លោកប្រធានាធិបតីហ្វ្រង់ស្វ័រហូឡង់ត្រូវការពេលពីរឆ្នាំសម្រាប់ប្រយុទ្ធលើកស្ទួយប្រទេស
ប្រជាប្រិយភាពធ្លាក់ស្រុតចុះនៅក្នុងការស្ទាបស្ទង់មតិ ការទិតៀនមានកាន់តែខ្លាំងឡើងៗនៅក្នុងសារព័ត៌មាន ដើម្បីស្តារប្រជាប្រិយភាពនិងដើម្បីធ្វើឲ្យប្រជាជនបារាំងមានទំនុកចិត្តកក់ក្តៅឡើងវិញ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ បានឡើងមកថ្លែងពន្យល់តាមរយៈកញ្ចក់ទូរទស្សន៍ TF1 នៅថ្ងៃអាទិត្យទី៩កញ្ញាម្សិលមិញនៅម៉ោង៨យប់ ដោយបានប្រកាសប្រាប់ឲ្យដឹងពីប្រតិទិនជាក់ច្បាស់នៃកំណែទម្រង់ ហើយនិងកំណត់ពីទិសដៅថ្មីដើម្បីប្រយុទ្ធលើកស្ទួយប្រទេសបារាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រតិទិនជាក់ច្បាស់នៃកំណែទម្រង់
តាមរយៈកញ្ចក់ទូរទស្សន៍ TF1 នៅថ្ងៃអាទិត្យទី៩កញ្ញាម្សិលមិញ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ បានថ្លែងពន្យល់ថា “នៅឆ្នាំ២០១៧ យើងប្រាកដជាមានជីវភាពរស់នៅស្រួលជាងនៅឆ្នាំ២០១២” ប៉ុន្តែដើម្បីឈានឲ្យដល់ជីវភាពនេះ យើងត្រូវការប្រតិទិនជាក់ច្បាស់នៃកំណែទម្រង់សម្រាប់រយៈកាលពីរឆ្នាំ ដើម្បីប្រយុទ្ធលើកស្ទួយសេដ្ឋកិច្ចនិងសង្គមបារាំង។ ប្រទេសបារាំងដែលកំពុងមានអត្រាឥតការងារធ្វើខ្ពស់ សភាពប្រកួតប្រជែងធ្លាក់ស្រុតចុះ ឧនភាពនិងប្រាក់បំណុលសាធារណៈធំប៉ុនភ្នំ។ ដូច្នេះ បេសកកម្មរបស់ខ្ញុំគឺធ្វើការប្រយុទ្ធដើម្បីលើកស្ទួយប្រទេសជាតិរបស់យើង។
បញ្ហាការងារ
ក្នុងខណៈពេលដែលចំនួនអ្នកឥតការងារធ្វើបានឈានឆ្លងលើសពីបីលាននាក់ លោកប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ បានថ្លែងថា “ចាប់ពីពេលនេះទៅទល់មួយឆ្នាំខាងមុខ លោកនឹងធ្វើឲ្យចំនួនអ្នកឥតការងារធ្វើធ្លាក់ស្រុតចុះទាប”។ ដូច្នេះ យើងត្រូវតែធ្វើការចរចានិងចាត់តាំងឡើងឲ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងការងាររវាងជំនាន់អ្នកមានវ័យក្មេងនិងអ្នកមានវ័យចំណាស់ ហើយនិងកំណែទម្រង់ទីផ្សារការងារ។
កំណើនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីបារាំងលោក Jean-Marc Ayrault ធ្លាប់បានថ្លែងប្រាប់ឲ្យដឹងហើយថា នៅឆ្នាំ២០១៣ខាងមុខនេះ អត្រានៃកំណើនសេដ្ឋកិច្ចបារាំងនឹងមានតិចទាបជាងការគ្រោងទុកពីពេលមុខ។ ដូច្នេះហើយបានជាលោកប្រធានាធិបតីបារាំងបានថ្លែងថា “ខ្ញុំសង្ឃឹមថា អត្រានៃកំណើនសេដ្ឋកិច្ចបារាំងអាចមានលើសពី០,៨% ដូច្នេះរដ្ឋាភិបាលត្រូវតែរៀបចំថវិការបស់ខ្លួនឲ្យបានសមស្របតាមសន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេស”។
បញ្ហាពន្ធដារ
ដើម្បីប្រយុទ្ធកាត់បន្ថយឧនភាពសាធារណៈនៅឆ្នាំ២០១៣ រដ្ឋាភិបាលបារាំងរបស់លោក ហ្វ្រង់ស្វ័រ ហូឡង់ ត្រូវរកប្រាក់បន្ថែមទៀតឲ្យបាន៣០ពាន់លានអឺរ៉ូ ដែលជាបរិមាណដ៏ច្រើនមហិមាពុំដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋទី៥បារាំង។
ដូច្នេះ ១០ពាន់លានអឺរ៉ូត្រូវរកឲ្យបាន តាមរយៈការកាត់បន្ថយនៃការចំណាយនៅក្នុងក្រសួងទាំងអស់ លើកលែងតែក្រសួងអប់រំជាតិនិងក្រសួងយុត្តិធម៌ ដែល លោកប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ធ្លាប់បានប្រកាសប្រាប់ពី “អាទិភាព” ដែលលោកបានផ្តល់ឲ្យក្រសួងទាំងពីរនេះ។
១០ពាន់លានអឺរ៉ូត្រូវរកឲ្យបាន តាមរយៈការដំឡើងពន្ធដារនៅតាមសហគ្រាស លើកលែងតែសហគ្រាសខ្នាតតូចនិងមធ្យម PME ។
១០ពាន់លានអឺរ៉ូត្រូវរកឲ្យបាន តាមរយៈការដំឡើងពន្ធដារទៅលើប្រជាជនដែលរស់នៅលើទឹកដីបារាំងហើយមានជីវភាពរស់នៅសម្បូណ៌ធូរធា។
ការដាក់ពន្ធដែលមានអត្រា៧៥%
ការដាក់ពន្ធដែលមានអត្រា៧៥%ទៅលើជនណាដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពីមួយលានអឺរ៉ូឡើងទៅ គឺជាប្រធានបទដ៏ក្តៅគគុកនៅបវេសនកាលនេះ។ លោកប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ បានថ្លែងបញ្ជាក់ថា វិធានការនេះជាវិធានការបណ្តោះអាសន្នសម្រាប់រយៈពេលតែពីរឆ្នាំប៉ុណ្ណោះ នៅខណៈពេលដែលប្រទេសជាតិនិងសេដ្ឋកិច្ចកំពុងមានស្ថានភាពលំបាក ដូច្នេះប្រជាជនបារាំងគ្រប់រូបទាំងអ្នកមាន ទាំងអ្នកក្រ ជាពិសេសប្រជាជនបារាំងដែលមានសម្បត្តិទ្រព្យស្តុកស្តម្ភត្រូវតែបញ្ចេញបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិរបស់ខ្លួននៅពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ