រុស្ស៊ី

ប៉ូលីស​​ក្រុង​​ម៉ូស្គូ​​ទទួល​​រង្វាន់​​ចំពោះ​ការ​ចេះ​ធានា​​ឲ្យមាន​​សណ្តាប់​​ធ្នាប់​​សង្គម​​

នគរបាល​រុស្ស៊ី​ចាប់​ខ្លួន​អ្នកប្រឆាំង​ពូទីន
នគរបាល​រុស្ស៊ី​ចាប់​ខ្លួន​អ្នកប្រឆាំង​ពូទីន REUTERS/Sergei Karpukhin

ចំពោះ​ការចេះ​ធានា​ឲ្យមាន​សណ្តាប់​ធ្នាប់​សង្គម​នៅពេល​ដែល​រដ្ឋធានី​ម៉ូស្គូ​បោកបក់​ដោយ​បាតុកម្ម​មីទ្ទិញ​ និង​ក្បួន​យាត្រា​នៃ​ពួក​ប្រឆាំង​ ប៉ូលីស​ និង​ យោធាពិសេស ​នៃ​ទ័ព​មហាផ្ទៃ​រុស្ស៊ី​ នឹង​ទទួល​រង្វាន់​លើក​ទឹកចិត្ត​ ពី​រដ្ឋាភិបាល ​ក្នុង​ឆ្នាំ២០១២នេះ​ គឺទឹកប្រាក់​ប្រមាណ​១០០លាន​ដុល្លារ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

 

តាមកាសែត​រុស្ស៊ី​ដ៏ចំណាស់ឆ្នាំ​ដែលមាន​វ័យសឹង​១សតវត្សរ៍​ហើយ​ គឺកាសែត​ Izvestia លេខ​ថ្ងៃនេះ​ចុះផ្សាយ​យោង​ទៅលើ ​ការសម្រេចចិត្ត​របស់​ “គណៈកម្មការ​ពិសេស​នៃ​សភា​ឌូម៉ា​ ខាង​ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​ និង​ផ្នែក​ធានា​សណ្តាប់​ធ្នាប់សង្គម “​ ៖ ​ ទន្ទឹម​នឹង​រង្វាន់​ក្នុង​ទឹកប្រាក់​ ២.៨០០​លាន​រូប្ល​ឬ ប្រមាណ​ ៩០លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១២​នេះ ​សម្រាប់​ដំឡើង​ប្រាក់ខែ​ប៉ូលីស​និង​យោធា​ពិសេស​នៃ​ទ័ពមហាផ្ទៃ​រុស្ស៊ី ​ប្រចាំ​រដ្ឋ​ធានីម៉ូស្គូ​និង​ដែនដី​ខេត្ត​ជុំវិញ​ក្រុងម៉ូស្គូ​ ខាង​រក្សា ​សណ្តាប់ធ្នាប់​សង្គម​ រដ្ឋាភិបាល​នឹង​រំលែក​ទឹកប្រាក់​ ៩.៨០០លាន​រូប្ល​ទៀត​ឬ ​ជាង​ ៣០០លាន​ដុល្លារ។

ជាការ​កត់​សម្គាល់ ​ប្រាក់ខែ​ប៉ូលីស​និង​យោធា​ពិសេស​នៃ​ទ័ពមហាផ្ទៃ​ម៉ូស្គូ​ និង​តំបន់​នៅជុំវិញ​ចាប់ពី​ថ្ងៃ១​មករា​ឆ្នាំ២០១២​នេះមក​ គឺ ​៣៨.០០០រូប្ល​ឬ​ ជាង​១.២០០ដុល្លារ​ក្នុង១ខែ។​ តាម​ការ​បូក​គុណ​ឃើញ​នៃ​ប្រធាន​ ”ក្រុម​ប្រឹក្សា​សម្រប​សម្រួល​សហជីព​ប៉ូលីស”​ លោក​ Mikhail Pashkin ​ក្នុងឆមាស​ទី២​ ឆ្នាំនេះ​ទៅហើយ​ ប្រាក់ខែគេ​ នឹង​ឡើង​ដល់​៥០-៥៥.០០០រូប្ល​ឬ​ពី ១.៦០០​ ទៅ ​១.៨០០​ ដុល្លារ។

មិនតែ​ប៉ុណ្ណោះ ​ពី​ក្នុង​ចំណោម​ប៉ូលីស​និង​យោធា​ពិសេស​នៃ​ទ័ព​មហាផ្ទៃ​រុស្ស៊ី ​ចំនួន​៣០នាក់​ ដែល​រងគ្រោះ​ដោយ​មកពី​ការវាយ​ប្រហារ​ពីខាង​ពួកបាតុករ​ដៃដល់​នៃ​ក្បួនយាត្រា​កាលពី​ថ្ងៃ ៦​ ឧសភា ​ប្រឆាំង​នឹង​ការឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ីវិញ​នៃលោក​ពូទីន​ មាន​៦នាក់​ដែល​របួស​ធ្ងន់ក្រៃ​ បាន​ទទួល​សម្រាប់​គ្រួសារ​គេម្នាក់ៗ​នូវ​លំនៅដ្ឋាន​ក្នុង​ក្រុង​ម៉ូស្គូ​ទៅផង។

គួរនិយាយ​ថា ​ក្នុង​ប្រទេស​រុស្ស៊ី​ជាទូទៅ​ មាន​ប៉ូលីស ​និង​សហការី​ នៃ​អង្គការ​មហាផ្ទៃ​សរុប​ទៅ​ចំនួន​ ១លាន​២សែន​នាក់។​ ហើយពី​ក្នុងនោះ ​ប្រចាំការ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ​គឺ ចំនួន ​១សែន​១ម៉ឺន​នាក់។​ ក្នុង​ក្បួន​យាត្រា​ពួកប្រឆាំង​នៅម៉ូស្គូ​នៅចំថ្ងៃ​បុណ្យជាតិ​រុស្ស៊ី ​ទិវា​១២មិថុនា​កន្លងទៅ​ដែលមាន​បាតុករ​ចូលរួម​ពី​៥ម៉ឺន​ដល់​១សែននាក់​ អាជ្ញាធរ​បាន​ពង្រាយ ​ប៉ូលីស​និង​ទ័ព​ពិសេស​របស់​មហាផ្ទៃ ​ចំនួន​១ម៉ឺន៣ពាន់នាក់​សម្រាប់​ធានា​សណ្តាប់​ធ្នាប់​សង្គម។​ ហើយ​ក្នុង​បាតុកម្ម​របស់​ពួកគេ​លើកនេះ​ ឥតមាន​ឃាត់ខ្លួន​នរណា​ម្នាក់ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI