លីប៊ីកំពុងផុងខ្លួនកាន់តែជ្រៅ ទៅក្នុងវិបត្តិនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តំាងពីថ្ងៃអង្គារ ទី១១ មីនាមក កន្លែងកៅអីនាយករដ្ឋមន្រ្តីលីប៊ីត្រូវបានអង្គុយជាបណ្តោះអាសន្នដោយលោករដ្ឋមន្រ្តីក្រសួងការពារជាតិ អាប់ដាឡា អាល់តេនី (Abdallah al-Theni)។ នេះក៏ដោយសារ លោកនាយករដ្ឋមន្រ្តីអាលី ហ្សេដាន (Ali Zeidan) ទើបត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត បាត់ទៅហើយ ជាមួយនឹងសម្លេងគំាទ្រចំនួន ១២៤សម្លេងក្នុងចំណោមសមាជិកសភាទំាង ១៩០នាក់ដែលមាននៅក្នុងរដ្ឋសភាលីប៊ីសព្វថ្ងៃ។ ហេតុផលនៃការដកតំណែងលោកអាលី ហ្សេដានពេលនេះ គឺជាសក្ខីកម្មមួយបញ្ជាក់យ៉ាងច្បាស់ពីការដែលលីប៊ីបាន និងកំពុងផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។
ជិត ១ឆ្នំាកន្លះកន្លងមកហើយដែលលោកអាលី ហ្សេដានបានឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តីនៅក្នុងប្រទេសមួយដែលទើបឆ្លងកាត់បដិវត្តន៍ផ្តួលរំលំរបបផ្តាច់ការរបស់លោកមូអំាម៉ា កាដាហ្វី។ តែបញ្ហានៅត្រង់ថា ១៥ខែក្រោយពីបានកាន់តំណែងកំពូលនេះមក លោកអាលី ហ្សេដានមិនបានធ្វើអ្វីទំាងអស់សម្រាប់ប្រទេសជាតិ។ ផ្ទុយទៅវិញ ស្ថានការណ៍ហាក់ដូចជាកាន់តែធ្លាក់ដុនដាបទៅៗ ទំាងផ្នែកនយោបាយ សេដ្ឋកិច្ច និងសនិ្តសុខ។ នៅក្នុងសន្និសីទអន្តរជាតិស្តីពីលីប៊ីរៀបចំក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃទី៦ មីនាកន្លងទៅ ក្រុមប្រទេសលោកខាងលិចក៏ធ្លាប់បានព្រមានលោកអាលី ហ្សេដានឲ្យប្រឹងប្រែងបន្ថែមទៀតដែរ។ តែ ៥ថ្ងៃក្រោយមក ពោលនៅថ្ងៃទី១១ មីនា សភាលីប៊ីក៏បានសម្រេចកំចាត់លោកអាលី ហ្សេដានចេញពីតំណែងតែម្តងទៅ។ សព្វថ្ងៃ និងដោយរង់ចំាការជ្រើសរើសបេក្ខជនថ្មីក្នុងរយៈពេល ២សប្តាហ៍ខាងមុខ កន្លែងលោកអាលី ហ្សេដានត្រូវបានដាក់ជំនួសជាបណ្តោះអាសន្នដោយលោករដ្ឋមន្រ្តីក្រសួងការពារជាតិអាប់ដាឡា អាល់តេនី។
ការដែលសភាបានដកតំណែងរបស់លោកអាលី ហ្សេដានពេលនេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ផ្ទុយទៅវិញ វាជារឿងមួយដែលគ្រប់គ្នាបានទន្ទឹងរង់ចំាទៀតផង។ នេះក៏ដោយសារថា តំាងពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងថ្ងៃទី១៤ វិច្ឆិកា ឆ្នំា ២០១២ មក អ្នកឯករាជ្យរូបនេះបានបាត់បង់ប្រជាប្រិយភាព និងបានទទួលរងការរិះគន់ ទិតៀនកាន់តែខ្លំាងឡើងៗ ទំាងពីក្រុមអ្នកនយោបាយដូចគ្នា ក៏ដូចជាប្រជាជនលីប៊ីនៅគ្រប់ស្រទាប់វណ្ណៈ។ រិះគន់ ទិតៀនពីភាពទន់ខ្សោយ និងអសមត្ថភាពក្នុងការដឹកនំាប្រទេសរបស់លោក ពិសេស អសមត្ថភាពក្នុងការធានាសន្តិសុខប្រឈមមុខនឹងការឡើងឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ក្រុមឧទ្ទាមអ៊ីស្លាមនិយមជ្រុល។
ការដុតបំផ្លាញទីស្នាក់ការរបស់ប៉ូលិស សម្លាប់មន្រ្តីច្បាប់ សម្លាប់ជនបរទេស អំពើភេរវកម្មអត្តឃាតតាមរយៈការបំផ្ទុះរថយន្តនៅតាមកន្លែងសាធារណៈ ទំាងនេះសុទ្ធសឹងជារូបភាពដែលបង្កឡើងដោយក្រុមឧទ្ទាម និងដែលរដ្ឋអំណាចទីក្រុងទ្រីប៉ូលីបានត្រឹមតែឈរអោបដៃមើលប៉ុណ្ណោះ។ ចំណែកតំបន់នៅប៉ែកខាងត្បូងប្រទេសដែលស្ថិតឆ្ងាយពីភ្នែកច្រមុះរបស់រដ្ឋអំណាចកណ្តាលវិញ បានបង្កប់ដោយរូបភាពនៃការប្រកាប់ប្រចាក់គ្នារវាងក្រុមជាតិពិន្ធុផ្សេងៗដើម្បីគ្រប់គ្រងចរាចរណ៍ចេញ ចូលនៅតាមបណ្តោយព្រំប្រទល់ដែន។ តើស្ថានការណ៍ទំាងនេះ មិនមែនជាឱកាសល្អសម្រាប់ក្រុមជីហាតក្នុងការចាប់យកអំណាចទេ ឬយ៉ាងណា?
បើងាកទៅប៉ែកខាងកើតដែលជាជង្រុកប្រេងឯណោះ ស្ថានការណ៍រឹតតែធ្លាក់ដុបដាបខ្លំាងថែមទៀត។ តំាងពីជាង ៦ខែកន្លងមកហើយដែលរដ្ឋាភិបាល និងក្រុមឧទ្ទាមដឹកនំាដោយអតីតមេបញ្ជាការកងទ័ពអ៊ីប្រាហ៊ីម ហ្យារ៉ានបានប្រឈមមុខដាក់គ្នាក្នុងការគ្រប់គ្រងតំបន់មាសខ្មៅ។ ជាលើកទីមួយនាពេលថ្មីៗនេះ ក្រុមឧទ្ទាមដែលកំពុងកាន់កាប់អណ្តូងប្រេងចំនួន ៣កន្លែងបានសម្រេចបូមប្រេងលក់ខ្លួនឯង ដោយមិនបានសុំការអនុញ្ញាតពីក្រុមហ៊ុនថាមពលជាតិដែលជារដ្ឋអំណាចស្របច្បាប់តែមួយគត់របស់ប្រទេសនោះទេ។ កប៉ាល់ដឹកប្រេងមួយគ្រឿងដែលមានដោតទង់ជាតិកូរ៉េខាងជើងបានបើកចូលដល់កំពង់ផែលីប៊ី និងបានចាកចេញវិញដោយសុវត្ថិភាពជាមួយនឹងបរិមាណប្រេងពេញកប៉ាល់ទៀតផង។ គឺខុសពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីអាលី ហ្សេដានដែលថា កងទ័ពលីប៊ីបានស្ទាក់បាញ់កប៉ាល់នោះ តែដោយធាតុអាកាសមិនល្អ កប៉ាល់នោះក៏បានបើកគេចផុត រួចឆ្លងចូលក្នុងដែនសមុទ្រអន្តរជាតិតែម្តង។
កន្លងមក ក៏ធ្លាប់មានព្រឹត្តិការណ៍ប៉ុនប៉ងលួចលក់ប្រេងពីសំណាក់ក្រុមឧទ្ទាមដែរ តែមិនដែលទទួលបានជោគជ័យម្តងណាទេ។ គឺប្រឈមមុខនឹងភាពអនាធិបតេយ្យជុំវិញការគ្រប់គ្រងអណ្តូងប្រេងនេះហើយ ទើបសភាបានសម្រេចបង្កើតឲ្យមានកម្លំាងពិសេសមួយដើម្បីវាយរំដោះយកអណ្តូងប្រេងដែលកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមឧទ្ទាម។ តែមកដល់សព្វថ្ងៃ សេណារីយ៉ូមួយនេះនៅតែមិនបានហុចលទ្ធផលអ្វីជាដុំកំភួនទេ ដោយសារតែឥទ្ធិពលខ្លំាងជ្រុលរបស់ក្រុមឧទ្ទាម។ សរុបមក គឺប្រជាជនលីប៊ីឯណោះទេដែលកំពុងជួបវិបត្តិ ព្រោះថា បរិមាណប្រេងដែលលីប៊ីបានបូមចំនួន ២៥០ ០០០ធុងក្នុងមួយថ្ងៃ គឺជាបរិមាណដ៏បំផុតមិនធ្លាប់មានទេ។ ហើយវាក៏ជាលើកទីមួយដែរ ដែលរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីបានប្រាប់ដៃគូអន្តរជាតិថា រដ្ឋកំពុងមានបញ្ហាថវិកា។ នេះពិតជារឿងមួយដែលគេមិនធ្លាប់ឮទាល់តែសោះនៅលីប៊ីក្នុងនាមជាប្រទេសជង្រុកប្រេងកាត។
តើនេះ មិនមែនជាលទ្ធផលដឹកនំាដោយលោកនាយករដ្ឋមន្រ្តីអាលី ហ្សេដានក្នុងរយៈពេល ១៥ខែកន្លងទៅទេ ឬយ៉ាងណា?។ ឥឡូវនេះ និងក្រោយពីការដកតំណែងលោកអាលី ហ្សេដានមក សភាខ្លួនឯងក៏កំពុងរង្គោះរង្គើដែរ។ តាមធម្មតា សភាត្រូវផុតអណត្តិតំាងពីថ្ងៃទី៧ កុម្ភៈកន្លងទៅមកម្ល៉េះ តែត្រូវបានពន្យាពេលបន្ថែមដោយខ្លួនឯងរហូតដល់ខែធ្នូ ឆ្នំា ២០១៤នេះ។
គួរជម្រាបជូនថា ៣ឆ្នំាក្រោយការដួលរលំរបបផ្តាច់ការកាដាហ្វីមក លីប៊ីកំពុងបន្តស្ថិតក្រោមការដឹកនំារបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដោយនៅមិនទាន់បានរៀបចំការបោះឆ្នោតអ្វីទេ។ ក្នុងសម័យអន្តរកាល សភាបណ្តោះអាសន្នត្រូវតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ រួចត្រូវរៀបចំឲ្យមានការបោះឆ្នោតសភា និងប្រធានាធិបតី។ ប៉ុន្តែជាង ១ឆ្នំាកន្លះកន្លងទៅ សភាមិនបានធ្វើអ្វីទំាងអស់។ ផ្ទុយទៅវិញក្នុងរយៈពេល ១ឆ្នំា កន្លះ លីប៊ីស្គាល់តែអំពើហិង្សា អស្ថិរភាពនយោបាយ និងគ្មានទិសដៅអនាគតពិតប្រាកដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ