កម្ពុជា

អ្នកច្បាប់​ជួបប្រជុំ​ដើម្បី​បង្កើន​ល្បឿន​តុលាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​

ក្រុមអ្នក​ច្បាប់​មកពី​ក្រសួង​យុត្តិធម៌​ ស្ថាប័ន​តុលាការ​ មន្ត្រី​ពន្ធនាគារ​ និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ជួបប្រជុំ​គ្នា​ នៅ​ព្រឹក​ថ្ងៃទី​៥​ ខែកញ្ញា​នេះ​ ដើម្បី​លើក​ឡើង​ពី​ការ​បង្កើន​ល្បឿន​ ធ្វើយ៉ាងណា​ឲ្យ​តុលាការ​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​ នាំឲ្យ​មាន​ការឃុំ​ខ្លួន​ជន​ជាប់ចោទ​រយៈពេល​យូរ​ នៅក្នុង​ពន្ធនាគារ​។​ កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនោះ ​ជា​ផ្នែក​មួយ​សម្រាប់​កែលំអរ​ដំណើរ​ការ​ប្រព័ន្ធ​យុត្តិធម៌​ ជាពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​រវាង​តុលាការ​ ព្រះរាជអាជ្ញា​ និង​ពន្ធនាគារ។

សិក្ខាសាលា​ស្តីពី​ការលើក​កម្ពស់​កិច្ចសហការ​រវាង​ស្ថាប័ន​តុលាការ​ អយ្យការ និង​ពន្ធនាគារ ​ក្រោម​​ការ​​ឧបត្ថម្ភ​​ពី​​ការិយាល័យ​​ឧត្តម​ស្នងការ​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​កម្ពុជា​​
សិក្ខាសាលា​ស្តីពី​ការលើក​កម្ពស់​កិច្ចសហការ​រវាង​ស្ថាប័ន​តុលាការ​ អយ្យការ និង​ពន្ធនាគារ ​ក្រោម​​ការ​​ឧបត្ថម្ភ​​ពី​​ការិយាល័យ​​ឧត្តម​ស្នងការ​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​កម្ពុជា​​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ស្តីពី​ការលើក​កម្ពស់​កិច្ចសហការ​រវាង​ស្ថាប័ន​តុលាការ​ អយ្យការ និង​ពន្ធនាគារ​ និង​កិច្ចការពារ​សិទ្ធិ​កុមារ​ក្នុង​នីតិវិធី​នៅ​តុលាការ​ រៀបចំ​ដោយ​សាលា​ឧទ្ធរណ៍ ​ក្រោម​ការ​ឧបត្ថម្ភ​ពី​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ និង​អង្គការ​ យូ​នី​សេ​ហ្វ​។

 
សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥​កញ្ញា នៅ​ទីក្រុង​ភ្នំពេញ ជា​ផ្នែក​មួយ ដើម្បី​កែលំអរ​ដំណើរការ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជាពិសេស គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​តុលាការ ​ព្រះរាជអាជ្ញា ​និង​ពន្ធនាគារ​។ នោះ​គឺ​ការ​រិះរក​វិធី ដើម្បី​បង្កើន​ល្បឿន​នៃ​ការជំនុំ​ជម្រះ​ក្តី​ ដែល​កំពុង​តែ​កកស្ទះ ​នៅ​តុលាការ ​ពិសេស​នៅ​តុលាការ​សាលា​ឧទ្ធរណ៍។

ការធ្វើជំរឿន​នៅ​តុលាការ​សាលាឧទ្ធរណ៍ បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ​២០០៩ មាន​សំណុំរឿង​កកស្ទះ ជិត​ដល់ ៣.៤០០ សំណុំរឿង ទាំង​រឿង​រដ្ឋប្បវេណី និង​ទាំង​រឿង​ក្តី​ព្រហ្មទណ្ឌ​។ ក្នុងនោះ សវនាការ​របស់​សាលាឧទ្ធរណ៍ ក្នុង​ល្បឿន​ដូច​សព្វថ្ងៃ គឺ​ការជម្រះ​សំណុំរឿង​កកស្ទះ អាច​នឹង​ប្រើ​ពេល​រហូតដល់​ទៅ ៩ ឆ្នាំ​។
​បទ​បង្ហាញ​របស់​តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​លើកឡើង​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១២ អ្នកជាប់ឃុំឃាំង ដែល​រង់ចាំ​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍ មាន​ចំនួន ១.៤៣៧ នាក់​។

បទ​បង្ហាញ​ដដែល ក៏បាន​លើកឡើង​ថា រយៈពេល​នៃ​ការកកស្ទះ​សំណុំរឿង នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​មិន​ទាន់​ទទួលបាន​ការជំនុំជម្រះ មាន​លើស​ពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំ​ និង​មាន​រឿង​ខ្លះ រហូត​ដល់ ១០ ឆ្នាំ​។​ ​លោក James Heenan តំណាង​ស្តីទី នៃ​ការិយាល័យ​ឧត្តមស្នងកា​រ អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លើកឡើង​ថា ​ការកក់ស្ទះ​សំណុំរឿង ​មិនទាន់​ជំនុំ​ជម្រះ ​នាំឲ្យ​មាន​ការ​ឃុំឃាំង​ជន​ជាប់ចោទ​យូរ​ក្នុង​ពន្ធនាគារ ដែល​នាំឲ្យ​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​វិបត្តិ​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​។​ ចំនួន​ជន​ជាប់​ឃុំ បាន​កើនឡើង​ដល់ ១៥.០០០ នាក់ នៅ​ទូទាំង​ប្រទេស​។

ក៏ប៉ុន្តែ​ប្រធាន​តុលាការ​សាលា​ឧទ្ធរណ៍​ លោក យូ ប៊ុន​ឡេង​ បានឲ្យ​ដឹងថា​ ការលើក​ឡើង​ថា​ មាន​ការឃុំ​ខ្លួន​អ្នកទោស​យូរ ហើយ​សាលា​ឧទ្ធរណ៍ ​មិន​បាន​ចាត់ការ​សំណុំ​រឿង​ ឲ្យបាន​លឿន​ ជា​ដើម​នោះ គឺ​កើត​ចេញពី​ការខ្វះ​ព័ត៌មាន​។

លោក យូ ប៊ុន​ឡេង​ លើក​ឡើងថា​ នៅពេល​នេះ ​តុលាការ​សាលា​ឧទ្ធរណ៍​ បាន​បង្កើន​ល្បឿន​ ជំនុំ​ជម្រះ​សំណុំរឿង​ក្តី​ ដោយ​ក្នុង​មួយឆ្នាំ ​បាន​ប្រហែល​ជា ​១.៦០០ សំណុំរឿង​។ ​ពីមុន​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ ​បាន​តែ​ពី ៧០០ ទៅ ៨០០ សំណុំរឿង​ប៉ុណ្ណោះ​។ ​ប្រសិទ្ធិភាព​ការងារ​កាត់ក្តី​នេះ មក​ពី​ឥឡូវ សាលា​ឧទ្ធរណ៍​ បាន​ផ្ទុក​ឯកសារ​សំណុំរឿង ក្នុង​ប្រព័ន្ធ​ទិន្នន័យ Data Base និង​បាន​បង្កើត​បន្ទប់​សវនាកា​រ​ចំនួន ៣ ដើម្បី​ជំនុំជម្រះ​។​
​យ៉ាងណា​ក៏ដោយ​ លោក យូ ប៊ុន​ឡេង បាន​ទទួល​ស្គាល់ថា ​តុលាការ ក៏​មាន​ចំណុច​ខ្វះខាត ក្នុង​ការចាត់កា​រលើ​សំណុំរឿង ហើយ​ថា មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ នៃ​ការឃុំខ្លួន​ជនជាប់ចោទ​យូរ​ នៅពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI