អ្នករាយការណ៍ពិសេសចុះពិនិត្យសហគមន៍បុរីកីឡា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌីបានទៅមើលការរស់នៅរបស់ពលរដ្ឋសហគមន៍បុរីកីឡានៅព្រឹកថ្ងៃពុធទី៩ឧសភានេះ។ នៅចំពោះមុខពលរដ្ឋដែលកំពុងក្រាញននាលទាមទារយកកន្លែងរស់នៅនោះ លោកស៊ូបេឌីថ្លែងថា លោកមានការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍នោះ។
លោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានទៅមើលការរស់នៅរបស់ប្រជាសហគមន៍បុរីកីឡានៅព្រឹកថ្ងៃពុធនេះ។ ក្នុងសំលៀកបំពាក់អាវសដៃវែង អមដំណើរដោយមន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកកាសែត លោកស៊ូរិយ៉ា ស៊ូបេឌីបានដើរមើលតាមទីកន្លែងស្នាក់នៅរបស់ពលរដ្ឋនៅក្នុងប្លុកបុរីកីឡា។
ពលរដ្ឋអ្នករស់នៅបុរីកីឡាបានរៀបរាប់ប្រាប់អ្នករាយការណ៍ពិសេសអំពីការលំបាករបស់ពួកគេ។
នៅចំពោះមុខប្រជាពលរដ្ឋដែលកំពុងទាមទាររកកន្លែងរស់នៅក្នុងសហគមន៍បុរីកីឡានេះ លោកស៊ូបេឌីបានថ្លែងថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពរស់នៅរបស់ពលរដ្ឋអ្នកទាមទារផ្ទះសម្បែងនៅក្នុងបុរីកីឡានៅពេលនេះ។ លោកស៊ូបេឌីបានអត្ថាធិប្បាយប្រាប់ពលរដ្ឋទាំងនោះថា នេះមិនត្រឹមតែជាបញ្ហាសិទ្ធិមនុស្សតែមួយនោះទេ ប៉ុន្តែវាក៏ជាបញ្ហាមនុស្សធម៌ផងដែរ។ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានសន្យាជាមួយពលរដ្ឋថាលោកនឹងបន្តលើកយកបញ្ហាទាំងនេះទៅជជែកជាមួយរដ្ឋាភិបាលទៀត។ ជាបញ្ហាដែលលោកបានតាមដានជាយូរមកហើយ។
បើយោងតាមញត្តិដែលត្រូវបានប្រគល់អោយលោកស៊ូបេឌីដោយតំណាងពលរដ្ឋអ្នកមិនទាន់បានទទួលបានផ្ទះនោះ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបានផ្ញើលិខិតមួយចុះថ្ងៃទី៣ឧសភាថ្មីៗនេះទៅអោយលោកអភិបាលរាជធានីភ្នំពេញ ក្នុងន័យបញ្ជាអោយដោះស្រាយបញ្ហាបុរីកីឡា និងតំបន់បឹងកក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ