អានតួអត្ថបទ
កម្ពុជា

បក្សប្រឆាំង​បន្ត​ជំរុញ​ឲ្យ​បក្ស​កាន់អំណាច​កែទម្រង់ ឝ.ជ.ប

លោក​កឹម​សុខា ​ប្រធានគណបក្សសិទ្ធិមនុស្ស ​និង​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សមរង្ស៊ី
លោក​កឹម​សុខា ​ប្រធានគណបក្សសិទ្ធិមនុស្ស ​និង​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សមរង្ស៊ី RFI/Ly Meng Hour
ដោយ៖ ប៉ែន បូណា
១៧ នាទី

គណបក្សប្រឆាំង​សំខាន់២ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅតែ​បន្ត​ជំរុញ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណបក្ស​ទាំងពីរ​នេះ​បាន​សរសេរ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ផ្លាស់ប្តូរ​សមាសភាព គ.ជ.ប និង​កែប្រែ​នីតិវិធី​មួយចំនួន​ជា​ចាំបាច់។ ប៉ុន្តែ សំណើរ​នេះ​ត្រូវបាន​រដ្ឋាភិបាល និង គ.ជ.ប ចាត់ទុកជា​បទ​ចម្រៀងដដែលៗសម្រាប់​អ្នកចាញ់​ឆ្នោត​តែប៉ុណ្ណោះ និង​មិនបាន​ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​ទេ។

ផ្សាយពាណិជ្ជកម្ម

ទោះបីជា​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២ នេះ​ក៏ដោយ ក៏​គណបក្សប្រឆាំង​ទាំងពីរ​នេះ នៅតែ​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​កែទម្រង់ គ.ជ.ប ដដែល។ នៅ​ក្នុង​លិខិត​រួមគ្នា​មួយ​ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ចុងខែ​សីហា លោក​គង់ គាំ និង​លោក​សឺ​ន ស៊ូ​ប៊ែ​រ ប្រធានស្តីទី​គណបក្ស​ស​ម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​កែទម្រង់​យន្ត​ការរៀបចំ​ការបោះឆ្នោត​នេះ​ជា​ចាំបាច់។ គណបក្សប្រឆាំង​ទាំងពីរ​បានដាក់​ជូន​ក្រសួងមហាផ្ទៃ​នូវ​រូបមន្ត​មួយចំនួន​ដែល​ពួកគេ​ជឿថា​អាច​ធានា​ឲ្យ​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រក្សាបាន​នូវ​អព្យាក្រឹតភាព​របស់ខ្លួន។

រូបមន្ត​ដែល​បក្សប្រឆាំង​ចង់បាន​គឺ សមាសភាព​ដឹកនាំ គ.ជ.ប ជាម​នុស្ស​មិនមែនជា​សមាជិក​បក្សនយោបាយ ឬ​បាន​លាលែង​ពី​បក្សនយោបាយ​រយៈពេល ១០ ឆ្នាំ​មកហើយ។ ចំណែកឯ​សមាសភាព​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ខេត្ត រាជធានី និង​ថ្នាក់ឃុំ​សង្កាត់​វិញ​ត្រូវមាន​សមាសភាព​មកពី​គណបក្សនយោបាយ​ដែលមាន​កៅអី​ក្នុង​រដ្ឋសភា។ បក្សប្រឆាំង​ក៏បាន​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ជ្រើសរើស​បេក្ខជន​ថ្នាក់ដឹកនាំ គ.ជ.ប ដែលមាន​សមាសភាព​ចេញពី​បក្សនយោបាយ​នៅក្នុង​រដ្ឋសភា​ផងដែរ។ គណបក្សប្រឆាំង​ទាំងពីរ​នេះ​ក៏​ធ្លាប់បាន​ព្រមាន​ថា នឹងធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ប្រសិនបើ​គ្មាន​ការកែទម្រង់​គ.ជ.ប ដូចដែល​ពួកគេ​បានទាមទារ​ទេនោះ។

យ៉ាង​ណា​ក៏​ដោយ សំណើ​របស់​បក្សប្រឆាំង​មិន​ត្រូវបាន​គណបក្សកាន់អំណាច​យកចិត្ត​ទុក​ដាក់​នោះ​ទេ។ ពួកគេ​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​បទ​ចម្រៀង​ដដែលៗ​សម្រាប់​អ្នកចាញ់​ឆ្នោត​តែ​ប៉ុណ្ណោះ។ សម្រាប់​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ វា​ជា​ទម្លាប់​ទូទៅ​មួយ​ទៅ​ហើយ​ដែល​គណបក្ស​ចាញ់ឆ្នោត​តែង​ចោទ​ប្រកាន់ គ.ជ.ប ថា លួច​បន្លំ​សន្លឹកឆ្នោត​នោះ។ ចំណែក លោក ឱម យ៉ិនទៀង មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទទួលបន្ទុក​សិទ្ធិមនុស្ស​វិញ​បាន​មើល​ឃើញ​ថា គណបក្សប្រឆាំង​កំពុង​បើក​យុទ្ធនាការ​បំផ្លាញ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។

មន្ត្រី​រដ្ឋាភិបាល ក៏ដូច​ជា​មន្ត្រី គ.ជ.ប ដែរ​បាន​អះអាង​ថា ពហិការ​របស់​បក្សប្រឆាំង​មិន​ចូលរួម​បោះឆ្នោត​នឹង​មិន​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ទេ ពី​ព្រោះ​មាន​គណបក្សនយោបាយ​ជាច្រើន​នឹង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខ។ ប្រតិកម្ម​ទាំង​នេះ​បាន​បង្ហាញ​ថា ការ​ទាមទារ​របស់​បក្សប្រឆាំង​ទំនង​ជា​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ