះថា​ កំហុស​របស់​លោក ​ជូង ​ជូងី ​គឺត្រង់​លោក​ចូល​ទៅ​ធ្វើ​សន្និសីទ​កា​សែត​ នៅ​ក្រោម​ដំបូល​ទីស្នាក់​ការ​ គណបក្ស ​សម រង្ស៊ី ​កាល​ពីថ្ងៃ​ទី៣០ធ្នូ។ ​ជា​សន្និសីទ​កាសែ​ត​ដែល​មេធាវី​រូបនេះ ​និយាយ​ពីការ​ប៉ុនប៉ង​ចាប់​ខ្លួនលោក ​ពីសំណា​ក់អា​ជ្ញា​ធរ ក្នុង​រឿង​ក្តី​មួយ​ដែ​ល​គាត់​បាន​ធ្វើជា​មេធាវី​ការពារក្តី​ ឲ្យ​សកម្មជន​គណបក្ស​ប្រឆំាង ​សម រង្ស៊ី​ក្នុង​ខេត្ត​ក​ណ្តាល​ ប៉ុន្តែ​តុលាការ​ខេត្ត​កណ្តាល​បាន​ដាក់ការសង្ស័យ​លើ លោកជូង ​ជូងី​ ថាបាន​ផ្តល់​មធ្យោបាយ​ឲ្យ​កូន​ក្តីរបស់គាត់​​គេ​ច​​​ខ្លួន​ពីការ​ជាប់​ឃុំ​ទៅវិញ។

កំហុស​របស់​លោក​ជូង​ ជូងី​ក្នុង​កម្រិត​ណាឲ្យប្រាកដ ​រយៈពេល១៥​ថ្ងៃទៀត​ទើប​គេ​អា​ច​​ដឹង​​បា​ន។​ក្នុង១៥ថ្ងៃ​បន្ត​នេះ ក្រុមប្រឹក្សា​គណៈ​មេធាវី​ នឹង​ស៊ើប​អង្កេត​បន្ថែម​ពី​កំហុស​សហការី​រូប​នេះ​​។ចំណែក​លោកជូង ជូងី​ក៏​មាន​រយៈពេល១៥​ថ្ងៃ​ដែល ​ដើម្បី​ចូល​ខ្លួន ឆ្លើយ​បំភ្លឺ​ចំ​ពោះ​មុខ​ក្រុម​ប្រឹក្សាគណៈមេធាវី​កម្ពុជា។ កំឡុង​ពេល​កោរសក់​ ស្លៀកសពាក់​ស ​ធ្វើ​សមាធិ​រយៈពេល​១២​ថ្ងៃ ​លោកជូង​ ជូងី​បានបិទ​ទូរស័ព្ទដៃ។កាល​ពី​ថ្ងៃ​៥មករា ថ្ងៃ​ដំបូង​ដែល​លោក​ផ្តើម​សកម្មភាព​ទាមទារ​យុត្តិធម៌​ចេញ​ពី​ទី​ស្នាក់ការ​គណបក្ស​សម រង្ស៊ី​ លោកជូង​ ជូងី ​បាន​សរសេរ​បដា​ដាក់​ជុំវិញ​ខ្លួនគាត់ថា សមាជិក​មេធាវី​ទំាង​​អស់ត្រូវ​ហ៊ា​ន​ប្រឈម ​ដើម្បី​ការពារ​យុត្តិធម៌​ជូន​សង្គមជាតិ។ ក្រសួង​យុត្តិធម៌​ ត្រូវ​តែ​មាន​ស្មារតី​ទទួល​​​ខុស​ត្រូវ​ខ្ពស់​ចំពោះ​យុត្តិធម៌​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI