កង្វះភាពចាស់ទុំរបស់អ្នកនយោបាយប៉ះពាល់ការផ្តល់ព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖
នៅកម្ពុជា មានកត្តាច្រើនយ៉ាងដែលប៉ះពាល់ដល់ការផ្តល់និងការទទួលបានព័ត៌មាន។ ក្រៅពីបញ្ហាមួយចំនួនដែលគេឧស្សាហ៍លើកឡើងជាញឹកញាប់នៅមានកត្តាសំខាន់មួយទៀតដែលគេច្រើនមើលរំលងនោះគឺ កង្វះភាពចាស់ទុំរបស់អ្នកនយោបាយ។ ដោយសារការព្រួយបារម្ភអំពីប្រតិកម្មមិនល្អរបស់អ្នកនយោបាយគ្មានឡើយការស្ទង់មតិឬការវិភាគអំពីប្រជាប្រិយភាពរបស់បក្សនយោបាយឬអ្នកនយោបាយនៅមុនការបោះឆ្នោត។ នេះជាការបាត់បង់ព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកបោះឆ្នោត។ តើហេតុអ្វីបានជាដូច្នេះ?
នៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿនលើលោកការស្ទង់មតិឬការវិភាគអំពីប្រជាប្រិយភាពរបស់គណបក្សនយោបាយ ឬបេក្ខជនសំខាន់ៗត្រូវបានធ្វើឡើងយ៉ាងផុលផុសនៅមុនការបោះឆ្នោតម្តងៗ។ ការស្ទង់មតិឬការវិភាគទាំងនោះដែលធ្វើឡើងដោយស្ថាប័នឯករាជ្យ ឬអ្នកកាសែតអាជីពត្រូវបានអ្នកនយោបាយទូទៅទទួលស្គាល់ ហើយលទ្ធផលរបស់វាមានភាពត្រឹមត្រូវគួរឲ្យទុកចិត្ត។
ប៉ុន្តែ នៅកម្ពុជា គ្មានស្ថាប័នណា ឬអ្នកវិភាគណាហ៊ាននិយាយចំៗអំពីការស្រុតចុះឬការឡើងខ្ពស់នៃប្រជាប្រិយភាពរបស់គណបក្សនយោបាយ ឬក៏មេដឹកនាំនយោបាយនៅមុនការបោះឆ្នោតឡើយ។ មិនហ៊ានដោយសារថា ការស្ទង់មតិ ឬក៏ការវិភាគបែបនេះនឹងធ្វើឲ្យមានប្រតិកម្មមិនល្អឬក៏អាចជាប្រតិកម្មដោយកម្រោលពីសំណាក់គណបក្សនយោបាយណាដែលលទ្ធផលស្ទង់មតិឬការវិភាគបង្ហាញថាបានធ្លាក់ចុះប្រជាប្រិយភាព។ បញ្ហាសំខាន់បំផុតនៅទីនេះ គឺ វប្បធម៌មិនចេះទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនពីសំណាក់អ្នកនយោបាយ។
ផ្ទុយទៅវិញ ពួកគេចាត់ទុកការស្ទង់មតិ ឬការវិភាគមុនពេលបោះឆ្នោតនោះថាធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ខ្លួនទៅវិញបើទោះជាមានហេតុផលគ្រប់គ្រាន់បញ្ជាក់ថា គណបក្សនោះធ្លាក់ចុះប្រជាប្រិយភាពដោយសារអ្វីក៏ដោយ។ ម្យ៉ាងទៀត ស្ថាប័នស្ទង់មតិ ឬក៏អ្នកវិភាគប្រាកដជានឹងទទួលរងការចោទប្រកាន់ថា«លម្អៀង»ពីសំណាក់អ្នកនយោបាយដែលត្រូវគេវាយតម្លៃថាប្រជាប្រិយភាពកំពុងថយចុះនោះជាមិនខាន។ នេះសបញ្ជាក់ឲ្យឃើញពីកង្វះភាពចាស់ទុំយ៉ាងខ្លាំងរបស់អ្នកនយោបាយខ្មែរមិនថាគណបក្សណាមួយនោះឡើយ។បញ្ហានេះបានធ្វើឲ្យបាត់បង់ព័ត៌មានដ៏សំខាន់មួយចំនួនសម្រាប់អ្នកបោះឆ្នោត។
ជាការពិតណាស់ ការរីកលូតលាស់ខាងប្រជាធិបតេយ្យពិតជាមានក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះអ្នកនយោបាយក៏ដូចជាប្រជាពលរដ្ឋទូទៅដែរហាក់ដូចជាស៊ាំទៅនឹងវប្បធម៌ប្រជាធិបតេយ្យជាងមុនគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ ភាពចាស់ទុំខាងប្រជាធិបតេយ្យនៅមានកម្រិត ដោយសារតែផ្នត់គំនិតចាស់គំរឹលដិតដាមក្នុងស្រទាប់អ្នកនយោបាយពិបាកនឹងលាងជម្រះ។ ការទទួលយកតែចំណុចល្អ និងបដិសេធចំណុចអាក្រក់ជាស្វ័យប្រវត្តិគឺជាទម្លាប់ដែលហាក់គ្មានការកែប្រែអ្វីសោះ។ ជាក់ស្តែង នៅពេលមានរបាយការណ៍រិះគន់រដ្ឋាភិបាល បក្សប្រឆាំងតែងសាទរដោយចាត់ទុកថាជាការពិត ប៉ុន្តែ បក្សកាន់អំណាចប្រាកដជាបដិសេធ។
ផ្ទុយទៅវិញ នៅពេលមានរបាយការណ៍លើកសរសើររដ្ឋាភិបាល គណបក្សកាន់អំណាចនឹងស្វាគមតែបក្សប្រឆាំងបដិសេធវិញម្តងបើទោះបីជារបាយការណ៍នោះចេញពីអង្គការបរទេសនិងឯករាជ្យក៏ដោយ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនវិលវល់ដោយសារតែព័ត៌មានសនិងខ្មៅត្រូវបានគេបកស្រាយឲ្យលាយឡំគ្នាពិបាកបែងចែក។ នៅកម្ពុជា តើមានហើយឬនៅអ្នកនយោបាយដែលហ៊ានទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន? ជាទូទៅ វាពិតជារឿងកម្រខ្លាំងណាស់។ បើទោះបីជាអ្នកនយោបាយនោះដឹកនាំគណបក្សឬដឹកនាំប្រទេសវិនាសហិនហោចដូចជាខ្មែរក្រហមជាដើមនោះក៏ដោយ ក៏ពួកគេមិនចាត់ទុកជាកំហុសរបស់ខ្លួនដែរ តែបែរជាទម្លាក់កំហុសទៅលើអ្នកដទៃច្រើនជាង។ ពាក្យចាស់បុរាណខ្មែរបានពោលទុកជាស្រេចថា «ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់ ទោសគេតូចសោតសល់ មើលទៅយល់ប៉ុននឹងភ្នំ»។
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយប្រទេសកម្ពុជាបានមើលឃើញថា ការទទួលស្គាល់កំហុសខ្លួនឯងរបស់អ្នកនយោបាយគឺជាគន្លឹះយ៉ាងសំខាន់ខ្លាំងណាស់សម្រាប់ការរីកលូតលាស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទាំងក្នុងក្របខ័ណ្ឌគណបក្សនយោបាយមួយផង និងសម្រាប់ប្រទេសទាំងមូលផង។ ដូច្នេះ គួរតែដល់ពេលហើយដែលអ្នកនយោបាយត្រូវប្រកាន់ភាពចាស់ទុំដោយផ្តើមចេញពីការហ៊ានទទួលស្គាល់កំហុស និងចំណុចខ្សោយរបស់ខ្លួន។ ធ្វើបែបនេះបានក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលំហសេរីភាពព័ត៌មាននៅកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ