បារាំង

ពួក​អ្នកកណ្តាល​និយម​កំពុង​រៀបចំ​ការវាយបក​ទល់​នឹង ”ការក្តោបក្តាប់​របស់​គណបក្ស UMP-RPR “ទៅ​លើ​អង្គការ​នីតិប្រតិបត្តិ“

លោក​Jean-Louis Borloo, អតីត​រដ្ឋមន្រ្តី​បរិស្ថាន (ឆ្វេង)​​និង​លោក​ Hervé Morin, អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ​ដែល​គេ​ដក​ចេញ​ពី​តំណែង​ក្នុង​ការរុះរើ​រដ្ឋាភិបាល​បារាំង​នៅពាក់​កណ្តាល​ខែ​វិច្ឆិកា ២០១០
លោក​Jean-Louis Borloo, អតីត​រដ្ឋមន្រ្តី​បរិស្ថាន (ឆ្វេង)​​និង​លោក​ Hervé Morin, អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ​ដែល​គេ​ដក​ចេញ​ពី​តំណែង​ក្នុង​ការរុះរើ​រដ្ឋាភិបាល​បារាំង​នៅពាក់​កណ្តាល​ខែ​វិច្ឆិកា ២០១០ Montage RFI / Pierre Moussart

លោក​Jean-Louis​ Borloo​និង​លោក​Hervé​ Morin​ កំពុង​ជញ្ជឹង​គិត​អំពី​យុទ្ធសាស្ត្រ​ថ្មី​នៃ​ការផ្សំផ្គុំ​ពួក​អ្នក​កណ្តាលនិយម​ឡើង​វិញ​ ក្នុង​ទស្សនវិស័យ​នៃ​ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១២​ ​ បន្ទាប់​ពី​ការរុះ​រើ​គណៈរដ្ឋមន្ត្រី​ដែល​តាម​ទស្សនៈ​យល់​ឃើញ​របស់​គេ​ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​”ការក្តោប​ក្តាប់​របស់​គណបក្ស​UMP-RPR​ “ទៅ​លើ​អង្គការ​នីតិប្រតិបត្តិ“ និង​គណបក្ស​របស់​លោក​ប្រធានាធិបតី។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ក្នុង​ចន្លោះ​ពេល​១៨ខែ​ទៀត​ពី​ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ​ គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​François​ Fillon​ បាន​ប្រគល់​មុខ​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​ទៅ​ឱ្យ​ពួក​អ្នក​Chirac​និយម ជា​ប្រវត្តិសាស្ត្រ​នៃ​គណបក្ស​RPR។

លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​Jean-Louis​ Borloo​ដែល​ពុំ​បាន​ប្រាថ្នា​ស្ថិតនៅ​ក្នុង​រដ្ឋាភិបាល​ត​ទៅ​ទៀត​ បាន​រួម​ប្រជុំ​អ្នកតំណាងរាស្ត្រ​កណ្តាលនិយម ប្រមាណ​ជា​៦០​នាក់​លេច​ចេញ​មក​ពី​គណបក្ស​UMP​  គណបក្សRadical​(PR)​ ​ គណបក្ស​មជ្ឈមណ្ឌល​ថ្មី​ Nouveau​ Centre និង​គណបក្ស​ឆ្វេង​ទំនើប​Gauche​ moderne​ដែល​បាន​ផ្ទុកផ្តាក់​ឱ្យ​គាត់​ធ្វើ​ជា​”​ ពិធីករ​នៃ​ការសម្រប​សម្រួល​ “ពួក​អ្នកកណ្តាលនិយម។ ”គេ​ត្រូវ​កសាង​ភាគ​ច្រើន​មួយ​ប្រកប​ដោយ​សមតា​ពិត​ប្រាកដ។បើ​សិន​ជា​គ្មាន​សមាសភាគ​នៃ​ពួក​អ្នក​កណ្តាលនិយម​ទេ​ ​ ​ នោះ​គេ​នឹង​ពុំ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​ទេ“​ ​ -នេះ​ជា​យោបល់​របស់​លោក​Borloo។

ទាក់​ទង​នឹង​ការចាក​ចេញ​ជា​យថាហេតុ​របស់​លោក​Borloo​ពី​ថ្នាក់​ដឹកនាំ​UMP​ដែល​ទាមទារ​ដោយ​កម្មាភិបាល​មួយ​ចំនួន​នៃ​គណបក្ស​របស់​គាត់​ ​ បញ្ហា​នេះ​នឹង​ត្រូវ​លើក​ឡើង​ នៅ​ឱកាស​ប្រជុំ​ការិយាល័យ​ជាតិ​ នៅ​ថ្ងៃ​ពុធ​ស្អែក។

បញ្ហា​ផ្តាច់​សម្ព័ន្ធភាព​ចេញ​ពី​គណបក្ស​UMP លើក​ឡើង​ដោយ​យុទ្ធិកជន​មួយ​ចំនួន​ ​ ប្រហែល​អាច​នឹង​លើក​បំផុស​ឡើង​វិញ​នូវ​ការប្រគល់​តំណែង​ខ្លះ ផ្តល់​ដោយ​គណបក្ស​UMP​ទៅ​ឱ្យ​បេក្ខជន​ខ្លះ​នៃ​គណបក្ស​Radical(PR)​សំរាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​ទី​ប្រឹក្សា​ឃុំ​និង​សង្កាត់។

ចំណែក​ឯ​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​Hervé​ Morin​ដែល​ពុំ​លាក់បាំង​ទេ​នូវ​មហិច្ឆតា​ខ្លួន​ចង់​ធ្វើ​ជា​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១២​ ដោយ​ផ្ទុយ​ពី​លោក​Jean-Louis​ Borloo និង​មិត្តភ័ក្តិ​គាត់​ដែល​ចៀសវាង​មិន​និយាយ​អំពី​បញ្ហា​នេះ​ ចង់​ឱ្យ​ពួក​អ្នក​កណ្តាល​និយម​អាច​មាន​គម្រោង​ការស្វយ័ត​មួយ។ គាត់​ស្នើ​ចង់​ឱ្យ​មាន​”​ ចរន្ត​កណ្តាល​និយម​សាង​សង់​ “។

រីឯ​លោក​Dominique​ Paillé​ ជា​អ្នកនាំពាក្យ​នៃ​គណបក្ស​UMP​ផង​ ​ គណបក្ស​Radical(PR)​ផង​ ​ បាន​ទូន្មាន​មិត្តភ័ក្តិ​ខ្លួន​នៃ​គណបក្ស​Radical(PR)​ឱ្យ​ខំប្រឹង​ដណ្តើម​ឱ្យ​បាន​”តំណែង​ជា​គន្លឹះ“​ នៅ​គណបក្ស​UMP និង​នៅ​រដ្ឋសភា​”ដើម្បី​កែ​ប្រែ​ដំណៅ​ទិស​នៃ​នយោបាយ​រដ្ឋាភិបាល​ “ជា​ជាង​គ្រាន់​តែ​មាន”​ សន្តានចិត្ត“។

បញ្ហា​ប្រមូល​ផ្តុំ​គ្រួសារ​អ្នក​កណ្តាលនិយម​ប្រហែល​ជា​នឹង​ត្រូវ​លើក​ឡើង​ នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ឱកាស​ពិសា​ភោជនាហារ​ថ្ងៃ​ត្រង់​តែ​ពីរ​នាក់ គឺ​លោក​Jean-Louis​ Borloo​ជាមួយ និង​លោក​Hervé​ Morin៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI