ការកាត់បន្ថយអំណាចបុគ្គលជាគន្លឹះឈានទៅពង្រឹងនីតិរដ្ឋនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកចាត់ទុកក្នុងចំណោមប្រទេសដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងលោក។ ម្យ៉ាងទៀតប្រទេសនេះក៏កំពុងដើរតួនាទីកាន់តែសំខាន់ឡើងនៅលើឆាកអន្តរជាតិ។ប៉ុន្តែទន្ទឹមនឹងនោះកម្ពុជាក៏មានចំណុចអវិជ្ជមានជាច្រើនដែលទទួលរងការរិះគន់ទាំងក្នុងប្រទេសនិងទាំងក្នុងសហគមន៍អន្តរជាតិក្នុងនោះអំណាចបុគ្គលដែលនៅតែមានឥទ្ធិពលខ្លាំងជាចំណោទមួយដែលកំពុងធ្វើឲ្យអំណាចរដ្ឋចុះខ្សោយ។ការកាត់បន្ថយអំណាចបុគ្គលត្រូវគេមើលឃើញថាជាគន្លឹះឈានទៅពង្រឹងនីតិរដ្ឋ។
នៅលើលោកនេះ គ្មានប្រទេសណាមួយដែលមានមេដឹកនាំអាចបំពេញចិត្តមនុស្សគ្រប់គ្នាបាននោះឡើយជាពិសេសទាក់ទងនឹងការប្រើប្រាស់អំណាចរបស់អ្នកដឹកនាំ។ យ៉ាងណាមិញ ចំណុចអវិជ្ជមានដែលកើតចេញពីការដឹកនាំប្រទេសនៅកម្ពុជាមិនមែនជារឿងចម្លែកនោះទេជាពិសេសការដឹកនាំប្រទេសដែលផ្តើមពីចំណុចសូន្យក្រោយសម័យខ្មែរក្រហមគឺជាចំណុចដែលមិនគួរមើលរំលង។ មានប្រទេសមិនច្រើនទេដែលបានឆ្លងកាត់បទពិសោធន៍កសាងប្រទេសក្នុងស្ថានភាពដូចកម្ពុជា។ ដូច្នេះ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលកម្ពុជាទទួលបានសព្វថ្ងៃគឺជាសមិទ្ធិផលគួរឲ្យមោទនៈ។
ក៏ប៉ុន្តែ ប្រទេសនេះប្រហែលជាអាចនឹងដើរចេញពីភាពក្រីក្របានលឿនជាងនេះ ហើយក៏អាចចាក់គ្រឹះប្រជាធិបតេយ្យ និងនីតិរដ្ឋបានរឹងមាំជាងនេះដែរ ប្រសិនបើបញ្ហាមួយចំនួនត្រូវបានកែតម្រូវ។ ក្នុងចំណោមចំណុចអវិជ្ជមានជាច្រើនដែលកំពុងកើតមាន អំណាចបុគ្គលជាបញ្ហាលេចធ្លោជាងគេមួយ។ មានកត្តាពីរដែលធ្វើឲ្យមនុស្សមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជា គឺទី១ប្រាក់ និងទី២អំណាច។ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនឲ្យកាន់តែខ្លាំងគ្មានអ្វីប្រៀបបាន មនុស្សត្រូវការប្រាក់ផង និងអំណាចផង។ ដូច្នេះហើយបានជាអ្នកមានប្រាក់ ប្រើទឹកប្រាក់ដើម្បីទាក់អំណាច រីឯអ្នកមានអំណាច ប្រើអំណាចដើម្បីរកប្រាក់។ មានមនុស្សមិនតិចទេដែលបានសម្រេចគោលដៅទាំងពីរយ៉ាងនេះ ហើយកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមនិងឆាកនយោបាយ។
ជាធម្មតា នៅពេលដែលបុគ្គលមានឥទ្ធិពលខ្លាំង អំណាចរដ្ឋឬនីតិរដ្ឋនឹងចុះខ្សោយជាស្វ័យប្រវត្តិ។ នេះជាស្ថានភាពដែលកម្ពុជាកំពុងជួបប្រទះ។ បញ្ហាពិតជាមិនពិបាកយល់ឡើយ នៅពេលដែលមនុស្សទូទៅងាកទៅស្ងប់ស្ងែង និងកោតខ្លាចអំណាចបុគ្គល ពួកគេនឹងមិនសូវឲ្យតម្លៃទៅលើការគោរពច្បាប់ឡើយ។ រីឯបុគ្គលដែលមានអំណាចទាំងនោះទៀតសោតក៏ងាយនឹងបំពានច្បាប់ខ្លាំងណាស់ដោយសារតែពួកគេដឹងច្បាស់ថា ឥទ្ធិពលរបស់ខ្លួនដែលកើតចេញពីការផ្សំនៃកម្លាំងធាតុទាំងពីរ (គឺប្រាក់ និងអំណាច) ពិតជាគ្មានអ្នកណាអាចយកឈ្នះបានឡើយពីព្រោះថា សូម្បីតែអ្នកអនុវត្តច្បាប់ក៏ស្រវាំងភ្នែកនៅចំពោះមុខឥទ្ធិពលរបស់ពួកគេដែរ។
ក្រុមអ្នកវិភាគនិងតាមដានស្ថានការណ៍នយោបាយប្រទេសកម្ពុជាបានមើលឃើញថា បច្ចុប្បន្នអំណាចបុគ្គលនៅតែមានតទ្ធិពលយ៉ាងខ្លាំងនៅឡើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យមនុស្សស្មើភាពគ្នាចំពោះមុខច្បាប់យ៉ាងណាក៏ដោយ។ អ្នកក្រីក្រមានវាសនាខុសពីអ្នកមានប្រាក់ និងមានអំណាច នៅពេលប្រព្រឹត្តខុសច្បាប់ដូចគ្នា។ អ្នកក្រីក្រតូចតាច មិនងាយយកឈ្នះខាងផ្លូវច្បាប់ទៅលើអ្នកមានឥទ្ធិពលបានទេបើទោះបីជា ពួកគេជាអ្នករងគ្រោះក៏ដោយ។ ទាំងនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា អំណាចបុគ្គលនៅតែមានឥទ្ធិពលខ្លាំង ហើយវាបាននិងកំពុងធ្វើឲ្យអំណាចរដ្ឋចុះខ្សោយ។ ចំណុចនេះក៏មិនពិបាកមើលដែរ៖ នៅក្នុងស្ថាប័នសាធារណៈនីមួយៗ ថវិការបស់រដ្ឋមានភាពអត្តខាត់យ៉ាងខ្លាំង ខណៈដែលមន្ត្រីរាជការជាន់ខ្ពស់មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងហ៊ឺហា។ នេះសបញ្ជាក់ថា បុគ្គលពិតជាមានលុយ និងមានអំណាចខ្លាំងជាងរដ្ឋ ហើយវាមិនមែនជាសញ្ញាល្អឡើយ។
សរុបមកវិញ ការពង្រឹងអំណាចរដ្ឋឬនីតិរដ្ឋ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ចាំបាច់ពីព្រោះថា ប្រទេសមួយដែលរឹងមាំនិងមានស្ថិរភាព ទាល់តែប្រទេសនោះមានខឿនសេដ្ឋកិច្ចរឹងមាំ និងមាននីតិរដ្ឋពិតប្រាកដ ពោលគឺគ្រប់គ្នាស្មើភាពនៅចំពោះមុខច្បាប់។ ដើម្បីឈានទៅសម្រេចគោលដៅនេះ ការកាត់បន្ថយអំណាចបុគ្គលត្រូវគេមើលឃើញថាគឺជាគន្លឹះសំខាន់បំផុតមួយដែលត្រូវចាប់ផ្តើមធ្វើមុនគេ។ នៅពេលដែលមនុស្សគ្រប់គ្នាគោរពកោតខ្លាច និងអនុវត្តច្បាប់ ជំនួសឲ្យការកោតខ្លាចបុគ្គល នោះហើយជានីតិរដ្ឋ និងជាជោគជ័យនៃ នយោបាយដឹកនាំប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ