អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីទុយអានី​​ចង់​​រំដោះខ្លួន​​ឲ្យ​​ផុត​​ពី​​មរតក​​សិល្បៈ​​វប្បធម៌​​សូវៀត​

សំឡេង ០៣:៥៥
រូបសំណាកសល់ពីសហភាពសូវៀតនៅលីទុយអានី
រូបសំណាកសល់ពីសហភាពសូវៀតនៅលីទុយអានី
ដោយ៖ កែវ ឆាយា
២២ នាទី

បញ្ហា​នេះ​ចោទ​ជា​ថ្មី​ក្នុង​ឱកាស​ខួប​គម្រប់​៧៥​ឆ្នាំ​នៃ​ការ​ចុះ​កតិកាសញ្ញា​រវាង​ម្ខាង​​​គឺ​របប​ហ្វាស៊ិស្ត​អាល្លឺម៉ង់​ក្រោម​ការ​ដឹកនាំ​របស់​ ហ៊ីត្លែរ​និង​ម្ខាង​ទៀត​គឺ​របប​នៃ​អំណាច​ផ្តាច់ការ​សូវៀត​ស្តាលីន។​ឈ្មោះ​ ឯកសារ​នេះ​គឺ​“កតិកាសញ្ញា​ម៉ូឡូតូវ-រីប្បិនត្រូវ” ដ្បិត​វា​បាន​ត្រូវ​ចុះ​ហត្ថលេខា​ថ្ងៃ​២៣​សីហា​ឆ្នាំ​១៩៣៩ ដោយ​លោក ម៉ូឡូតូវ ជា​រដ្ឋមន្ត្រី ការបរទេស​សូវៀត និង លោក រីប្បេន​ត្រូវ​ជា​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ណាស៊ី​ហើយ​វា​មាន ន័យ​ជា​ការ​ស៊ុមគ្រលំ​គ្នា​ចែក​ទឹកដី​នៅ​អឺរ៉ុប​ខាង​កើត​រវាង​ហ៊ីត្លែរ​និង​ ស្តាលីន។  

ផ្សាយពាណិជ្ជកម្ម

ស្របនឹង​ឯកសារ​នេះ ទឹកដី​មួយ​ភាគ​ធំ របស់​ប៉ូឡូញ ត្រូវ​ធ្លាក់​ទៅ​នៅ​ក្រោម​ការ​កាន់​កាប់ របស់​ហ៊ីត្លែរ ចំណែក​ទឹកដី លីទុយអានី រួម​ជាមួយ​ប្រទេស​២​ទៀត​នៃ​តំបន់​មាត់​សមុទ្រ​បាល់ទិក គឺអេស្តូនី​និង​ឡេតូនី ហៅថា​បី​ប្រទេស​បាល់ទ៏ គឺ​ឆ្លង​មក​នៅ​ក្នុង សមាសភាព​សហភាព​សូវៀត ក្រោម​ការ​គ្រប់គ្រង​របស់​ស្តាលីន។ ក្រោយពី​ចុះ​កតិកាសញ្ញា​នេះ បាន​តែ​មួយ​សប្តាហ៍​សោះ កងទ័ព​ហ៊ីត្លែរ ស្រាប់តែ​ឈ្លានពាន​យ៉ាង​គំហុក ទៅ​លើ​ប៉ូឡូ្ញញ នៅ​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​១៩៣៩​នោះ ផ្ទុះ​ឡើង​ជា សង្គ្រាម​លោក​លើក​ទី​២​នៅ​អឺរ៉ុប ហើយ​ប្រទេស ប៉ូឡូញ ចាប់​យកបាន​ដោយ​ហ៊ីត្លែរមែន។

 
ចំណែក លីទុយអានី អេស្តូនី និង ឡេតូនី បាន​ធ្លាក់​មក​នៅ​ក្រោម​អំណាច​ស្តាលីន គឺ​ក្នុង​ឆ្នាំ ១៩៤០ ប៉ុន្តែ ចាប់ពី​ឆ្នាំ​១៩៤១​មក គឺ​ឆ្លង​ទៅ​នៅ​ក្រោមការ​ត្រួត​ត្រា​របស់​អាល្ឡឹមង់ ទំរាំ កងទ័ព​សូវៀត ចេះ​រំដោះ​បាន​រួច ក្នុង​ឆ្នាំ​១៩៤៤ រួច​បញ្ចូល​មក នៅ​ក្នុង​សហភាព​សូវៀត​វិញ លុះ​រហូត​ដល់​ឆ្នាំ​១៩៩០។

សាច់​រឿង​នៃ​អត្ថបទ​នេះ គឺ​ផ្តោត​ទៅ​លើ មរតក​សិល្បៈវប្បធម៏​បន្សល់​ទុក ជាពិសេស នៅ​លើ ដី លីទុយអានិ ដែល​ទោះបី​បាន​ឯករាជ្យ​ពី​សូវៀត​ក្នុង​ឆ្នាំ​១៩៩០​នោះ​ក្តី ក៏ ត្រូវ​រដ្ឋ​លីទុយអានី ទទួល​រ៉ាប់រង​ថែ​រក្សា​ទេតើ។ យ៉ាងណាមិញ រូប​ចម្លាក់​ទាហាន​សូវៀត​២​រូប ជា​បូជនីយស្ថាន ស្ថិត​នៅ​សង្កាត់​ដែល​ហៅ​ថា” ស្ពានបៃតង “ ក្នុង​ក្រុង​វិលញូស រដ្ឋធានី​លីទុយអានី ត្រូវ​បាន ស្ថាបត្យករ​ដ៏​ល្បីល្បាញ​ជាតិ​លីទុយអានី លោក អូឌ្រូស អំប្រាសាស ស្នើ​ឲ្យ​គ្រប​ពី​លើ ទៅ​ដោយ ទ្រង់​ចម្រឹង​ដែក ក្នុង​ន័យខ័ណ្ឌ អតីតកាល​ដ៏​ល្វីង​ចត់​សម័យ​សូវៀត ពី​បច្ចុប្បន្នកាល​របស់ លីទុយអានី ដែល​បាន​ជ្រើស​យក​មាគ៏ា​អភិវឌ្ឍ​ប្រជាធិបតេយ្យ លុះទាល់តែ​ក្លាយ ជា​សមាជិក សហភាព​អឺរ៉ុប​ផង  បក្ស​សម្ព័ន្ធ​អូតង់​ផង។

តាម​ប្រសាសន៍​លោក​ស្ថាបត្យករ ខ្លឹមសារ​នៃ​សំនើ​គាត់ គឺ​ថា ទ្រង់​ចម្រឹងដែក​នោះ ជា​និមិត្តរូប “ញែក​សង្គម​លីទុយអានី​បច្ចុប្បន្ន ឲ្យ​ឃ្លាត​ចេញ​ពី​អតីតកាល​សូវៀត”។
ពិត​ជា​ខួប​៧៥​ឆ្នាំ​នៃ“កតិកាសញ្ញា ម៉ូឡូតូវ-រីប្បិនត្រូវ” ដែល​ញ៉ាំង ឲ្យ​មជ្ឈដ្ឋាន​ក្រុង​វិលញូស កក្រើក​ឡើង​វិញ ពិភាក្សា​អំពី​វាសនា រូប​ចម្លាក់​ទាហាន​សូវៀត​ពីររូប​នោះ។

ពួក​គណបក្ស​ស្តាំ អំពាវនាវ​ជា​ថ្មីឲ្យ គាស់​រំលើង​រូប​សំណាក​ណា ដែល​ជា​និមិត្តរូប​នៃ ”អតីតកាល​ដ៏​អាម៉ាស” ចេញ​ពី​កណ្តាល​ក្រុងវិលញូស ឬ​មួយ លើក​វា​យក​ទៅ​បញ្ឈរ​ទុក នៅ​ឯ សួន​ឧទ្យាន​ជាយ​រដ្ឋធានី​ទៅ ជាទីដែល​មាន​ប្រមូល​ផ្តុំ​ទៅហើយ រូប​សំណាក​ភាគ​ច្រើន​នៃ​សម័យ​សូវៀត។

ពួក​អភិរក្សនិយម​នៅ​លីទុយអានី ថែម​ទាំង​ចាប់​ផ្តើម​អង្គាស​ទៅ​ហើយ ហត្ថលេខា​អ្នក​ស្រុក ក្រោម​បដ្ឋនាលិខិត​សម្រាប់​ផ្ញើ​ជូន​រដ្ឋាភិបាល​ឲ្យ​ឆូត​រូប​ចម្លាក់​សល់​ពី​ជំនាន់​សូវៀត ចេញពី បញ្ជី​នៃ​មរតក​វប្បធម៏​ទៅ​ក្រោយពី​វា បាន​បង្ហាញ​ឲ្យ​សាធារណៈជន​ឃើញ​អស់​ជាង​៦​ទសវត្សរ៍ មកហើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា នៅ​នឹង​ជើង​រូប​ចម្លាក់​មួយ​បែប​នេះ រដ្ឋអំណាច​ថ្មី​នៅ​លីទុយអានី ថែម​ទាំង​បាន ចារ​ទៅ​ដោយ​ឃ្លា ស្តី​អំពី​អ្នក​ស្រុកជាតិ​លីទុយអានី​ចំនួន​ដល់ ៣០០.០០០​នាក់ បាន​ធ្លាក់​ខ្លួន​រងគ្រោះ ក្រោម​អំណាច​សូវៀត។

សង្កាត់”ស្ពាន​បៃតង” ត្រូវ​គេ​ហៅ​ថា “វិថីសិល្បៈ​នៃ​ក្រុង​វិញូស” ដោយ​ក្នុង​សង្កាត់​នេះ មាន​
រូបសំណាក​៤​ទៀត បែប​យ៉ាង​ឈ្មោះ “ វិស័យកសិកម្ម” ,”ឧស្សាហកម្ម​និង​ស្ថាបត្យកម្ម”,
“ឆ្មាំសន្តិភាព”, “”យុវជនសិក្សា”។

ទោះយ៉ាងណាក្តី ក៏​លោក​ស្ថាបត្យករ អូឌ្រូស អំប្រាសាស ប្តេជ្ញា​បង្ហាញ​គម្រោង​របស់​គាត់ គឺ​ក្នុង​មហោស្រព​អន្តរជាតិ​នៃ​សិល្បៈ ក្រោម​ឈ្មោះ​ថា Vilnius Street Art ដែល​នឹង​ប្រព្រឹត្ត​ទៅ ក្នុង​ខៃ​កញ្ញ​នេះ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ