កម្ពុជា

រដ្ឋាភិបាល​ប្រើ​​យុវជន​ស្ម័គ្រ​ចិត្ត​ ១.១០០ នាក់​វាស់វែង​ដីធ្លី​ឲ្យ​ប្រជាជន​

ក្រុមយុវជនចូលរួមក្នុងការវាស់វែងចែកដីឲ្យប្រជាជន
ក្រុមយុវជនចូលរួមក្នុងការវាស់វែងចែកដីឲ្យប្រជាជន © RFI លី ម៉េងហួរ

ក្រុមយុវជន​ស្ម័គ្រចិត្ត​ចំនួន ​១.១០០ នាក់​ បាន​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​ ក្នុង​ប្រតិបត្តិការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន​។​ ក្រុមយុវជន​ទាំងនោះ ​ស្លៀក​ខោអាវ​ទាហាន​ប៉ារ៉ា​ មួក​មាន​សញ្ញា​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​។ ​ក្រុមយុវជន​ទាំងនោះ​ នឹង​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម ​ជាមួយ​មន្ត្រី​ជំនាញ​តាម​ភូមិ​ឃុំ​ទូទាំងប្រទេស ​នា​ថ្ងៃទី​២៨​មិថុនា​ខាង​មុខ​។ ​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ប្រកាស​ចាត់​វិធានកា​រ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក ម៉ម សំណង់ដូ​ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ​ដែល​រង​ការចោទ​ប្រកាន់​ថា ​បាន​បំផុស​ប្រជាជន​ឲ្យ​ចាប់​ដី​ បង្កើត​តំបន់​អបគមន៍​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ។

ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជន​ស្ម័គ្រចិត្ត​ ១.១០០ នាក់ ​បាន​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​២៦​មិថុនា​ឆ្នាំ​២០១២​ នៅ​សាលសន្និសីទ កោះ​ពេជ្រ​ ក្នុង​ទីក្រុង​ភ្នំពេញ​។ ​ក្រុមយុវជន ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទទួល​បាន​ការឧត្ថ​ម្ភ​គាំទ្រ​ទាំង​ថវិកា និង​សម្ភារៈ​ ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ ក្រុមយុវជន​ទាំងនោះ នឹង​ត្រូវ​ចេញដំណើរ​ចុះ​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន ​នៅ​ទូទាំង​ប្រទេស​ជាមួយនឹង​មន្ត្រី​ជំនាញ​ នា​ថ្ងៃទី២៨​មិថុនា​ខាង​មុខ​។

 
ដំណើរ​ទៅកាន់​មូលដ្ឋាន​នោះ​ មិន​កំណត់​រយៈពេល​ទេ ​តែ​ក្រុម​ដំបូង ​ត្រូវ​ចុះ​ទៅ​រយៈពេល ​១ ខែ គិត​ចាប់ពី​ថ្ងៃ​២៨​មិថុនា​។​
​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​មិញ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​បាន​ប្រកាស​ផ្តល់ឲ្យ​នូវ​យុវជន​ស្ម័គ្រចិត្ត​ទាំងនោះ នូវ​ទឹកប្រាក់ ១០០ ដុល្លារ ​ម្នាក់​ព្រមទាំង​ប្រាក់​ចំណាយ​ម្នាក់ៗ​ ៣ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

ប្រតិបត្តិ​ការវាស់វែង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន ​ពេលនេះ​ ធ្វើឡើង​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ថ្ងៃទី​១៤​មិថុនា​ បានប្រកាស​នូវ​នយោបាយ​ចាស់ ​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ​ដែល​ជា​ការដោះស្រាយ​ជម្លោះ​សម្បទានដី​សង្គមកិច្ច ដើម្បី​កាត់​ចែក​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​ ពិសេស​អ្នក​កំពុង​មាន​បញ្ហា​ទំនាស់​ដី ជាមួយ​ក្រុមហ៊ុន​សម្បទាន។​
​ក្នុង​ពិធី នៅ​ព្រឹក​មិញ​ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​ បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ លោក ម៉ម សូណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំ ​ពាក់ព័ន្ធ​នឹង​ការ​បំផុស​ចលនា​ឲ្យមាន​ការចាប់ដី​ខុសច្បាប់​ និង​បង្កើត​ជា​តំបន់​អបគមន៍ ​ពិសេស​ក្នុង​ករណី​នៅ​ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​បាន​មានប្រសាសន៍​ ដោយ​សម្តី​ខ្លាំងៗ​ថា​ រដ្ឋាភិបាល​បន្ត​ចាត់​វិធាន​តាម​ផ្លូវច្បាប់ ជាមួយ​មេខ្លោង ដែល​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។ មេខ្លោង ​នោះ កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ជាមួយ​លោក សួន សេរីរដ្ឋា ​ហើយ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ តាមរយៈ​បង្កើតឲ្យមាន​អំពើ​ហិង្សា​។ ​លោកនាយក​រដ្ឋមន្ត្រី ក៏​ព្រមាន​ដល់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការកាន់​កាប់​ដីធ្លី​ដោយ​ខុសច្បាប់។

ជាមួយនឹង​ប្រសាសន៍​ដូច្នេះ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ មេខ្លោង​ ក្នុង​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​មានឈ្មោះ​នៅក្នុង​ដីកា ​តាម​ចាប់ខ្លួន ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ដី ​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ឲ្យចេញ​មក​សារភាព​។​ បុរស​ទាំង ៥ នាក់​នោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី អះអាងថា ​មាន​ម្នាក់ បាន​ចេញ​មក​សារភាព​ កាលពី​ថ្ងៃ​ទី​១៦​មិថុនា គឺ​មួយ​ខែ​ក្រោយ​ពី​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ បណ្តេញ​ក្រុម​ប្រជាជន ​ដែល​អាជ្ញាធរ ហៅថា ក្រុម​អនាធិបតេយ្យ ចេញពី​ដី​ជម្លោះ ​នៅ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ​កាលពី​ថ្ងៃ​ទី១៦​ឧសភា​ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI