លីប៊ី

ទិដ្ឋភាពទូទៅ​​ ក្រោយ​ប្រតិបត្តិការ​យោធា​អន្តរជាតិ​មួយថ្ងៃ

ការ​វាយ​ប្រហារ​អង់គ្លេស​​​និង​សហរដ្ឋ​អាមេរិក​ លើ​លីប៊ី​ ផ្នែក​ជាប់​ឆ្នេរ​សមុទ្ទ​មេឌីទែរ៉ាណេ
ការ​វាយ​ប្រហារ​អង់គ្លេស​​​និង​សហរដ្ឋ​អាមេរិក​ លើ​លីប៊ី​ ផ្នែក​ជាប់​ឆ្នេរ​សមុទ្ទ​មេឌីទែរ៉ាណេ Reuters/Nathan Pappas

ស្រប​តាម​សេចក្តី​សម្រេច​​របស់​អង្គការ​សហប្រជាជាតិ និង​ប្រឈម​មុខ​នឹង​ការ​​រំលោភ​បទ​ឈប់​បាញ់​គ្នា​ពីសំណាក់​កង​ទ័ព​ស្ម័គ្រ​នឹង​មេដឹកនាំ​ផ្តាច់​ការ​ លោក ​កាដាហ្វ៊ី កងទ័ព​សម្ព័ន្ធ​មិត្ត​ បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក​បាន​បើកយុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ និ​ងបាញ់​មីស្ស៊ីល លើ​ប្រទេស​លីប៊ី ដើម្បីការពារ​ជន​ស៊ីវិល នៅ​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​លោក​ប្រធានាធិបតី​អាមេរិក ប្រែ​សម្រួល​ដោយ វីនស្តុន រតនា

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ សំឡេង​ផ្ទុះ និង​​ស្នូរ​បាញ់​មីស្ស៊ីល​ការ​ពារ​​ផ្ទៃ​អាកាស​បាន​លាន់​ឮ​ឡើង​តាំ​ង​ពី​ព្រហាម​នៅ​ក្រុង​ទ្រីប៉ូលី។ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​សកម្មភាព​​ជា​ទ្រង់ទ្រាយ​ធំ​អ្វី​ទេ​នៅ​យប់​មិញ។

មាន​តែ​នៅ​ថ្ងៃ​ម្សិលមិញ​រសៀល​ទេ ​​ដែល​កងទ័ព​សម្ព័ន្ធ​មិត្ត​បានចេញ​ធ្វើអន្តរាគមន៍​។​ ដំបូង​គឺ​ការ​វាយ​ប្រហារ​ផ្លូវអាកាស​ ដោយ​ទម្លាក់​គ្រាប់​ទៅ​លើ​តំបន់ បិនហ្កាហ្ស៊ី ដើម្បីការពារ​បណ្តា​ជន​ស៊ីវិល... នាវា​ចម្បាំង​ និង​នាវា​មុជ​ទឹក​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ បាន​បាញ់​គ្រាប់​មីស្ស៊ីល​សរុប​ប្រមាណ​ជាង​១១០​គ្រាប់​ ទៅ​លើ​ទីតាំង​របស់​ពួក​យោធា​ស្ម័គ្រ​ មេដឹក​នាំ​លីប៊ី កាដាហ្វ៊ី ចំនួនជាង​​២០​កន្លែង​។

លោក ​នីកូឡា សាកូហ្ស៊ី​ បង្ហាញ​យុទ្ធសាស្ត្រ​​របស់​កងទ័ព​សម្ព័ន្ធ​មិត្ត​ នៅ​លីប៊ី ប្រែ​សម្រួល​ដោយ​ វីនស្តុន​ រតនា

មូលដ្ឋាន​ទ័ព​អាកាស​​នៅ មីទីហ្កា ជិត​ទីក្រុង​ទ្រីប៉ូលី បន្ទាយ​ទាហាន​ អាហ្ស៊ីហ្ស៊ីយ៉ា ដែល​ជា​ផ្នែក​មួយ​នៃ​រូង​ការពារ​របស់​កាដាហ្វ៊ី គឺ​ជា​ផ្ទាំង​ស៊ីប​នៃ​គ្រាប់​មីស្ស៊ីល​របស់​កង​កម្លាំង​សម្ព័ន្ធ​មិត្ត។

មាន​ការ​ខូច​ខាត​ផ្នែក​សម្ភារៈ​ធ្ងន់ធ្ងរ​ណាស់​ នៅ​ក្រុង​មីស្រាតា ភាគ​ខាង​កើត និង​នៅ​ស៊ីត្រ ក្រុង​កំណើត​របស់​លោក​កាដាហ្វ៊ី។

កម្មវត្ថុ​ចំបង​នៃ​យុទ្ធនាការ​នេះ គឺ​​បំផ្លាញ​ឲ្យ​​អស់​ដាន ពិស ប្រព័ន្ធ​ទូរគមនាគមន៍​ ប្រព័ន្ធ​រ៉ាដា ប្រព័ន្ធ​មីស្ស៊ីល​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ។

ក្រោយ​យុទ្ធនាការ​លើក​ទី​មួយ​នេះ ប្រព័ន្ធ​ការ​ពារ​អាកាស​របស់​រដ្ឋាភិបាល​​កាដាហ្វ៊ី​ទទួល​រង​ការ​ខូច​ខាត​ជា​ទម្ងន់។ នេះបើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក។

​នៅ​ផ្ទាល់​នឹង​កន្លែង​វិញ ពេល​នេះ លោក កាដាហ្វ៊ី នៅ​តែ​ខ្លាំង និង​កំពុង​តែ​សាក​ល្បង​ប្រមូល​ជន​ស៊ីវិល​ឲ្យ​មក​ការ​ពារ​បុព្វហេតុ​របស់​ខ្លួន ប្រុស​ស្រី ក្មេង​ចាស់ កុមារ ត្រូវ​បាន​កោះ​ ប្រមូល​មក​ផ្តុំ​គ្នា​នៅ​តាម​ព្រលាន​យន្ត​ហោះ នៅ​គេហដ្ឋាន​​របស់​ខ្លួន​ មក​ធ្វើ​ជា​ខែល​មនុស្ស​ការពារ​ប្រឆាំង​ទប់​នឹង​មីស្ស៊ីល​របស់​​កងទ័ព​សម្ព័ន្ធ​មិត្ត។

មូអាម៉ារ កាដាហ្វ៊ី​ពេល​នេះ កំពុង​តែ​លេង​ល្បិច​ជាតិ​និយម និយាយ​អំពី​ការ​ឈ្លានពាន​របស់​បរទេស។ ទូរទស្សន៍​ជាតិ​លីប៊ី​បាន​ប្រកាស​រួច​មក​ហើយ​ ​ល្ងាច​មិញ​ថា​ ​ជន​ស៊ីវិល​​ ​ជា​ផ្ទាំង​ស៊ីប​ និង​មាន​ស្លាប់​អស់​៤៨​នាក់ហើយ។ ជា​សរុប​ លោក​ កាដាហ្វ៊ី​ កំពុង​បំផុស​គំនិត​ថា​ប្រជាជន​ប្រឆាំង​នឹង​យុទ្ធនាការរបស់​កងទ័ព​សម្ព័ន្ធមិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI