ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេផ្តាច់ការ​កាដាហ្វី​កាន់តែ​ធ្លាក់ខ្លួន ទាល់ច្រក

សំឡេង ០៧:១៨
Saif Al Islam (ឆ្វេង) កូនប្រុស ទីពីរ និង​លោក​កាដាហ្វី មេដឹកនាំ​លីប៊ី (ស្តាំ)ដែល​រដ្ឋអាជ្ញា​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិចេញ​ដីកា​ចាប់ខ្លួន
Saif Al Islam (ឆ្វេង) កូនប្រុស ទីពីរ និង​លោក​កាដាហ្វី មេដឹកនាំ​លីប៊ី (ស្តាំ)ដែល​រដ្ឋអាជ្ញា​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិចេញ​ដីកា​ចាប់ខ្លួន ©Reuters

នៅថ្ងៃ​អង្គារ ទី ១៧ ខែ​ឧសភា របប​លោក​កាដាហ្វី​បាន​បាត់បង់​សមាជិក​គាំទ្រ​សំខាន់​របស់ខ្លួន​ម្នាក់ ទៀត ដោយ​រដ្ឋមន្រ្តី​ក្រសួង​ប្រេង​បាន​ចាកចេញ​ដោយស្ងាត់​ទៅ​ប្រទេស​ទុយនីស៊ី និង​មិន​បាន​ផ្តល់​ដំណឹង​អ្វី​សោះ​ដល់​រដ្ឋាភិបាល​លីប៊ី។ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ប្រេង​របស់​លីប៊ី​ទំនង​ជា​កំពុង​ដើរចេញ​ពី​លោក​ កាដាហ្វី។ ក្នុង​នយោបាយ​ការទូត ឯណោះវិញ លោក​កាដាហ្វី ​កាន់តែ​ធ្លាក់ខ្លួន​ឯកោ ព្រោះ រុស្ស៊ី​ដែល​ធ្លាប់តែ​ប្រទេស​សម្ព័ន្ធមិត្ត ​បែរជា​ប្រាប់​ឲ្យ​លីប៊ី​ឈប់​បង្ហូរឈាម​ប្រជាជន ស៊ីវិល និង​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខទៅវិញ។

ផ្សាយពាណិជ្ជកម្ម

លោក​Choukri Ghanem ជា​មនុស្ស​សំខាន់​របស់​របប​កាដាហ្វី ដោយ​លោក​តំណាង​ឲ្យ​ពួកកុលសម្ព័ន្ធ​ដែល​កន្លងមក​គាំទ្រ​លោក​កាដាហ្វី។ អាជ្ញាធរ​ទុយនីស៊ី បាន​និយាយ​ថា រដ្ឋមន្រ្តី​ទទួល​បន្ទុក​ខាងប្រេងលីប៊ី​បាន​ចូល​ដោយ​ស្ងាត់ៗ និង​ជាលក្ខណៈ​ឯកជន​មក​ក្នុង​ទឹកដី​ទុយនីស៊ី។ នៅល្ងាច​ថ្ងៃ​អង្គារ គេរាយការណ៍​ថា រដ្ឋមន្រ្តី​ប្រេង​ម្នាក់នេះ​បាន​ចេញ​ពី​ទុយនីស៊ី​ និង​សំដៅ​ទឹកដី​អឺរ៉ុប។

បើសិន​ជាការដើរចេញ​ពី​រដ្ឋាភិបាល​របស់​រដ្ឋមន្រ្តី​ប្រេង​លីប៊ី​ត្រូវ​ បញ្ជាក់​ជា​ផ្លូវការ រដ្ឋមន្រ្តី​រូបនេះ ជា​សមាជិក​រដ្ឋាភិបាល​សំខាន់​ទី​បួន​ដែល​ចាកចេញ​ពី​លោក​កាដាហ្វី ចាប់តាំង​ពីមាន​ការបះបោរ​នៅលីប៊ី កាលពី​ខែ​កុម្ភៈ។ ដំបូងគេ គឺ​​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងក្រសួង​យុត្តិធម៌ ដែល​បាន​ចាកចេញ​ភ្លាមៗ​ពីលោក​កាដាហ្វី បន្ទាប់ពី​ពួកគេ​មិនពេញចិត្ត​នឹង​លោក​កាដាហ្វី ​ដែល​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស។ បន្ទាប់មក ទៀត គឺ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសលីប៊ី លោក​​Moussa Koussaដែល​បាន​ប្រឆាំង​នឹង​ផែនការ​សម្លាប់​មនុស្ស​របស់​លោក​កាដាហ្វី។ លោក​ទើប​សម្រេច​ដើរចេញ​ពីមេដឹកនាំ​របស់ខ្លួន និង​ទៅ​សំងំ​លាក់ខ្លួន នៅ​ក្នុង​ប្រទេស​អង់គ្លេស។

បើ​និយាយ​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ចវិញ ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាប់​ទុក​ទ្រព្យ​សម្បត្តិ​របស់មនុស្ស​សំខាន់ៗ​ របស់​របប​កាដាហ្វី​ប្រាំនាក់ ដែល​ក្នុង​នោះ​មាន​ឈ្មោះ​របស់​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ប្រេង លីប៊ី គឺលោក​Choukri Ghanem។
 

រដ្ឋមន្រ្តី​ក្រសួង​ទទួល​បន្ទុក​ប្រេងលីប៊ី​ដែល​ទើប​ដើរចេញ​ពីលោកកាដាហ្វី​
រដ្ឋមន្រ្តី​ក្រសួង​ទទួល​បន្ទុក​ប្រេងលីប៊ី​ដែល​ទើប​ដើរចេញ​ពីលោកកាដាហ្វី​ ©reuters

ម្យ៉ាងវិញទៀត អ្នកវិភាគខ្លះ​និយាយថា លោក​ Choukri Ghanem ​រដ្ឋមន្រ្តីប្រេង​លីប៊ី បាន​ដើរចេញ​ពីលោក​កាដាហ្វី ដោយសារ​លោក​ខ្លាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋកម្ម​​ដែល​តុលាការ​ អន្តរជាតិ​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត។ លោក​ Choukri ចាកចេញ​ពី​លីប៊ី គឺ​នៅតែ​មួយ​ថ្ងៃ​គត់ ក្រោយ​រដ្ឋអាជ្ញា​បាន​ស្នើ​សុំ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទីក្រុង​ឡាអេ ឲ្យ​ចេញ​ដីកា​ចាប់ខ្លួន លោក​កាដាហ្វី កូនប្រុស ទីពីរ និង​ប្រធាន​ស៊ើបការសំងាត់​លីប៊ី ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ដោយ​សំអាង​ទៅ​លើ​សំណុំឯកសារ ជាង​១២០០ និង​សាក្សី​ជាង ៥០​នាក់ រដ្ឋអាជ្ញា​របស់​តុលាការ​ឡេអេ​បានរកឃើញ​ថា លោកកាដាហ្វី បាន​បញ្ជា​ផ្ទាល់​ឲ្យ​ទាហាន​ប្រើអាវុធ​ទំនើបៗ សម្លាប់ បោសសំអាត​ប្រជាជន​នៅតាម​ផ្ទះ។ រដ្ឋអាជ្ញា​នៅ​និយាយ​ទៀតថា លោក​មាន​ភស្តុតាង គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា ការសម្លាប់​រង្គាល​ពីសំណាក់​ទាហាន​លោកកាដាហ្វី​កំពុង​បន្តមាន​នៅលីប៊ី ហើយ កូនប្រុស​ទីពីរ​លោក​កាដាហ្វី Saif Al islam និង​បងថ្លៃ​កាដាហ្វី​ជា​អ្នក​រៀបចំ​ផែនការ និង​បញ្ជា​ឲ្យ​វាយប្រហារ​ទៅ​លើ​អ្នកដែល​គ្មាន​អាវុធ​ក្នុង​ដៃ។

ទីក្រុង​ទ្រីប៉ូលី​វិញ បាន​និយាយ​ចំអក​ឲ្យ រដ្ឋអាជ្ញា ដោយថា លីប៊ី​នឹង​មិន​ស្ថិតនៅ​ក្នុង​អំណាច​ចំណាត់ការ​របស់​តុលាការ​ ព្រហ្មទណ្ឌអន្តរជាតិ​ទេ ​ពីព្រោះ​រហូត​មកដល់​ពេលនេះ លីប៊ី មិនបាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​ដែល​សម្រេច​ឲ្យ​បង្កើត​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ទោះបី​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​​មាន​អំណាច​ទៅ​លើ​លីប៊ី ប៉ុន្តែ យ៉ាងហោច គេ​សង្ឃឹមថា នេះ​ក៏​ជាដាក់​គំនាប​មួយ​ទៅ​លើ​បក្សពួក លោក​កាដាហ្វី ដើម្បី​ឲ្យ​ពួកគេ​ដើរចេញ រហូត​ធ្វើ​ឲ្យ​អំណាច​លោក​កាដាហ្វី​កាន់តែ​រួមតូចទៅៗ។

ចំណែក​អង្គការ​អូតង់​វិញ កំពុង​បោះត្រាក់ ធ្វើការ​ឃោសនា​ឲ្យ​ប្រជាជន​ចាកចេញ ឲ្យ​ឆ្ងាយ​ពី​ទីតាំង​របស់​ទ័ព​លោក​កាដាហ្វ៊ី។ មេដឹកនាំ​ផ្តាច់ការ​លីប៊ី​ដែល​តែង​តែ​ប្រកាស​ថា លោក​មាន​ប្រជាជន​លីប៊ី គាំទ្រ និង​ព្រមធ្វើ​ជា​ខែលរបាំង​ការពារ​លោក​ពីការវាយប្រហារ​របស់​ទ័ព​លោក​ខាងលិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI