អានតួអត្ថបទ
លីប៊ី

សំណុំរឿងលីប៊ី​៖ លោក ដូណាល់ ត្រាំ ព្រមាន​​គួកគី​​ថា«​កុំ​ឱ្យ​លូកដៃ​បង្កជម្លោះ​ឱ្យ​កាន់តែធ្ងន់ធ្ងរ​​»

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។​
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។​ Brendan Smialowski / AFP
ដោយ៖ ហេង ឧត្តម
១៦ នាទី

សំណុំរឿង​លីប៊ី, ក្រោយសភាបានបោះឆ្នោតអនុញ្ញាតឱ្យ​មានការបញ្ជូនទ័ពទៅប្រទេសលីប៊ីដើម្បីគាំទ្ររដ្ឋាភិបាលក្រុងទ្រីប៉ូលីមក, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានសមភាគីតួកគីលោក អ៊ែរដូហ្កាន ពីការជ្រៀតជ្រែករបស់បរទេសដែលអាចជះផលវិបាកដល់ស្ថានការណ៍នៅលីប៊ី។ គួរបញ្ជាក់ថា រដ្ឋសភាតួកគី បើកកិច្ចប្រជុំពិសេស ថ្ងៃព្រហស្បតិ៍ទី២មករា បោះឆ្នោតសម្រេចអនុញ្ញាតឱ្យមានការបញ្ជូនទ័ពទៅប្រទេសលីប៊ី ដោយសំឡេងភាគច្រើន ៣២៥សំឡេងយល់ព្រម ទល់នឹង១៨៤បដិសេធ។ ចំណែកសម្ព័ន្ធប្រទេស​បី​នៅ​កៀកសមុទ្រមេឌីទែរ៉ាណេ​, មាន​ អ៊ីស្រាអែល ស្ហ៊ីប និងក្រិក បានបរិហារពីការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ចំពោះអស្ថិរភាពនៅក្នុងតំបន់។ ​

ផ្សាយពាណិជ្ជកម្ម

ប្រធានរដ្ឋ​សភាតួកគី បញ្ជាក់ថា អន្តរាគមន៍​យោធានេះ​​ កម្រិត​រយៈពេល​បឋម អាណត្តិ​សម្រាប់​១ឆ្នាំ។ ភ្លាមៗប្រធានាធិបតី​អាមេរិក បាន​ហៅ​ទួរសព្ទ​ជាបន្ទាន់​ទៅប្រធានាធិបតីតួកគី​ ហើយ​លោក ដូណាល់ ត្រាំ ដាស់​តឿនរម្លឹក​​ប្រាប់​​លោក អ៊ែរដូហ្កាន ថា​«អន្តរាគមន៍​យោធារបស់​បរទេស ​ណាមួយ​ នៅ​លីប៊ី គឺកាន់​ធ្វើ​ឱ្យ​ស្ថានភាព​ប្រទេសលីប៊ី ​កាន់​ធ្លាក់​ក្នុង​សភាព​វឹកវរកាន់តែលំបាក​​ខ្លាំង»។

​ជាការ​រម្លឹក​ ​លីប៊ី​ ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​នៅ​ឆ្នាំ​២០១១ ក្រោយ​ការ​ផ្តួល​រំលំសម្លាប់​​មេដឹកនាំផ្តាច់ការ Mouammar Kadhafi ក្នុង​បដិវត្តពណ៌។  សព្វថ្ងៃ លីប៊ី​ ​កំពុង​ពុះ​ចែក​ជា​ពីរ​ នៅ​ម្ខាង រដ្ឋបាល​ក្រុង​ទ្រីប៉ូលី​ស្របច្បាប់​ ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ  គឺ​ដឹកនាំ​ដោយ​​លោក ​ហ្វាយេ អាល់សារ៉ា​ ហើយ​មាន​ប្រទេស​កាតារ និង​តួកគី​ ​ជាសម្ព័​ន្ធមិត្ត។ ហើយ​​នៅ​ម្ខាងទៀត គឺ​តំបន់​ប៉ែកខាងកើត ​គ្រប់គ្រង​ដោយ​សេនាប្រមុខ ​ខាលីហ្វា ហាវតារ ហើយ​មានប្រទេស​អាមេរិក​​, អារ៉ាប៊ីសាអូឌីត, អេម៊ីរ៉ាត់​អារ៉ាមរួម​ និង​អេហ្ស៊ីប​ ជាខ្នង​​បង្អែក។​

​ថ្ងៃព្រហស្បតិ៍​ទី​២មករា នៅក្រុង​អាតែន, ប្រធានាធិបតី​ក្រិក ក៏បាន​បបួល​ អ៊ីស្រាអែល និង ស៊ីប មក​ចុះ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ការ​ពារ​តំបន់​ខាងកើត​មេឌីទែរ៉ាណេ ពីការ​ឈ្លានពាន​បរទេស។ គោល​បំណង​របស់​​ស្ហ៊ីប អ៊ីស្រាអែល និង ក្រិក គឺគ្មាន​អ្វី​ក្រៅពី​ការពារ​ផលប្រយោធន៍​របស់ក្រុម​ខ្លួនទេ។​​ នោះគឺការ​បូមប្រេង​និង​ឧស្ម័ន​ក្នុង​សមុទ្រ​​​មេឌីទែរ៉ាណេ។ ចំណែក តួកគី ដែល​លូកដៃ​ពី​ត្រើយ​ម្ខាង​សមុទ្រ​​​មេឌីទែរ៉ាណេ​ចូល​មក​លីប៊ី ក៏​រំពឹង​ប្រយោជន៍​ពី​ធនធានធម្មជាតិ​ ជង្រុក​ប្រេង​និង​ឧស្ម័ន នៅ​ភាគ​ខាងសមុទ្រ​​លីប៊ី ​នេះដែរ។

តាម​អ្នក​តាម​ដាន​ស្ថានការណ៍មជ្ឈិមបូព៌ា​និងអាហ្វ្រិក​​, ​ ប្រសិន​បើ​តួកគីធ្វើ​ចលនា​បញ្ជូន​ទ័ព​ចូល​ទឹក​ដី​លីប៊ី​មែននោះ ការ​ផ្ទុះ​ជម្លោះ​ធ្ងន់ធ្ងរ​ ច្បាស់​ជា​ជៀស​មិនផុត។ ​ អនុប្រធានាធិបតី​តួកគី លោក Fuat Oktay បាន​បញ្ជាក់ច្បាស់ថា​ ទ័ព​របស់​តួកគី​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អន្តាគម​គ្រប់​វិនាទី។ ក៏ប៉ុន្តែ ប្រសិ​នបើក្រុម​ទ័ព​​គ្រប់គ្រង​ដោយ​សេនាប្រមុខ ​ខាលីហ្វា ហាវតារ ​នៅ​តំបន់​ប៉ែកខាងកើតលីប៊ី ផ្លាស់ប្តូរ​ឥរិយាបថ ឈប់​វាយប្រហារ​ទីក្រុង​ទ្រីប៉ូលី នៅពេល​​នោះ តួកគី​ ក៏​មិន​លូកដៃ​​។ នេះបើតាមអនុប្រធានាធិបតី​តួកគី។​

សំណុំ​រឿង​លីប៊ី ក៏​មា​នពាក់ព័ន្ធ​នឹង​រុស្ស៊ី​មួយ​ដែរ តែ​រុស្ស៊ី​មិន​នៅ​ខាង​តួកគី​ ដូចសំណុំ​រឿង​ស៊ីរីទេ។ រុស្ស៊ី​នៅ​ខាង​សេនាប្រមុខ ​ខាលីហ្វា ហាវតារ, ដូច​ក្រុម​ខាង​អាមេរិក, ​​អារ៉ាប៊ីសាអូឌីត, អេម៊ីរ៉ាត់​អារ៉ាមរួម​ និង​អេហ្ស៊ីប ដែរ។ នៅ​សប្តាហ៍ក្រោយនេះ​ តាម​គ្រោង​ ​ប្រធានាធិបតីរុស្ស៊ី ពូទីន នឹង​អញ្ជើញ​ទៅ​តួកគី សម្ពោធ​បំពង់​បង្ហូរ​ឧស្ម័ន​ ហើយ​ប្រមុខ​រដ្ឋ​តួកគី​និង​រុស្ស៊ី ប្រាកដ​ជា​ជជែក​ពីសំណុំ​លីប៊ី​នេះ ជាមិន​ខាន​៕​

(ប្រភពពីទីភ្នាក់​ងារ​ព័ត៌មានបារាំង AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ