កម្ពុជា

ប្លង់​ដី​ថ្មី​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​លើក​ដំបូង​នៅ​ខេត្ត​ក្រចេះ​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន RFI/Siv Channa

ប្រជាពលរដ្ឋ ៥៦០​គ្រួសារ​នៅ​ក្នុង​ឃុំ​ស្រែ​ចារ និង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ខែ​កញ្ញា​នេះ បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ឬ​ប្លង់​រឹង ចំនួន ៨៩០ ក្បាល​ដី​ពី​លោក​នាយក​រដ្ឋមន្ត្រី។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នឹង​បន្ត​ដំណើរ​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាជន​នៅ​ខេត្ត​បាត់ដំបង​នា​ថ្ងៃ​ទី​៣០​កញ្ញា​ហើយ​ទៅ​បន្ត​ទៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។ ប្លង់​​ដី​ថ្មី​នោះ ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រជាជន ក្រោយពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់ ដឹកនាំ​ដោយ​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ចុះ​វាស់វែង​ដីធ្លី ជូន​ប្រជាជន ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនាឆ្នាំ​២០១២។

ផ្សាយពាណិជ្ជកម្ម

 

​ប័ណ្ណកម្មសិទ្ធិ សម្គាល់​ដីធ្លី ៨៩០ ក្បាលដី ដំបូងបង្អស់ ត្រូវបាន​ផ្តល់​ឲ្យ​ប្រជាជន ៥៦០ គ្រួសារ ក្នុង​ឃុំ​ស្រែ​ចារ និង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ប្លង់រឹង​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ទាំងនោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចែក​ជូន​ប្រជាជន ក្រោយពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត រាប់ពាន់នាក់ ត្រូវបាន​ពង្រាយ ចុះ​វា​ស់វាស់​ដីធ្លី នៅ​ទូទាំង​ប្រទេស ចាប់តាំងពី​ថ្ងៃ​ទី​២៨​មិថុនា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាជន នៅថ្ងៃនេះ គឺជា​ថ្ងៃ​គោះ​ជួង នៅ​ឯ​ស្រុក​ស្នួល ហើយ​លោក​ចាប់ផ្តើម​ការដើរ​ចែក​ប័ណ្ណកម្មសិទ្ធិ ជា​បន្តបន្ទាប់​។ នោះ​គឺ​នៅ​ថ្ងៃ​ទី​៣០​កញ្ញា លោក​នឹង​ចែក​ប័ណ្ណ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់​ដំបង និង​នៅ​កន្លែង ដែល​វាស់វែង​ដីធ្លី​រួចរាល់ បន្តបន្ទាប់​ទៅ​ទៀត​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន បានប្រកាសថា "​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​មិនទាន់​ស្រប​ច្បាប់ ​គឺ​រដ្ឋាភិបាល​ត្រូវ​ធ្វើឲ្យ​ស្រប​ច្បាប់ តាមរយៈ​ការចុះវាស់វែង ធ្វើ​ប្លង់​ដី​កម្មសិទ្ធិ ដល់​ពួក​គាត់​។

​ដី ៣​ប្រភេទ ដែល​រដ្ឋាភិបាល សម្រេច​ឲ្យ​ក្រុមយុវជន​ស្ម័គ្រ វាស់វែង គឺ​ទី​១-​ដីព្រៃ​សម្បទាន​សេដ្ឋកិច្ច​ ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន ហើយ​ប៉ះ​ចំ​ដី​របស់​ប្រជាពលរដ្ឋ​។ ទី​២-​ដី​មាន​ភាព​មិន​ច្បាស់​លាស់​រ​វាង​ប្រជាពលរដ្ឋ និង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​ទី​៣-​ដី​រដ្ឋ ដែល​ប្រជាជន​កាន់កាប់​។

​រីឯ​ដី ២ ប្រភេទ ដែល​មិន​អាច​វាស់វែង ផ្តល់​ប័ណ្ណកម្មសិទ្ធិ​បាន​នោះ គឺ​ទី​១-​ដី​ទំនាស់ រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ហើយ​១​ចំណុច​ទៀត គឺ​អ្នក​ទៅកាន់​កាប់​ទន្ទ្រាន​ដី​ព្រៃ​ថ្មីៗ ដូច​ករណី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​លោក​នាយករដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាល មិន​អាច​វាស់វែងផ្តល់​កម្មសិទ្ធិ​ដល់​ប្រជាជន​បាន​ឡើយ​។​

​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ​ប្លង់រឹង ដែល​ផ្តល់​ឲ្យ​ប្រជាជន ពេលនេះ ត្រូវបាន លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា មាន​ចំណុច​ពិសេស ដែល​មិន​អាច​មាន​នរណា លួច​កន្លែង​បន្លំ​បានទេ ព្រោះ​ក្រដាស​ប័ណ្ណ​នោះ មាន​លក្ខណៈ​ពិសេស ដូច​ក្រដាស់ប្រាក់ ហើយ​មាន​លេច​ចេញ​រូប​ព្រះសឹង្ហា​រ ពណ៌​ក្រហម នៅពេល​សីតុណ្ហភាព​ធ្លាក់​ដល់ ១៧ អង្សារ ហើយ​មួយទៀត នៅពេល​ឆ្លុះ​ពិល គឺ​ឃើញ​រូប​ប្រាសាទអង្គរវត្ត នៅ​កណ្តាល​សន្លឹក​ប័ណ្ណ​នោះ ថែមទៀត​ផង​។

​តាម​លោកនាយក​រដ្ឋមន្ត្រី ឥឡូវនេះ ការបិទ​ផ្សាយបាន​ចំនួន ១៨.១៥១ ក្បាល​ដី​ទៅ​ហើយ​។ តាម​គម្រោង ក្រុមយុវជន​ស្ម័គ្រចិត្ត ត្រូវ​ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ ចែក​ដី​សរុប ទូទាំង​ប្រទេស ប្រមាណ ១.២០០.០០០ ហិកតា និង​មាន​ប្រជាជន​ប្រមាណ ៣៥០.០០០ គ្រួសារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI