លីប៊ី

គ្រោះកាច​ថ្មី​សំរាប់​ពួក​ឩទ្ទាម​ក្នុងដំណើរ​រុល​ឆ្ពោះ​ទៅកាន់​Syrte ជា​ទីក្រុង​កំណើត​របស់​លោក​កាដាហ្វី

កងកម្លាំង​បដិវត្តន៍​ត្រូវ​កងទ័ព​លោក​កាដាហ្វ៊ី​វាយ​ឲ្យ​រត់​ថយក្រោយ​វិញ
កងកម្លាំង​បដិវត្តន៍​ត្រូវ​កងទ័ព​លោក​កាដាហ្វ៊ី​វាយ​ឲ្យ​រត់​ថយក្រោយ​វិញ ©REUTERS/Andrew Winning

ពួក​អ្នក​បះបោរ​ពុំ​បាន​សំរេច​ទេ​ក្នុង​ដំណើរ​រុល​ឆ្ពោះ​ទៅ​កាន់​ ទីក្រុង​Syrte​ ។​ផ្ទុយ​ទៅ​វិញ​ ​ ការវាយ​បក​តប-ត​វិញ​របស់​កង​កម្លាំង​ភក្តី​នឹង​លោក​កាដាហ្វី​បាន​ធ្វើ​ឱ្យ​ អាយែរ​ថយ​ក្រោយ​ជា​ច្រើន​គីឡូម៉ែត្រ​ខ្សែ​រណសិរ្ស​ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​២៩​មីនា​។​កង​កម្លាំង​ទ័ព​របស់​លោក​កាដាហ្វី​បាន​ បាញ់​កាំភ្លើង​ធំ​ផ្លោង​ទៅ​លើ​ទីក្រុង​Ben​ Jawad​និង​រុល​ដំណើរ​ទៅ​មុខ​ នៅ​ក្នុង​ទីក្រុង​Misrata​។​នៅ​ចំពោះ​មុខ​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ ​ ពួក​អ្នក​បះបោរ​ស្រែក​អំពាវ​នាវ​សូម​ឱ្យ​កង​កម្លាំង​ទ័ព​ចម្រុះ​អន្តរជាតិ​ កុំ​បោះ​បង់​ចោល​ពួក​គេ​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ពួក​ឩទ្ទាម​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​២៩​មីនា​បាន​ប្រឈម​មុខ​នឹង​តថភាព​ដ៏​ពិបាក​នៃ​សង្គ្រាម​។​គេ​ត្រូវ​បង្ខំ​ចិត្ត​អាយែរ​ថយ​ក្រោយ​មួយ​គីឡូម៉ែត្រ​ម្តង​ៗ​ ក្រោម​សម្ពាធ​នៃ​កង​កម្លាំង​ភក្តី​នឹង​លោក​កាដាហ្វី​ដែល​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​។​អ្នក​បះបោរ​ម្នាក់​និយាយ​ថា​ “​ យើង​រុល​ទៅ​មុខ​ហើយ​យើង​ថយ​ក្រោយ​វិញ​ ​ ពី​ព្រោះ​មាន​ការបាញ់​ពី​កង​រថក្រោះ​និង​គ្រាប់​រ៉ូកែត​។​នៅ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​Ben​ Jawad​ មាន​កង​រថក្រោះ​ដែល​បាញ់​ទៅ​លើ​ទីក្រុង​”​ ។

មាន​រថយន្ត​គិលាន​សង្គ្រោះ​ជា​បន្ទាន់​បើក​បរ​ទៅ​មក​ជា​សញ្ញា​នៃ​ការប៉ះ​ទង្គិច​គ្នា​ខ្លាំង​។​នៅ​ជួរ​មុខ​នៃ​សមរភូមិ​ ​ មាន​ភាព​ច្របូក​ច្របល់​វិះ​តែ​ឡប់​សតិ​ស្មារតី​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​អ្នក​បះបោរ​ ជួន​កាល​ពិបាក​នឹង​យល់​គ្នា​ផង​។​”​ បើ​គ្មាន​ការវាយ​សំពង​តាម​ផ្លូវ​អាកាស​ពី​បក្សសម្ព័ន្ធ​អន្តរជាតិ​ទេ​ ​ នោះ​យើង​នឹង​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ​។​ពីរ​ថ្ងៃ​ហើយ​ដែល​គ្មាន​ការទម្លាក់​គ្រាប់​បែក​សោះ​។​ខ្ញុំ​ចង់​ឱ្យ​លោក​Sarkozy​បន្ត​វាយ​សំពង​ទៅ​លើ​កងទ័ព​របស់​កាដាហ្វី​។​យើង​ជា​ជន​ក្រ​ខ្សត់​ ​ យើង​គ្មាន​អាវុធ​ទេ​។​កាដាហ្វី​មាន​លុយ​និង​អាវុធ​ច្រើន​។​សូម​ឱ្យ​បារាំង​និង​អាមេរិក​ជួយ​ពួក​យើង​ផង​ “​។

នៅ​រសៀល​ថ្ងៃ​ម្សិល​មិញ​ ​ កង​កម្លាំង​ទ័ព​របស់​លោក​កាដាហ្វី​បាន​មក​ដល់​មាត់​ទ្វារ​ស្ថានីយ​បូម​និង​ស្តុក​ទុក​ប្រេងកាត​នៅ​Ras​ Lanouf​។​ពួក​អ្នក​បះបោរ​ត្រូវ​បង្ខំ​ចិត្ត​ដកថយ​។​ចាប់​ពី​អំណើះ​ត​ទៅ​ ​ ទីក្រុង​Syrte​ទំនង​ជា​ស្ថិត​នៅ​ឆ្ងាយ​ពី​គេ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI