អានតួអត្ថបទ
លីប៊ី-អ.ស.ប

អង្គការសហប្រជាជាតិ​ប្រគល់​អាសនៈ​លីប៊ី​ទៅឲ្យ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី

លោក Moustapha Abdeljalil ប្រធាន CNT
លោក Moustapha Abdeljalil ប្រធាន CNT REUTERS/Esam Al-Fetori
១៤ នាទី

អាសនៈ​របស់​ប្រទេស​លីប៊ី​នៅ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី ហៅ​កាត់​ជា​ភាសា​បារំាង​ថា CNT។ សេចក្តីសម្រេចចិត្ត​​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក​ប្រធាន CNT Moustapha Abdeljalil មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ញូវយ៉ក។ ទន្ទឹម​គ្នា​នេះ ក៏​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​លោក Moustapha Abdeljalil អាច​ជួប​ជាមួយ​ថ្នាក់ដឹកនំា​ពិភពលោក​ផ្សេង​ទៀត ដូច​យ៉ាង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ជា​ដើម។ ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ដែល​នឹង​ត្រូវ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ស្អែក។

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចចិត្ត​ថ្មី​នេះ​គឺ​ជា​មធ្យោបាយ​មួយ​សម្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ជំហាន​ថ្មី​របស់​លីប៊ី នៅ​ក្រោយ​របប​កាដាហ្វី។ ក្រៅ​ពី​ការ​ប្រគល់​អាសនៈ​លីប៊ី​ទៅ​ឲ្យ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្រេច​លើក​ចេញ​វិញ​មួយ​ភាគ នៃ​​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​ធនាគារកណ្តាល​របស់​លីប៊ី។ ទន្ទឹម​គ្នា​នេះ អង្គការសហប្រជាជាតិ​នឹង​រៀបចំ​បេសកកម្ម​មួយ​ទៅ​កាន់​ប្រទេស​លីប៊ី​រយៈពេល ៣ខែ ដើម្បី​ជួយ​រដ្ឋអំណាច​ថ្មី​លីប៊ី​ក្នុង​ការ​រៀបចំ​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី និង​រៀបចំ​ការ​បោះឆ្នោត។

ចំណែក​ទ័ណ្ឌកម្ម​លើ​គ្រឿងសព្វាវុធ​ត្រូវ​បាន​បន្ធូរបន្ថយ​សម្រាប់​អាវុធ​ធុនស្រាល​ដែល​បម្រើ​ឲ្យ​ការ​រក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម។ រីឯ​តំបន់​ហាម​ឃាត់​ផ្លូវអាកាស​វិញ​មិន​ទាន់​បាន​លុប​ចោល​ទេ។ ការ​ហោះហើរ​នៅ​ក្នុង​ដែនអាកាស​លីប៊ី​នឹង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន ដូច​យ៉ាង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​គម្រោង​ហោះហើរ តែ​អាកាសយានដ្ឋាន​ត្រូវ​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​អូតង់។

ក៏​ប៉ុន្តែ វិធានការ​ជា​និមិត្តរូប​នោះ គឺ​ការ​ប្រគល់​អាសនៈ​លីប៊ី​ទៅ​ឲ្យ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ដែល​មាន​លោក Moustapha Abdeljalil ជា​ប្រធាន។ លោក Abdeljalil ដែល​នឹង​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​តំណាង​ឲ្យ​លីប៊ី​ថ្មី​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ញូវយ៉ក។

យ៉ាង​ណា​ក៏​ដោយ មាន​ប្រទេស​អាហ្រ្វិក​ជា​ច្រើន ដូច​យ៉ាង​អាហ្រ្វិក​ខាងត្បូង និង​កុងហ្គោ គីនស្ហាសា​បាន​ប្រឆំាង​នឹង​ការ​សម្រេចចិត្ត​​របស់​អង្គការសហប្រជាជាតិ។ ចំណែក​ប្រទេស​មក​ពី​អាមេរិកខាងត្បូង ដូច​យ៉ាង​វ៉េណេស៊ុយអេឡា​បាន​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ