លីប៊ី​បដិសេធ​ថា មិនបាន​រំលោភ​បទ​ឈប់បាញ់​របស់​អង្គការ​សហប្រជាជាតិ

សំឡេង ០៧:៤៦
ប្រធានាធិបតី​បារាំង​ និង​ប្រមុខការទូត​អាមេរិក​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ លើ​ករណី​លីប៊ី នៅទីក្រុង​ប៉ារីស នៅថ្ងៃ​សៅរ៍​ទី ១៩ មីនា ២០១១
ប្រធានាធិបតី​បារាំង​ និង​ប្រមុខការទូត​អាមេរិក​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ លើ​ករណី​លីប៊ី នៅទីក្រុង​ប៉ារីស នៅថ្ងៃ​សៅរ៍​ទី ១៩ មីនា ២០១១ REUTERS/Benoit Tessier

ប្រជាជន​នៅទីក្រុង​បិនហ្គាហ្ស៊ី ​បាន​រត់ចេញពីផ្ទះសម្បែង នៅថ្ងៃសៅរ៍ទី ១៩ មីនានេះ បន្ទាប់ពី មាន​ការផ្លោងផ្ទុះដាក់​ទីតាំង​របស់​ក្រុម​ប្រឆាំង។ រដ្ឋាភិបាល​លីប៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​បើកប្រតិបត្តិការ​យោធា និង​មិនបាន​រំលោភ​បទ​ឈប់បាញ់ទេ។ លីប៊ីបាន​ប្រកាស​គោរពបទ​ឈប់បាញ់ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត វិជ្ជមាន​លើ​សេចក្តីសម្រេច​ដោះស្រាយ​វិបត្តិ​នៅ​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ១៨ មីនា ទីក្រុង​ទ្រីប៉ូលី​បាន​ប្រកាស គោរពធ្វើ​បទ​ឈប់បាញ់ តាមសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ ក្រុម​ប្រឆាំង​បាន​និយាយ​ថា ទ័ព​រដ្ឋាភិបាល​នៅ​បន្ត​វាយ​លុក និង​ផ្លោង​មក​លើ​ទីតាំង​របស់​ខ្លួន និង​ទីប្រជុំជន នៅ​ទីក្រុង​បិនហ្គាហ្ស៊ី។ ថ្ងៃសៅរ៍នេះ ទៀត នៅទីក្រុង​បិនហ្គាហ្ស៊ី យន្តហោះ​របស់ក្រុមប្រឆាំង​ត្រូវ​ទាហាន​ស្ម័គ្រ​លោកកាដាហ្វ៊ី​បាញ់​ទម្លាក់។

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ព្រមាន នៅថ្ងៃសុក្រ​ម្សិលមិញ ​ថា នឹង​មាន​ប្រតិបត្តិការ​យោធា​នៅលីប៊ី ប្រសិន​បើ​របប​កាដាហ្វ៊ី​នៅ​បន្ត​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល។ មេដឹកនាំ​ប្រទេស​ធំៗ ដូចជា​បារំាង អង់គ្លេស អាល្លឺម៉ង់ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​មេដឹកនំា​សម្ព័ន្ធ​អារ៉ាប់ ជួបពិភាក្សា​គ្នា នៅក្នុង​កិច្ច​ប្រជុំកំពូល​អន្តរជាតិ​ស្តីពី​លីប៊ី នៅ​ថ្ងៃ​សៅរ៍នេះ។ បើតាម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ បារាំង អង់គ្លេស និង​អាមេរិក​បាន​ប្រកាស​ដាក់​ឱសាទវាទ​ដល់​លោក​កាដាហ្វ៊ី ឲ្យ​គោរព​បទឈប់បាញ់។ គេ​បាន​កំណត់​លក្ខខណ្ឌនានា​ស្តីពី​អន្តរាគមន៍​យោធា។ គេ​រំពឹង​ថា បន្ទាប់ពីកិច្ចប្រជុំ​កំពូល​នៅប៉ារីស ប៉ុន្មាន ម៉ោង ប្រតិបត្តិការ​យោធា​អន្តរជាតិ​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅ​លីប៊ី។

ទីក្រុង​ទ្រីប៉ូលី​ឯណោះវិញ​បាន​ព្រមាន​ថា សហគមន៍​អន្តរជាតិ​នឹង​សោកស្តាយ ប្រសិន បើ​ធ្វើ​អន្តរាគមន៍​យោធា​បរទេស​នៅលីប៊ី។ ក្នុង​លិខិត​សរសេរ​ទៅកាន់​ប្រធានាធិបតី​អាមេរិកាំង លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​បារាំង លោក​នីកូឡា​សាកូហ្ស៊ី និង​នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​កាដាហ្វ៊ី​បាន​និយាយ​ថា ប្រជាជន​លីប៊ី​នៅគាំទ្រ​គាត់ និង​សុខចិត្ត​ស្លាប់​ដើម្បីគាត់។ រដ្ឋមន្រ្តី​ការបរទេស​លីប៊ី​បាន​និយាយ​នៅថ្ងៃ​នេះ​ដែរ​ថា ប្រជាជន​បាន​ស្ម័គ្រចិត្ត ​ធ្វើ​ជា​ខែល​ការពារ​ការបាញ់គ្រាប់​ពី​ទ័ពបរទេស។ ទីក្រុង​ទី្រប៉ូលី ក៏​បាន​ស្នើ​ផងដែរ​ឲ្យ​អង្គការ​សហប្រជាជាតិ​ចុះ​មក​តាមដាន​ពិនិត្យ​មើល​បទ​ឈប់បាញ់ នៅក្នុង​ប្រទេស។ រដ្ឋាភិបាល​លីប៊ី​ចោទ​ក្រុមប្រឆាំងថា ជាអ្នកញុះញង់​បង្ក​ឲ្យ​មាន​ការបាញ់​ប្រហារ​ដើម្បី​ទាមទារ​ឲ្យ​ទ័ព​អន្តរជាតិ​ធ្វើ​អន្តរាគម​នៅលីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI