ក្រុមអ្នកប្រជាធិបតេយ្យមិនសូវភ្ញាក់ផ្អើលនឹងសុន្ទរកថារបស់លោក Mitt Romney
នៅសហរដ្ឋអាមេរិក លោក Mitt Romney បានក្លាយជាបេក្ខជនផ្លូវការនៃគណបក្សសាធារណរដ្ឋសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅខែវិច្ឆិកាខាងមុខ។ នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកនៅក្នុងរដ្ឋ Floride កាលពីថ្ងៃទី៣១ សីហា លោក Romney បានផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច។ ប៉ុន្តែក្រុមអ្នកប្រជាធិបតេយ្យហាក់ដូចជាមិនបានភ្ញាក់ផ្អើលនឹងសុន្ទរកថារបស់លោក Romney ទេ ព្រមទំាងបានទិតៀនលោក Romney ថា មិនបានលើកយកប្រធានបទសំខាន់មកនិយាយទេ គិតតែនិយាយពីជីវិតផ្ទាល់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រតិកម្មរបស់ក្រុមអ្នកប្រជាធិបតេយ្យមិនមានអ្វីគួរឲ្យឆ្ងល់ទេ សម្រាប់អ្នកខ្លះយល់ថា សុន្ទរកថារបស់លោក Mitt Romney មិនសូវធ្វើឲ្យមានការភ្ញាក់ផ្អើលអ្វីទេ និងសម្រាប់អ្នកខ្លះទៀត លោក Romney នៅតែជាមហាសេដ្ឋីម្នាក់ដែលមិនយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋអាមេរិកំាង។ អ្វីដែលក្រុមសកម្មជនគំាទ្រលោក Obama បានស្តីបន្ទោសលោក Romney គឺសុន្ទរកថារបស់លោក Romney ប្រកបដោយការរិះគន់ ទិតៀនប្រឆំាងលោកប្រធានាធិបតី នោះបើទោះបីជាពាក្យរិះគន់នោះមិនសូវជាខ្លំាងក្លាដូចនៅក្នុងSpot ពាណិជ្ជកម្មតាមទូរទស្សន៍ក៏ដោយ។
ជាទូទៅ ក្រុមអ្នកប្រជាធិបតេយ្យបានកត់សម្គាល់ឃើញថា សុន្ទរកថារយៈពេលប្រមាណ ៣៧នាទីរបស់លោក Mitt Romney បានផ្តោតសំខាន់តែលើជីវិតផ្ទាល់ខ្លួន ការបរិហារលើនយោបាយរបស់គូប្រជែង និងមិនបាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងកម្មវិធីនយោបាយរបស់លោកទេ។
ក្រុមអ្នកគំាទ្រលោក Obama នឹងធ្វើការវាយបកវិញ នៅពេលដែលគណបក្សប្រជាធិបតេយ្យនឹងបើកធ្វើមិន្ទិញរបស់ខ្លួននៅ Charlotte ក្នុងរដ្ឋ Caroline ខាងជើង។ ប៉ុន្តែអ្នកធ្វើអត្ថាធិប្បាយឲ្យកាសែតឈ្មោះ Huffington Post បានចំអកឡកឡាយឲ្យថា គេត្រូវរង់ចំាមើល ថាតើសុន្ទរកថារបស់គណបក្សប្រជាធិបតេយ្យនឹងមានអ្វីខុសគ្នានឹងសុន្ទរកថារបស់គណបក្សសាធារណរដ្ឋទៅ ?
អ្នកកាសែតរូបនេះដែលបានចូលរួមនៅក្នុងសមាជគណបក្សប្រជាធិបតេយ្យនាសប្តាហ៍នេះបានកត់សម្គាល់ឃើញថា ដើម្បីទាក់ទាញពលរដ្ឋអាមេរិកំាងដែលនៅបន្តអល់អែកក្នុងការសម្រេចចិត្ត គណបក្សប្រជាធិបតេយ្យបានព្យាយាមមិននិយាយលើប្រធានបទណាដែលជាការទន្ទឹងរង់ចំារបស់ពលរដ្ឋអាមេរិកំាងទេ ក្នុងនោះមាន ការរលូតកូន អន្តោប្រវេសន៍ កំណែទម្រង់លើច្បាប់ចូលនិវត្ត ឬមួយក៏សន្តិសុខសង្គមជាដើម។ ជារួម គឺសុទ្ធសឹងជាប្រធានបទអាទិភាពរបស់លោក Obama។ ទាក់ទងនឹងការបង្កើតការងារវិញ អ្នកកាសែតបានសរសេរថា លោក Mitt Romney បានបង្កើតការងារជាច្រើននៅក្នុងប្រទេសចិន នៅឥណ្ឌា នៅម៉ាឡេស៊ី និងនៅក្នុងប្រទេសសិង្ហបុរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ