រុស្ស៊ី

គម្រោង​ច្បាប់​ឆ្ពោះទៅ​” ធ្វើសរសៃ “​ ពួក​ប្រឆាំង​ថែមទៀត​

សភាឌូម៉ា​រុស្ស៊ី​
សភាឌូម៉ា​រុស្ស៊ី​ © កែវ​ ឆាយា

ថ្ងៃនេះ​នៅពេល​រសៀល​ សភាឌូម៉ា​រុស្ស៊ី​នឹងផ្តើម​ពិនិត្យ​មើល​គម្រោងច្បាប់​ដែល​ចាត់ទុក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា ដែល​ទទួល​ហិរញ្ញប្បទាន​ពីបរទេស​ និង​ដែល​ធ្វើ​នយោបាយ​យ៉ាងសកម្ម​ ថាជា ​“ភ្នាក់ងារ​បរទេស”​ តែម្តង។​ គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ​ញ៉ាំងឲ្យ​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ពីខាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅរុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

គម្រោងច្បាប់​នេះ​ ដែល​ដាក់ចេញ​ដោយ​ពួក​អ្នកតំណាងរាស្ត្រ​ខាង​បក្សកាន់​អំណាច​មានភាគ​ច្រើន​ប្រចាំ​នៅក្នុង​សភាឌូម៉ា​ប្រមើលថា ៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ទទួល​លុយ​ឧបត្ថម្ភ​ពីបរទេស​ ហើយ​ដែល​តែង​ជាប់ដៃ​នឹងសកម្មភាព​នយោបាយ ​ត្រូវចុះ​ឈ្មោះខ្លួន​ គឺក្នុង​បញ្ជី​មួយ​ដាច់ដោយឡែក​របស់​ក្រសួង​យុត្តិធម៌​ ហើយ​ទទួល​លក្ខន្តិកៈ​ជា ​“ អ្នកបំពេញ​មុខងារ​ ជាភ្នាក់ងារ​បរទេស

 
គួរកត់សម្គាល់ថា​ ”លុយបរទេស​និង​សកម្មភាព​នយោបាយនេះ​” គឺដៅ​ទៅលើ​អាមេរិក​ដ្បិត​គេនៅ​ចងចាំថា​ កាលពីដើម​ឆ្នាំនេះ ​ពេល​ដែលឯក​អគ្គរដ្ឋទូត​ថ្មី​អាមេរិកាំង​ លោក​ Michael​ McFaul​ ទើប​មក​ដល់​ម៉ូស្គូ​ដើម្បី​បំពេញ​បេសកកម្ម​ការទូត​ខ្លួន​គាត់បាន​ទទួល​ជួបភ្លាម​ភ្លែត​ ជាមួយ​ពួក​អ្នក​តំណាង​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅរុស្ស៊ី ​គឹនៅ​ចំពេល​ដែល​រលក​តវ៉ា​ទល់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​នៅរុស្ស៊ី​ កំពុង​បោកបក់​ពេញ​ទំហឹង​ហើយ​ក្នុង​បាតុកម្ម​មួយ​បែបនេះ​ នៅចំ​កណ្តាល​ក្រុងម៉ូស្គូ ​អ្នកយកការណ៍​នៃ​កាណាល់​ទូរទស្សន៍​រុស្ស៊ី ​NTV​ បានថត​ជាប់​វត្តមាន​នៃ​មន្ត្រី​ប៉ុន្មាននាក់​របស់​ស្ថានទូត​អាមេរិកាំង​ ទាំងសុំ​ឲ្យ​មន្ត្រី​ទាំងនោះ​បញ្ចេញ​យោបល់​ តើគេ​វត្តមាន​នៅទីនោះ ​ដើម្បីអ្វី។​ ប៉ុន្តែ​ គេទាំងនោះ​ខំយក​ដៃបាំង​កាមេរ៉ា​មិនឲ្យ​ថតគេ​ ខ្លះបែរ​ទៅជា​ធ្វើ​គ មិនចេះ​និយាយ​ភាសា​រុស្ស៊ី​ទេ។​ ពេលនោះ​ NTV ​បាន​អត្ថាធិប្បាយថា​ ពួក​អាមេរិកាំង​ដែលជា​ម្ចាស់លុយ​ផ្តល់​ហិរញ្ញប្បទាន​ត្រូវតែ​តាមឃ្លាំមើល​ តើលុយ​នោះ​ចំណាយ​របៀប​យ៉ាងណាដែរ។

មុនដល់​សម័យ​ប្រជុំ​សភា​ឌូម៉ាថ្ងៃនេះ​ ម្សិលមិញ​មាន​ប្រព្រឹត្ត​ទៅ​ “វេទិកា​ចំហ”​ ជាទី​ដែល​ពួក​អ្នក​នយោបាយ​និង​ឥស្សរជន​សង្គម​ នាំគ្នា​បញ្ចេញ​យោបល់​ទៅលើ​គម្រោង​ច្បាប់នោះ ៖

-ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ ខាងបក្ស​កាន់​អំណាច ​មានគ្នាច្រើន​ដល់ទៅ​ ២៣៨នាក់​ គឺគ្រប់គ្រាន់​ពេក​សម្រាប់​អនុម័ត​ឯកសារនោះ ​លោក Vorobiev ​សុំកុំឲ្យ​ផ្តល់​ន័យ​អវិជ្ជមាន​ឡើយ​ ដល់​ពាក្យថា ​“ភ្នាក់ងារ”​ ដ្បិត​ពាក្យនេះ​តែង​ត្រូវគេ​ប្រើជា​ទូទៅ​ទេតើ​ឧទាហរណ៍​ “ភ្នាក់ងារ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង” ​ជាដើម។

-ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ ​ខាង​បក្សជាតិ​និយម​ដែលមាន​គ្នា​ ៥៦នាក់​ ហើយដែល​សាមគ្គី​ជាមួយ​ខ្លឹមសារ​គម្រោង​ច្បាប់នោះ​ លោក Zhirinovski ​ថ្លែងថា​ តាមពិត​គឺតាំង​ពី​យូរមក​ហើយ​ ដែល​ត្រូវអនុម័ត​ច្បាប់​បែបនេះ។

-ចំណែកឯ​ លោកយាយ​ Alexeyeva ​អាយុ៨៥ឆ្នាំ​ ជាអ្នក​តស៊ូ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅរុស្ស៊ី ​តាំងពី​ជំនាន់​សូវៀតមក​ថ្លែងថា​ បើគម្រោង​ច្បាប់នេះ​ នៅតែ​ត្រូវគេ​អនុម័ត​មែន​ នោះ​គាត់នឹង​ស្នើទៅ​ក្រុងវ៉ាស៊ីនតោន​ឲ្យបញ្ជូល​ឈ្មោះ ​តំណាងរាស្ត្រ​រុស្ស៊ី៦នាក់​ដែលជា​ មេ​តាក់តែង​ឯកសារនេះ​ ទៅក្នុង​”បញ្ជីខ្មៅ​នៃ​មន្ត្រីរុស្ស៊ី​៦០នាក់”​ ដែល​ហាមមិនឲ្យ​ធ្វើដំណើរ​ចូល​ស.រ.អា.។

តាមតួលេខ​ក្រសួង​យុត្តិធម៌​បច្ចុប្បន្ន នៅរុស្ស៊ី​មាន​ចុះបញ្ជី​ជាផ្លូវការ​ គឺ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជិត​២សែន​២ម៉ឺន​ពីក្នុងនោះ ​ជាង១សែន​គឺ​អង្គការ​សង្គម ​២ម៉ឺន​៥ពាន់​ គឺអង្គការ​សាសនា​និង​ ១៨៨​ អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បរទេស៕ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI