អន្តរជាតិបន្តបែកបាក់គ្នា ក្នុងពេលដែលការសម្លាប់បង្ហូរឈាមនៅតែបន្តនៅស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បេសកកម្មរបស់អ្នកសង្កេតការណ៍អារ៉ាប់ត្រូវបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ និងត្រូវដាក់របាយការណ៍ជូនសម្ព័ន្ធអារ៉ាប់ នៅចុងសប្តាហ៍នេះ។ កាលពីថ្ងៃអង្គារទី ១៧ មករា ២០១២ ប្រទេសកាតារ ដែលដឹកនាំគណៈកម្មាធិការអារ៉ាប់សម្រាប់ដោះស្រាយវិបត្តិស៊ីរីបានទាមទារ ឲ្យមានអន្តរាគមន៍ទ័ពអារ៉ាប់ ក្នុងប្រទេសស៊ីរីដើម្បីបញ្ចប់អំពើហិង្សា ក្នុងប្រទេសនេះ។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍ទី ១៩ មករា រដ្ឋមន្រ្តីការបរទេសបារាំងបានបដិសេធ មិនយល់ស្របតាមគំនិតស្នើឡើងដោយប្រទេសកាតារ។
លោករដ្ឋមន្រ្តីការបរទេស លោកAlain Juppé មិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យបារាំងប្រឆាំងមិនឲ្យមាន អន្តរាគមន៍បរទេសនៅស៊ីរីទេ ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសបារាំងគ្រាន់តែលើកឡើងថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គេមិនអាចនិយាយពីលទ្ធភាពប្រើកម្លាំងទ័ពបរទេស ដើម្បីអន្តរាគមទៅក្នុងប្រទេសស៊ីរី ដូចដែលគេបានធ្វើកន្លងមក ក្នុងប្រទេសលីប៊ីទេ។ អន្តរាគមន៍ទ័ពបរទេសទៅក្នុងប្រទេសស៊ីរី គឺជារឿងស្មុគស្មាញមួយ ព្រោះសមាជិកក្រុមប្រឹក្សាសន្តិសុខនៅតែមិនទាន់ឯកភាពគ្នា ហើយរុស្ស៊ីបានការពាររដ្ឋាភិបាលរបស់លោកBachar Al Assad មិនឲ្យមានអន្តរាគមន៍ទ័ពក្នុងប្រទេសស៊ីរី។
ប៉ុន្តែ សម្រាប់លោកAlain Juppé បើទោះគេមិនអាចប្រើកម្លាំងទ័ព បារាំង និងប្រទេសអន្តរជាតិដទៃក៏នឹងបង្កើនពិភាក្សា ធ្វើការជាមួយក្រុមប្រឆាំងស៊ីរី ដើម្បី ជួយជំរុញឲ្យក្រុមនេះបង្កើតចេញជារចនាសម្ព័ន្ធច្បាស់លាស់ ធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ីរី។
រហូតមកដល់ពេលនេះ វិបត្តិនយោបាយ និងអំពើហិង្សា នៅស៊ីរី កើតមានរយៈពេល ១០ខែ។ គឺជាវិបត្តិដ៏យូរអង្វែង ដែលធ្វើឲ្យមនុស្សរងគ្រោះស្លាប់ ជាង ៥ពាន់នាក់ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ។
ប្រធានាធិបតីBachar Al Assad នៅតែក្រាញ ស្រឡាញ់អំណាច មិនទទួលដឹងឮពីជីវិតមនុស្សដែលស្លាប់នៅក្នុងការបាញ់បង្រ្កាបរបស់ ទាហានរដ្ឋាភិបាល។ ប្រទេសដែលជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ បែកបាក់គ្នា នៅពេលរុស្ស៊ី គាំទ្រដោយចិន ឥណ្ឌា និងប្រេស៊ីល ប្រឆាំងមិនឲ្យមានសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មលើស៊ីរី និងអន្តរាគមន៍ទ័ពទៅលើស៊ីរី។
ចំណែកសម្ព័ន្ធអារ៉ាប់ ដែលដើរតួនាទីសំខាន់ក្នុងការរកដំណោះស្រាយនៅស៊ីរី ក៏មានការបែកបាក់ផ្ទៃក្នុងដែរ។ ប្រទេសដែលសម្បូរដោយពួកSunnite ចង់ឲ្យមានការដាក់ទណ្ឌកម្មលើស៊ីរី ដោយសារតែរបបស៊ីរីគាំទ្រដោយពួកChiite ដែលជានិកាយ គូប្រឆាំងរបស់ពួកSunnite។ ឧទាហរណ៍ជាក់ស្តែង ប្រទេសកាតារបស់ពួក Sunnite បានទាមទារឲ្យគេបញ្ជូនទ័ពអារ៉ាប់ ទៅបញ្ចប់បញ្ហានៅស៊ីរី ប៉ុន្តែ ការស្នើនេះក៏ត្រូវបានអ៊ីរ៉ាក់ និងអេហ្ស៊ីបជំទាស់។ អ៊ីរ៉ាក់ប្រឆាំង ព្រោះក្រោយការដួលរលំរបស់លោកសាដាម ហ៊ូសេន អ៊ីរ៉ាក់ ត្រូវពួក Chiiteចូលកាន់អំណាចគ្រប់គ្រងប្រទេស ហើយពួកនេះ គឺជាអ្នកគាំទ្ររបបដឹកនាំរបស់ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន។
បើសិនជាសហគមន៍អន្តរជាតិនៅតែខ្វែងគំនិតគ្នា តទៅទៀត មិនរកឃើញដំណោះស្រាយរួមមួយនោះ នោះ វិបត្តិនៅស៊ីរីនឹងនៅមានរយៈពេលវែងតទៅទៀត។ ជាក់ស្តែង រដ្ឋាភិបាលរបស់លោកBachar Al Assad យល់ព្រមឲ្យអ្នកសង្កេតការណ៍របស់សម្ព័ន្ធអារ៉ាប់ បន្តធ្វើការក្នុងប្រទេសខ្លួន គឺដើម្បីបង្ហាញថា ស៊ីរីសហការជាមួយអន្តរជាតិ គឺធ្វើយ៉ាងម៉េចពន្យារពេល ទប់កុំឲ្យមានអន្តរាគមន៍ទ័ព ឬទណ្ឌកម្មអន្តរជាតិ។
ប្រធានាធិបតីស៊ីរី ឆ្លាត ចេះឆ្លៀត យកព្រឹត្តិការណ៍នៅក្នុងពិភពលោកមកធ្វើជាប្រយោជន៍ខ្លួន។ ឧទាហរណ៍ បញ្ហាសេដ្ឋកិច្ចសកលធ្វើឲ្យប្រទេសលោកខាងលិចមិនអាចចំណាយលុយខ្ជះខ្ជាយ លើកម្លាំងទ័ព នៅស៊ីរី។ ម្យ៉ាងទៀត នៅពេលនេះ គេមិនសង្ឃឹមនឹងមានអន្តរាគមន៍ទ័ពពីប្រទេសមហាអំណាចយោធាដូចជាបារាំង អាមេរិក ព្រោះប្រទេសទាំងពីរនេះ កំពុងជាប់រវល់ត្រៀមរៀបចំការបោះឆ្នោត។ ឆ្លៀតក្នុងពេលប្រទេសលោកខាងលិចជាប់រវល់បញ្ហាក្នុងប្រទេសរៀងៗខ្លួន ស៊ីរីឆ្លៀតវាយបង្រ្កាប កាន់តែខ្លាំង ដើម្បីបិទបញ្ចប់ចលនាប្រឆាំងនៅស៊ីរី។
ការវាយបង្រ្កាបបំបិទចោលក្រុមប្រឆាំងស៊ីរីមិនអាចនឹងធ្វើបានទៅ ដោយងាយស្រួល។ ចលនាទាហានស៊ីរី សេរី ធ្លាប់បានប្រកាសហើយថា គេនឹងតស៊ូផ្នែកអាវុធ ប្រសិនបើសម្ព័ន្ធអារ៉ាប់ និងប្រទេសលោកខាងលិច បរាជ័យ មិនអាចអន្តរាគមជួយបញ្ឈប់អំពើហិង្សានៅក្នុងស៊ីរី។ ក្រុមប្រឹក្សាស៊ីរី ដែលដឹកនាំចលនាប្រឆាំងសន្តិភាពវិញ ក៏បានព្រមានដែរ ថា បើមានការបង្រ្កាបខ្លាំង និងគ្មានជម្រើស ប្រជាជនស៊ីរីសាមញ្ញនឹងចូលជាមួយកងទ័ពស៊ីរីសេរី ដែលបានផ្តាច់ខ្លួនពីកងទ័ពរដ្ឋាភិបាល។
បច្ចុប្បន្ននេះ ទាហានស៊ីរីសេរីមានចំនួនប្រមាណ តែ ១ម៉ឺន ៥ពាន់នាក់ ដើម្បីប្រយុទ្ធតទល់នឹងទាហានរដ្ឋាភិបាលដែលមានចំនួនដល់ទៅ ២សែននាក់។ អ៊ីចឹងឃើញថា ខុសពីពេលមុនៗ រដ្ឋាភិបាលស៊ីរីត្រូវប្រឈមនឹងការតស៊ូ របស់ក្រុមប្រឆាំង ដែលទំនងនឹងអាចគាំទ្រដោយចលនាអ៊ីស្លាមនិយមSunniteដែលកំពុងមាន សកម្មភាពខ្លាំង នៅតំបន់អារ៉ាប់។ ការតស៊ូផ្នែកអាវុធក្នុងប្រទេសនឹងធ្វើឲ្យស៊ីរី (ជៀសមិនផុត) ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល បង្ហូរឈាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ